កន្លងមកក្រុមហ៊ុន Samsung ហាក់មានភាពស្ងប់ស្ងាត់ជាងគេ បើធៀបនឹងក្រុមហ៊ុនគូប្រជែងរស់ខ្លួនដូចជា Apple, Xiaomi, Vivo និងក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួនទៀត សុទ្ធតែបានប្រកាសជាបន្តបន្ទាប់អំពីគម្រោងឈានជើងចូលទៅក្នុងវិស័យផលិតរថយន្ត។ ប៉ុន្តែពេលនេះក្រុមហ៊ុន Samsung បាននិងកំពុងពង្រីកមហិច្ឆតារបស់ខ្លួនបន្ថែមមួយផ្សេង ក្រៅពីការផលិតស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិចសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ។
ជាក់ស្តែង ក្នុងភាពជាដៃគូរវាងក្រុមហ៊ុន Samsung និង Ambarella អ្នកទាំងពីរនឹងផ្តោតទៅលើការផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិ។ ក្នុងនោះក្រុមហ៊ុន Samsung នឹងជាអ្នកផ្គត់ផ្គង់បន្ទះឈីបប្រភេទ ៥ណាណូម៉ែតជំនាន់ចុងក្រោយរបស់ខ្លួន។
បន្ទះឈីបប្រភេទនេះ ជាឈីបដំបូងគេ និងជំនាន់ចុងក្រោយគេរបស់ក្រុមហ៊ុន Ambarella និងជាបន្ទះឈីបជំនាន់ទី៣ហើយ របស់ក្រុមហ៊ុនមួយនេះ។ វាមានមានល្បឿន លឿនជាងមុន ២០ដង បើធៀបទៅនឹងបន្ទះឈីបជំនាន់មុន ឬហៅថាបន្ទះឈីបជំនាន់ទី២ របស់ Ambarella។
សូមជម្រាបថា បន្ទះឈីបថ្មីនេះអាចគ្រប់គ្រងដំណើរការបណ្តាញរ៉ាដានៅក្នុងរថយន្តដល់ទៅកំរិតរូបភាព 4D និងមានការចាប់សញ្ញាបានច្បាស់ និងស៊ីជម្រៅជាងមុនសម្រាប់ផែនទី ដែលវានឹងធ្វើឱ្យការបើកបរដោយស្វ័យប្រវត្តិកាន់តែទំនើប និងសុវត្ថិភាពជាងមុន។
ទោះយ៉ាងណា ទាំង Samsung និង Ambarella មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ក្នុងការផលិតរថយន្តឡើយ គេគ្រាន់តែអាចដឹងបានថា ក្រុមហ៊ុនទាំងពីរនឹងបង្កើតគ្រឿងបង្គុំដ៏ល្អ និងទំនើបបំផុត សម្រាប់រថយន្តដែលអាចបើកបរបានដោយខ្លួនឯងនាពេលអនាគត៕