ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូងនេះ មានរោងចក្រផលិត និងស្រាវជ្រាវចំនួនប្រាំបីនៅក្នុងប្រទេសវៀតណាម ដែលសម្រេចបានប្រាក់ចំណូលប្រមាណ ៦០ ពាន់លានដុល្លារក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ។
នាយកប្រតិបត្តិ ក្រុមហ៊ុនSamsung ប្រចាំនៅប្រទេសវៀតណាមបានកត់សម្គាល់ឃើញថា ទោះបីជាមានបញ្ហាប្រឈមក្នុងដំណើរការរោងចក្រ និងប្រភពគ្រឿងបន្លាស់ ចំពេលមានវិបត្តិកូវីដ១៩ក៏ដោយ ប៉ុន្តែប្រាក់ចំណូលដែលសម្រេចបាននេះ គឺមានការកើនឡើង ១៥ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែរ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Samsung គឺមានដល់ទៅ ៨៩% ទៅហើយបានមកពីការនាំចេញផលិតផលរបស់ខ្លួនពីវៀតណាមទៅកាន់ទីផ្សារក្រៅប្រទេស។
ទន្ទឹមនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ក៏កំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលមានតម្លៃ ២២០ លានដុល្លារនៅទីក្រុងហាណូយមួយបន្ថែមទៀត ដែលជាប្រភេទមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដំបូងគេ នៅខាងក្រៅប្រទេសកំណើតរបស់ខ្លួន។
សូមបញ្ជាក់ថា បើទោះបីជា មានការខ្វះខាតនូវផ្នែកខ្លះនៃការផ្គត់ផ្គង់ដល់ផលិតកម្មរោងចក្រនៅទូទាំងពិភពលោកក៏ដោយចុះ ប៉ុន្ដែ ក្រុមហ៊ុនយក្សលំដាប់ទី១របស់កូរ៉េខាងត្បូង SAMSUNG នៅតែរកប្រាក់ចំណូលពីការលក់របស់ខ្លួនបានខ្ពស់ជាងការរំពឹងទុក ពោល គឺនៅត្រីមាសទី៣នៃឆ្នាំ២០២១នេះ ចំណូលការលក់របស់ SAMSUNG នៅទូទាំងពិភពលោក បានកើនដល់ទៅជាង ៦៣ពាន់លានដុល្លារអាមេរិក ដែលជាចំណូលប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ៕អត្ថបទ ស៊ើង និមល់