តើហេតុអ្វីក្រុមហ៊ុនយក្សរបស់កូរ៉េមួយនេះ នៅតែមានការលក់ហក់ឡើងខ្ពស់នៅអំឡុងពេលកូវីដ១៩យ៉ាងដូច្នេះ? នោះក៏ព្រោះតែ មានការចូលរួមជាចម្បងពីភាពរឹងមាំនៃការលក់បន្ទះឈីបរបស់ក្រុមហ៊ុននេះ គួបផ្សំនឹងកំណើនការលក់ទូរស័ព្ទស្មាតហ្វូនសេរីថ្មីៗរបស់ខ្លួន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានកូរ៉េ The Korea Herald។
បើតាមទិន្នន័យពីក្រុមហ៊ុន SAMSUNG ដែលបានបង្ហាញនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឲ្យដឹងថា ចំណូលពីការលក់របស់ក្រុមហ៊ុននេះ ក្នុងចន្លោះខែកក្កដាដល់ខែកញ្ញាកន្លងទៅនេះ បានហក់ឡើងដល់ជាង ៦៣ពាន់លានដុល្លារអាមេរិក កើនឡើងជាង១៦%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ ខណៈដែលប្រាក់ចំណេញប្រតិបត្តិការណ៍របស់ក្រុមហ៊ុន SAMSUNG វិញ ក៏បានកើនដល់ជាង១៣ពាន់លានដុល្លារអាមេរិកផងដែរ ដែលជាកំណើនមួយខ្ពស់បំផុតទី២ បើគិតចាប់តាំងពីត្រីមាសទី៣ឆ្នាំ២០១៨មក។
មិនមែនតែនៅត្រីមាសទី៣នេះទេ ដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនយក្ស SAMSUNG មានកំណើនល្អ ពោលគឺកំណើនប្រាក់ចំណូលក្រុមហ៊ុននេះ បានកើនឡើងមក៣ត្រីមាសជាប់ៗគ្នាមកហើយនៅក្នុងឆ្នាំនេះ ដោយគេរំពឹងថា នៅពេញមួយឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ នឹងបំបែកកំណត់ត្រាថ្មីរបស់ខ្លួនជាក់ជាមិនខានឡើយ។
ក្នុងចំណោមការលក់របស់ក្រុមហ៊ុន SAMSUNG គេសង្កេតឃើញថា ការលក់បន្ទះឈីប គឺមានទំហំទឹកប្រាក់ដល់ទៅជាង ២២ពាន់លានដុល្លារនៃចំនួនការលក់សរុបជាង ៦៣ពាន់លានដុល្លារនៅត្រីមាសទី៣ឆ្នាំនេះ ខណៈប្រាក់ចំណេញពីការលក់បន្ទះឈីបវិញមានជិត៩ពាន់លានដុល្លារអាមេរិក។ការលក់ទូរស័ព្ទស្មាតហ្វូនរបស់ SAMSUNG វិញបានកើនដល់ជាង ២៤ពាន់លានដុល្លារ និងមានប្រាក់ចំណេញជិត៣ពាន់លានដុល្លារអាមេរិក ខណៈដែលការលក់សម្ភារគ្រឿងអេឡិចត្រូនិក SAMSUNG ក៏កើនឡើងដូចគ្នាដែរ។
យ៉ាងណាក៏ដោយចុះ សម្រាប់ទស្សនវិស័យនៅឆ្នាំក្រោយនេះ ក្រុមហ៊ុននៅមិនទាន់បញ្ជាក់ច្បាស់នោះទេ ដោយសារតែស្ថានភាពមិនប្រាកប្រជានៃម៉ាក្រូសេដ្ឋកិច្ច ដូចជាបញ្ហាពេលវេលានៃការផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ការផលិត, ឥទ្ធិពលនៃគោលនយោបាយ «រស់នៅជាមួយកូវីដ១៩» និងបញ្ហាតម្លៃវត្ថុធាតុដើមឡើងថ្លៃខ្ពស់ជាដើម។ បញ្ហាទាំងអស់នេះ ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះអះអាងថា គឺជាការលំបាក ដែលក្រុមហ៊ុននឹងត្រូវជួបប្រទះនៅឆ្នាំក្រោយនេះ៕