នាពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការបញ្ជេញមតិរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការស្នេហាជាតិ និងការបាត់បង់ទឹកដី គឺជារឿងត្រឹមត្រូវ និងជាសិទ្ធិរបស់ពលរដ្ឋ។ ប៉ុន្តែសម្តេចធិបតី អះអាងថា ចំពោះសកម្មភាពកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅ ដែលក្រុមជ្រុលនិយមមួយក្ដាប់តូចយកលេសជ្រកក្រោមសិទ្ធនៃការបញ្ចេញមតិពាក់ព័ន្ធនឹងគម្រោង CLV ទៅជារឿងផ្សេងដែលខុសពីគោលគំនិតដើមរបស់ពលរដ្ឋ ដែលបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនអំពីអនាគតប្រទេសជាតិ ទៅបង្កើតព្រឹត្តិការណ៍ធ្វើបាតុកម្ម ដើម្បីប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងដុតកម្ទេចសេដ្ឋកិច្ចជាតិទៅវិញនោះ គឺជារឿងចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវប្រើប្រាស់ច្បាប់ដើម្បីទប់ស្តាត់ ដើម្បីការពារសិទ្ធិប្រជាពលរដ្ឋទាំងមូល។ ជាក់ស្តែង សម្តេចធិបតី អះអាងថា ការប្រើប្រាស់វិធានការច្បាប់ទប់ស្កាត់ការបង្កអសន្តិសុខចំពោះក្រុមជ្រុលនិយមមួយក្ដាប់តូចដែលបង្កើតព្រឹត្តិការណ៍បាតុកម្មនាពេលនោះ គឺជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ ដើម្បីធានាសុខសន្ដិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋ។
បើតាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា វិធានការទប់ស្កាត់ការបង្កអសន្តិសុខនៅថ្ងៃទី១៨ ខែសីហា កន្លងទៅនេះ មានមនុស្សចំនួន៦៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ៥៧នាក់ ត្រូវបានណែនាំ និងដោះលែងទៅវិញ ខណៈ៩នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
យ៉ាងណាមិញពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋជុំវិញបញ្ហាគម្រោង CLV នេះ សម្តេចធិបតី បានបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ហើយគិតមកដល់ពេលនេះមានប្រជាពលរដ្ឋប្រមាណ៤០ម៉ឺននាក់ បានចូលរួមក្នុងមូលនិធិនេះ ដោយទទួលបានថវិកាប្រមាណ១៩លានដុល្លារ។
សម្តេចធិបតី ចាត់ទុកការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមក្នុងមូលនិធិនេះ បានបង្ហាញពីយុទ្ធនាការជាតិនិយមមួយ ដែលទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានកត់ត្រាប្រវត្តិសាស្ត្រមួយរបស់កម្ពុជា៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ