ពន្លលើការនាំចូលលើគ្រឿងបន្ទះសូឡា

តើលោក ចូ ប៉ៃដិន នឹងបន្តយកពន្ធនាំចូលលើគ្រឿងបន្ទះសូឡាដែរ ឬទេ?


ទីភ្នាក់ងារពាណិជ្ជកម្មអាមេរិក ជំរុញឱ្យប្រធានាធិបតី លោក ចូ ប៉ៃដិន គួរតែបន្តការយកពន្ធ លើគ្រឿងបន្ទះសូឡាដែលនាំចូលពីក្រៅប្រទេស បន្តទៀត ខណៈដែលកន្លងមកអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកំណត់យកពន្ធនាំចូលយ៉ាងតឹងរឹងលើឧបករណ៍នេះ ហើយបច្ចុប្បន្នប្រទេសដែលអាមេរិកនាំចូលបន្ទះសូឡានេះច្រើនជាងគេ រួមមានថៃ វៀតណាម និងម៉ាឡេស៊ី។ នេះបើយោងតាមការចុះផ្សាយដោយសារសារព័ត៌មានបាងកកប៉ុស្តិ៍។
ការយកពន្ធនាំចូលលើគ្រឿងបន្ទះសូឡារបស់សហរដ្ឋអាមេរិក

គណៈកម្មការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក (ITC) កំពុង​ណែនាំ​ឱ្យ​រដ្ឋបាល​លោក ចូ ប៉ៃ​ដិ​ន បន្ត​យកពន្ធ​រយៈពេល ៤ ឆ្នាំ​ទៀត លើ​ការ​នាំ​ចូល​បន្ទះ​សូ​ឡា​ពី​ក្រៅប្រទេស ប៉ុន្តែ​ការ​យកពន្ធ​នាំ​ចូល​ត្រូវ​ទម្លាក់​អត្រា​ចុះ​ទាប​ប្រមាណ ០,២៥% ជា​រៀង​រាល់​ឆ្នាំ ក្នុង​រយៈពេល ៤ ឆ្នាំ​ខាង​មុខ​នេះ ដោយ​គិត​ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២២​តទៅ​។ ការ​ណែនាំ​នេះ កើតឡើង​ប៉ុន្មាន​ស​ប្តា​ហ៍ បន្ទាប់​ពី​អា​មេ​រិ​កបាន​កំណត់​ថា ការ​នាំ​ចូល​បន្ទះ​ថាមពល​ពន្លឺព្រះអាទិត្យ ឬ​បន្ទះ​សូ​ឡា នៅ​តែ​ជា​ការ​គំរាមកំហែង​ដល់​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​របស់​សហរដ្ឋអាមេរិក​។

ការ​លើកកម្ពស់​ការ​ប្រើប្រាស់​ថាមពល​ស្អាត ឬ​ថាមពលបៃតង គឺជា​គោលបំណង​នៃ​គោលនយោបាយ​ដ៏​សំខាន់​មួយ​របស់ លោក ចូ ប៉ៃ​ដិ​ន ហើយ​លោក ក៏​កំពុង​ខិតខំ​ជំរុញ​សេដ្ឋកិច្ច រួម​ទាំង​ការងារ​ផលិត​ក្នុងស្រុក​ផង​ដែរ​។ បើ​ទោះបីជា ពន្ធ​នាំ​ចូល​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​នៅ​សហរដ្ឋអាមេរិក​ក៏​ពិតមែន ប៉ុន្តែ ពួក​គេ​ក៏​ត្រូវ​បន្ថែម​ការ​ចំណាយ​ដល់​ក្រុមហ៊ុន​ដំឡើង​បន្ទះ​សូ​ឡា​នាំ​ចូល​ទាំងនោះ​ផង​ដែរ​។

គួរ​ជម្រាប​ថា បន្ទះ​សូ​ឡា​ភាគច្រើន​ដែល​ប្រើ​នៅ​អា​មេ​រិ​ក គឺ​នាំ​ចូល​ពី​ប្រទេស​ថៃ ម៉ា​ឡេ​ស៊ី និង​វៀតណាម​។

សូម​រំឭក​ថា អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ បាន​ដាក់​កាតព្វកិច្ច ពន្ធ​នាំ​ចូល​លើ​បន្ទះ​សូ​ឡា​ចាប់ពី​នៅ​ឆ្នាំ ២០១៨ មក​ម្ល៉េះ ខណៈ​ដែល​អំឡុង​ពេល​នោះ កំណើន​ក្នុង​ការ​ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ​របស់​សហរដ្ឋអាមេរិក​មាន​តិចតួច​ប៉ុណ្ណោះ​។ ប៉ុន្ដែ អ្វី​ដែល​អា​មេ​រិ​ក​បារម្ភ​នោះ គឺថា​ប្រទេស​ចិន​នៅ​តែ​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​សូ​ឡា​ដ៏​ធំ​បំផុត​របស់​ពិភពលោក ខណៈ​ដែល​កន្លង​មក អា​មេ​រិ​ក​ក៏​មានបាន​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន ដែល​បាន​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន​នៅ​ប្រទេស​ថៃ វៀតណាម និង​ម៉ា​ឡេ​ស៊ី​ជា​ខែល​រកស៊ី នាំ​ចូល​បន្ទះ​សូ​ឡា​ទៅ​អា​មេ​រិ​ក ដើម្បី​រួច​ពន្ធ​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកបង្ហាញការប្តេជ្ញាចិត្តខ្ពស់មិនធ្លាប់មាន ចំពោះទំនាក់ទំនងជាមួយអាមេរិក-អាស៊ាន?

ព័ត៌មាន
មុនដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ាន សហរដ្ឋអាមេរិកក្រោមរដ្ឋបាល ប្រធានាធិបតី ចូ បៃឌិនបានបង្ហាញការប្តេជ្ញាចិត្តថ្មីមួយ ក្នុងការភ្ជាប់ទំនាក់ទំន…

ក្រុមហ៊ុនយក្ស Samsung បានបោះទុនវិនិយោគជិត ១៨ ពាន់លានដុល្លារនៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង Samsung បានវិនិយោគជិត ១៨ ពាន់លានដុល្លារ ក្នុងប្រទេសវៀតណាមនៅរយៈពេល ២៤ ឆ្នាំចុងក្រោយនេះ ក្នុងនោះដែរ ការវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ