ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា «អាណត្តិទី៧នេះជាអាណត្តិ ដែលរាជរដ្ឋាភិបាលត្រូវចាប់ហ្រ្វាំង ដើម្បីពិនិត្យមើលវាយតម្លៃ និងពង្រឹង លើសមត្ថភាពការងារ ជាជាងការពង្រីក។
សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យមើល ដើម្បីបង្កើនសមត្ថភាពមន្រ្តី ដើម្បីប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អថែមទៀត។
សូមរំលឹកថា គិតមកទល់ពេលនេះ មានរយៈពេលជាង ២ខែ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧បានចេញដំណើរដឹកនាំប្រទេសកម្ពុជា ព្រមទាំងបានបានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
នៅទូទាំងប្រទេស, ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ,
ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស៕
អត្ថបទ៖ បូ ដូឡា