សម្ដេច ហ៊ុន សែន ប្រាប់ឲ្យបណ្តាញក្រុមហ៊ុនទូរស័ព្ទ

សម្ដេច ហ៊ុន សែន ប្រាប់ឲ្យបណ្តាញក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធើណេតពង្រឹងសេវារបស់ខ្លួន


សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវការព្រួយបារម្ភចំពោះវិស័យទេសចរណ៍កម្ពុជា និងបានអំពាវនាវឲ្យបណ្តាញក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធើណែតទាំងអស់ ត្រូវពង្រឹងផ្នែកសេវាទូរស័ព្ទ និងអ៊ីនធើណែតរបស់ខ្លួន នៅតាមតំបន់រមណីដ្ឋានទេសចរណ៍នានា ទាំងនៅក្នុងទីក្រុង និងទីប្រជុំបទ ក្នុងគោលបំណងជំរុញទេសចរផ្ទៃក្នុង និងស្ដារវិស័យទេសចរណ៍ឡើងវិញ។
សម្ដេច ហ៊ុន សែន ប្រាប់ឲ្យបណ្តាញក្រុមហ៊ុនទូរស័ព្ទ និងអ៊ីនធើណេតពង្រឹងសេវារបស់ខ្លួន

ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន បែបនេះ បានធ្វើឡើងនាឱកាសសម្ដេចអញ្ញើញជាអធិបតីភាព បិទសន្និបាតបូកសរុបការងារវិស័យទេសចរណ៍ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

ភាពមិនច្បាស់លាស់និងការអូសបន្លាយនៃសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន នៅតែបន្តគំរាមកំហែងដល់វិស័យទេសចរណ៍​កម្ពុជា ដែលទើបនឹងចាប់ផ្ដើមរើបឡើងវិញ ពីវិបត្តិកូវីដ១៩ ។ ស្ថិតក្នុងបរិបទនេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទេសចរផ្ទៃក្នុងបានរួមចំណែកយ៉ាងសំខាន់ ក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍ឡើងវិញ ខណៈពេលដែលកម្ពុជា បានអនុវត្តនូវវិធានការរស់នៅតាមគន្លងថ្មី ជាមួយកូវីដ១៩។ អំឡុងពិភពលោកបាននិងកំពុងឆ្លងរាតត្បាតនូវជំងឺកូវីដ១៩ បានធ្វើឲ្យទេសចរអន្តរជាតិ ដែលចូលមកកម្ពុជា ធ្លាក់ចុះយ៉ាងគំហុក ហើយរហូតមកដល់ពេលនេះចរន្តនៃទេសចរបរទេស នៅតែមានចំនួនតិច នៅឡើយ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានកត់សម្គាល់ឃើញថា ចរន្តទេសចរផ្ទៃក្នុង បានកើនឡើង​គួរឲ្យកត់សម្គាល់ នាអំឡុងវិបត្តិកូវីដ១៩ និងបានរួមចំណែកយ៉ាងធំ ក្នុងការស្ដារវិស័យទេសចរណ៍​កម្ពុជា។ ត្រង់ចំណុចនេះ សម្ដេចក៏បានស្នើឲ្យក្រសួង​ទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ ពិសេសក្រុមហ៊ុន​ទូរស័ព្ទ និងអ៊ីនធើណេត ពង្រឹងផ្នែកសេវារបស់ខ្លួនឲ្យបានប្រសើរ នៅតាមតំបន់ រមណីដ្ឋានទេសចរណ៍ ទាំងក្នុងរាជធានីភ្នំពេញ និងទីជនបទ ដើម្បីទាក់ទាញភ្ញៀវទេសចរ ពិសេសទេសចរផ្ទៃក្នុង តែម្ដង។

ជុំវិញបញ្ហានេះ សម្តេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ទៀតថា កន្លងទៅកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើន ហើយធ្ងន់ធ្ងរជាងគេ គឺវិស័យទេសចរណ៍ ឧស្សាហកម្ម កសិកម្ម និងសេវាកម្មមួយចំនួនទៀត។ បន្ថែមលើបញ្ហាទាំងនេះ បញ្ហាថ្មីក៏បានមកដល់ ដែលអាចបំផ្លាញនូវវិស័យទេសចរណ៍ ថែមទៀតនោះ គឺការចាប់ផ្តើមពីសង្គ្រាម និងទណ្ឌកម្ម បានបង្កើតជាស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយ ដោយសម្តេចបន្តថា បញ្ហាវាមិនមែនត្រឹមចេញពីសង្គ្រាមអ៊ុយក្រែននោះទេ ប៉ុន្តែក៏វាផ្តើមចេញពីទណ្ឌកម្ម ដែលបញ្ហាទណ្ឌកម្មនោះ ក៏បានបង្កើតឱ្យមានចលាចលទីផ្សារនៅទូទាំងពិភពលោក។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការព្រួយបារម្ភផងដែរ ចំពោះការព្រមានជាបន្តបន្ទាប់ពី IMF ដោយសម្ដេចថា ការព្រមាននេះ មិនមែនគ្មានហេតុផលនោះទេ ខណៈកំណើនសេដ្ឋកិច្ចពិភពលោក អាចនឹងធ្លាក់ចុះជាបន្តបន្ទាប់ ហើយអតិផរណានៅតាមបណ្តាប្រទេសនានា គឺមានការកើនឡើង ដែលបញ្ហានេះវាក៏ទាក់ទងជាមួយជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្តាប្រទេស ហើយអាចនឹងធ្វើឲ្យសំបុត្រយន្តហោះឡើងថ្លៃ ១ទៅ២ដង ដែលនេះ គឺជាផលប៉ះពាល់ដែលអាចនឹងបង្កការរំខានដល់វិស័យទេសចរណ៍។

យ៉ាងណាមិញ ដើម្បីចូលរួមស្ដារវិស័យទេសចរណ៍ឡើងវិញ សម្ដេច ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍មួយចំនួនដល់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងនោះរួមមាន៖

-ត្រូវបន្តតាមដាន និងវិភាគស្ថានភាពវិស័យ ទេសចរណ៍កម្ពុជា តំបន់ និងសកលលោកឱ្យបានជាប់ជាប្រចាំ។

-បន្តអនុវត្តកម្មវិធីគាំពារអាជីវកម្មទេសចរណ៍ តាមរយៈការផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធ កម្មវិធីសហហិរញ្ញប្បទាន និងកម្មវិធីផ្តល់ការធានាឥណទាន តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា។

-បង្កើនភាពទាក់ទាញគោលដៅកម្ពុជា សម្រាប់ទីផ្សារ ទេសចរណ៍ជាតិ និងអន្តរជាតិ។ -ត្រូវសិក្សាប្រភពទីផ្សារគោលដៅ ដែលមានសក្តានុពល ពិសេសការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ តាមបែបឌីជីថល និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល។

-ពង្រឹងការអនុវត្តយន្តការអភិបាលកិច្ចទេសចរណ៍ថ្មី ដើម្បីបន្តធានានូវភាពធន់ ក្នុងវិស័យទេសចរណ៍។

-បន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែខ្លាំង ក្នុងក្របខណ្ឌទូទាំងប្រទេស។

-ពង្រឹង និងបង្កើនលទ្ធភាពនៃការតភ្ជាប់មកកាន់កម្ពុជា ទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដើម្បីជំរុញការតភ្ជាប់ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ មកកម្ពុជា។

ទន្ទឹមនោះ សម្ដេចក៏បានលើកឡើងដែរថា កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដូច្នេះ សម្ដេចស្នើឲ្យយកព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ ដាក់ចេញជាយុទ្ធនាការ ទស្សនាកម្ពុជា ឆ្នាំ២០២៣ ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៥០ម៉ឺននាក់ កើនឡើងជិត៤០០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា នៅពេញមួយឆ្នាំ២០២២នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបដល់ក្នុងរង្វង់១លាននាក់ និងទទួលបាន២លាននាក់នៅឆ្នាំ២០២៣ខាងមុខ៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីសម្រេចផ្អាកបញ្ជូនពលករចំណាកស្រុកជាបណ្ដោះអាសន្នទៅកាន់ប្រទេសម៉ាឡេស៊ី

ប្រទេសឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលបានបញ្ឈប់ជាបណ្តោះអាសន្ននូវការបញ្ជូនពលរដ្ឋរបស់ខ្លួនទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រួមទាំងពលករ…

លោកចូ បៃដិនព្រមាននឹងប្រើកម្លាំងយោធាជា «មធ្យោបាយចុងក្រោយ» ដើម្បីហាមឃាត់អ៊ីរ៉ង់កុំឲ្យបង្កើតធអាវុធនុយក្លេអ៊ែរ

នៅក្នុងដំណើរទស្សកិច្ចលើកដំបូងនៅតំបន់មជ្ឈិមបូព៌ា ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) បានព្រមានខ្លាំងៗទៅកាន់អ៊ីរ៉ង់ថា «លោកនឹង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ