នាពិធីបើកការដ្ឋានសាងសង់ អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែតនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា ទន្ទឹមនឹងពង្រឹងគុណភាពអគារ និងសម្ភារៈសុខាភិបាល ការពង្រឹងការបណ្តុះបណ្តាលជំនាញទន់ និងរឹងដល់គ្រូពេទ្យឱ្យស្របតាមស្ដង់ដា គឺជាការចាំបាច់មិនអាចខ្វះចន្លោះបាន។ ទោះបីបច្ចុប្បន្នចំនួនគ្រូពេទ្យនៅកម្ពុជាមានការខ្វះខាតក៏ពិតមែន តែសម្តេចធិបតី មិនឱ្យទម្លាក់លក្ខខណ្ឌស្ដង់ដារនៃការបណ្ដុះបណ្ដាល និងជ្រើសរើសគ្រូពេទ្យនោះឡើយ ពោលគឺការធានាបាននូវស្តង់ដារគុណភាពពេទ្យ មិនមែនត្រឹមតែជាការធានានូវអាយុជីវិតមនុស្សនោះទេ ប៉ុន្តែជាកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់វិស័យសុខាភិបាលទាំងមូលតែម្តង ដើម្បីផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជានីតិកាលមុនៗ បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ គឺជាអាទិភាពដំបូងគេ ហើយពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាល និងការកំណត់ស្ដង់ដារគ្រូពេទ្យនេះ សម្ដេចធិបតី ជំរុញឱ្យគ្រឹះស្ថានសិក្សា និងបណ្តាសាកលវិទ្យាល័យទាំងអស់ទាំងរដ្ឋ និងឯកជន ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនគុណភាពសិស្ស ពង្រឹងលក្ខខណ្ឌស្តង់ដាបង្រៀន និងការរៀនរបស់សិស្ស-និសិ្សតពេទ្យឱ្យបានហ្មត់ចត់ ដើម្បីធានានូវគុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាលកម្ពុជា។
សូមជម្រាបថា អគារថ្មីដែលទើបបើកការដ្ឋានសាងសង់នេះ នឹងត្រូវបំពាក់ដោយសម្ភារ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និងមានហេដ្ឋារចនាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងដាក់ឱ្យប្រើប្រាស់ជាអគារពហុមុខងារពិសេស មុខងារមានឯកទេសខ្ពស់ ដូចជាការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីក និងជំងឺមិនឆ្លងរ៉ាំរ៉ៃដទៃទៀត សំដៅឆ្លើយតបនឹងការវិវត្តនៃតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ដែលទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ