ថ្លែងនាពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប ប្រមាណជាង ២ពាន់៥រយនាក់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកវត្តមានរបស់សម្តេចនៅទ្វីបអឺរ៉ុប គឺជាភារកិច្ចមួយក្នុងការគោះទ្វារ ចាប់ដៃ និងដើរទាក់ម៉ូយ ដើម្បីបង្ហាញសក្ដានុពលរបស់កម្ពុជា ដល់ពិភពលោក បណ្ដាថ្នាក់ដឹកនាំ និងអ្នកធុរកិច្ចឲ្យចាប់អារម្មណ៍និងស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី១៥ មករា សម្តេចធិបតី បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគជាច្រើនដូចជាក្រុមហ៊ុនបារាំង VINCI, Sofitel, និងក្រុមហ៊ុន ACCOR Group ជាដើម។
សម្រាប់សម្តេចធិបតី គោលនយោបាយបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានដាក់ចេញដើម្បីធ្វើយ៉ាងណាជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាអាចសម្រេចបានកំណើន៧%ក្នុងមួយឆ្នាំ និងប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ កត្តានេះហើយ ទើបរាល់ពេលមានដំណើរបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសម្ដងៗ សម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែកៀគរវិនិយោគិនឲ្យមកវិនិយោគនៅកម្ពុជា ខណៈនៅប៉ុន្មានខែកន្លងមកនេះកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់។
ក្រៅពីអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី៥៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស សម្ដេច ធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្ដីរំពឹងចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសបារាំង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ផងដែរ។ សម្រាប់សម្តេច ហ៊ុន ម៉ាណែត ទស្សនកិច្ចផ្លូវការរបស់សម្ដេចទៅកាន់ប្រទេសបារាំង គឺជាទស្សនកិច្ចដ៏ពិសេស ដោយសារលោក អេម៉ានុយអែល ម៉ាក្រុង ដែលជាប្រធានាធិបតីបារាំង ជាអ្នកចេញលិខិតអញ្ញើញសម្ដេចដោយផ្ទាល់ ដែលកត្តានេះនឹងជួយធ្វើឲ្យទំនាក់ទំនងទ្វេរភាគីកម្ពុជា-បារាំង កាន់តែប្រសើរថែមមួយកម្រិតទៀត។
គួរបញ្ជាក់ថា ដំណើរបំពេញបេសកកម្មនៅតំបន់អឺរ៉ុប របស់សម្តេចធិបតី ហ៊ុន ម៉ាណែត មានរយៈពេល៦ថ្ងៃ ពោលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ នៅក្នុងបេសកកម្មមូយសប្តាហ៍នៅតំបន់អឺរ៉ុបនេះ សម្តេចធិបតី នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ«ការកសាងឡើង វិញនូវទំនុកចិត្ត» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស និងបំពេញទស្សនកិច្ចនៅប្រទេសបារាំងតបតាមការអញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤៕