សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអះអាងថា ទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជានៃវិបត្តិសកល ក៏ដូចជាការរំលោភបំពានពីប្រទេសជិតខាងក្តី សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស និងបន្តស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ៥,២% ក្នុងឆ្នាំ២០២៥។ សម្រាប់ឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងបរិការណ៍ នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយទាំងក្នុងតំបន់ និងសកលលោក
បើតាមការគូសបញ្ជាក់របស់ សម្តេចធិបតី នៅក្នុងរយៈពេល២ខែឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគផ្ទាល់ពីបរទេសរហូតដល់១០៥គម្រោង ជាមួយទុនវិនិយោគជិត១ពាន់លានដុល្លារអាម៉េរិក។ ការអនុម័តគម្រោងថ្មីៗជាបន្តបន្ទាប់នេះបានជំរុញឱ្យចំនួនសហគ្រាស ក្រុមហ៊ុន និងរោងចក្រនៅកម្ពុជាកើនដល់ជាង៤៧,០០០ទីតាំងគិតត្រឹមត្រីមាសទី១ ដែលកំពុងផ្ដល់ដង្ហើមសេដ្ឋកិច្ច និងការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ២,៣លាននាក់។
យ៉ាងណាមិញស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនៅតែបន្តរក្សាការព្យាករវិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា បើទោះជាវិបត្តិប្រេងឥន្ធនៈបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាក៏ដោយ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងកម្រិតវិជ្ជមាន៤,៥% សម្រាប់ឆ្នាំ២០២៦ ប្រសិនបើផលរំខានពីបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាទៅលើទីផ្សារសកលមិនអូសបន្លាយពេលយូរ។ ការព្យាករនេះ ដោយផ្អែកលើការងើបឡើងវិញ នៃវិស័យសេវាកម្ម និងឧស្សាហកម្មមិនមែនកាត់ដេរ។
ដោយឡែកធនាគារពិភពលោក (World Bank) ហាក់មានភាពប្រយ័ត្នប្រយែងជាងមុនក្នុងការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ដោយបានទម្លាក់ការព្យាករសេដ្ឋកិច្ចកម្ពុជាពី៤,៣%មកនៅត្រឹម៣,៩% សម្រាប់ឆ្នាំ២០២៦ មុនរំពឹងថា ងើបឡើងវិញដល់៤,៩% នៅឆ្នាំ២០២៧។ ការទម្លាក់ការព្យាករនេះ ត្រូវបានគេមើលឃើញថា បណ្តាលមកពីសម្ពាធនៃតម្លៃថាមពល និងការធ្លាក់ចុះនៃអំណាចទិញពីទីផ្សារអន្តរជាតិ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តអនុវត្តវិធានការកែទម្រង់មុតស្រួច ដើម្បីធានាថា នាវាសេដ្ឋកិច្ចកម្ពុជានឹងនៅតែអាចពុះពាររលកវិបត្តិ និងរក្សាបាននូវកំណើនប្រកបដោយចីរភាព។
តាមរយៈសារលិខិតអបអរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា ទោះបីភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចពិភពលោកបានបង្ខំឱ្យប្រទេសជាច្រើនផ្អាកការដំឡើងប្រាក់ឈ្នួលក៏ដោយ ប៉ុន្តែកម្ពុជាបានដំឡើងប្រាក់ឈ្នួលអប្បរមាចំនួន២ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបកើនឡើងដល់២១០ដុល្លារអាម៉េរិកក្នុងមួយខែនៅឆ្នាំនេះ។ នេះបានបង្ហាញពីយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការរក្សាតុល្យភាពរវាងការរក្សាស្ថិរភាពផលិតកម្ម និងការគិតគូរពីសុខុមាលភាពរបស់កម្លាំងពលកម្ម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ