ទោះយ៉ាងណា អ្នកវិភាគអន្តរជាតិធំៗមើលឃើញថា វត្តមានចូលរួមពីប្រទេសធំជាច្រើនបែបនេះ មិនអាចនាំទៅរកដំណោះស្រាយជាដុំកំភួនទេ ដោយសារពួកគេមានទស្សនៈ និងគំនិតផ្សេងៗគ្នាចំពោះបញ្ហាសង្រ្គាមនៅអ៊ុយក្រែននេះ។
ទន្ទឹមនឹងការរំពឹកទុកបែបនេះក្តី អារ៉ាប៊ីសាអូឌីតបានជោគជ័យមួយរួចទៅហើយ គឺបានក្លាយជាប្រទេសដែលអាចកោះហៅបណ្តាប្រទេសទាំងលោកខាងលិច និងប្រទេសលោកខាងត្បូង ឬប្រទេសក្រីក្រមកអង្គុយទល់មុខគ្នា ដើម្បីរកដំណោះស្រាយចំពោះជម្លោះ ដែលកំពុងវាយប្រហារសេដ្ឋកិច្ចពិភពលោកនេះ។ អ្នកវិភាគលោកខាងលិខយល់ឃើញថា ប្រទេសនាំចេញប្រេងកំពូលនៅមជ្ឈឹមបូព៌ាមួយនេះ បានរក្សាទំនាក់ទំនងអព្យាក្រឹតទាំងសងខាងជាមួយរុស្ស៊ី និងអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំមុនមក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy សង្ឃឹមជាមុនថា នឹងយល់ព្រមលើគោលការណ៍មួយចំនួនសម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំពិភពលោកនេះ។ ប៉ុន្ដែ លោកក៏លើកទឹកចិត្តឱ្យមានការរៀបចំកិច្ចពិភាក្សាទ្វេភាគីនៅខាងក្រៅកិច្ចប្រជុំ ដែលធ្វើឡើងនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតនោះដែរ។ ស្របពេលជាមួយគ្នា លោកបានទទួលស្គាល់ថា មានភាពខុសគ្នា និងនិន្នាការនយោបាយខុសគ្នា គឺពិតជាមានក្នុងចំណោមប្រទេសដែលចូលរួមទាំង៤០ ប៉ុន្តែសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ត្រូវតែស្តារឡើងវិញ ពោលគឺច្បាប់អន្តរជាតិដែលមានចែង។
ទោះបីជាមិបានចូលរួមកិច្ចប្រជុំក្តី វិមានក្រឹមឡាំងថា រុស្ស៊ីនឹងតាមដានមើលកិច្ចប្រជុំនេះដល់ទីបញ្ចប់។ យោងតាមមន្ត្រីសហភាពអឺរ៉ុបមួយរូបបានប្រាប់រ៉យទ័រ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កិច្ចពិភាក្សានឹងមិនមានសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំនោះទេ ប៉ុន្តែថាអារ៉ាប៊ីសាអូឌីតនឹងបង្ហាញផែនការសម្រាប់កិច្ចពិភាក្សាបន្ថែមទៀត ជាមួយនឹងក្រុមការងារដើម្បីពិភាក្សាអំពីបញ្ហាដូចជាសន្តិសុខស្បៀងអាហារពិភពលោក សុវត្ថិភាពនុយក្លេអ៊ែរ និងការដោះលែងអ្នកទោសសង្គ្រាម។ មន្ត្រីរូបនេះសង្កត់ធ្ងន់ថា កិច្ចពិភាក្សានេះបង្ហាញពីភាពវិជ្ជមាន ហើយមានការព្រមព្រៀងរួចហើយរវាងភាគីអឺរ៉ុប និងអារ៉ាប៊ីសាអូឌីតមុនយល់ព្រមចូលរួមកិច្ចប្រជុំនេះថា បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន ត្រូវតែយកជាគោលការណ៍ស្នូលសម្រាប់ដំណោះស្រាយសន្តិភាពណាមួយ»។
ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃសៅរ៍ថា គេកំពុងបញ្ជូនប្រេសិតពិសេសទទួលបន្ទុកកិច្ចការអឺរ៉ាស៊ី លោក Li Hui ទៅចូលរួមកិច្ចប្រជុំ។ ដោយឡែក ឥណ្ឌាឯណោះវិញក៏មានតំណាងរបស់គេចូលរួមដែរ គឺលោក Shri Ajit Doval ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌដែលបានទៅដល់ទីក្រុង Jeddah ហើយ។ មិនខុសគ្នាប៉ុន្មានឡើយ ចិន និងឥណ្ឌាបានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងបដិសេធមិនថ្កោលទោសចំពោះរុស្ស៊ីនៅអ៊ុយក្រែនម្តងឡើយ។
មន្ត្រីនិងអ្នកវិភាគលោកខាងលិចបានមានការយល់ឃើញថា ការទូតអារ៉ាប៊ីសាអូឌីតមានសារៈសំខាន់ក្នុងការធានាវត្តមានរបស់ចិននៅក្នុងកិច្ចពិភាក្សានេះ។ ដោយហេតុថា នៅក្រោមការគ្រប់គ្រងជាក់ស្តែង ព្រះអង្គម្ចាស់ Mohammed bin Salman ដែលជារដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតកំពុងមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលប៉េកាំង និងកំពុងបង្ហាញពីបំណងចូលរួមកិច្ចព្រមព្រៀងសហប្រតិបត្តិការសៀងហៃដែលដឹកនាំដោយប្រទេសចិន។
ទោះជាយ៉ាងណា អ្នកវិភាគខ្លះមានការយល់ឃើញខុសពីនេះថា «វត្តមានរបស់ចិនក្នុងកិច្ចប្រជុំមិនប្រាកដថា ប៉េកាំងនឹងយល់ស្របចំពោះដំណោះស្រាយដែលរកឃើញដោយអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចឡើយ ប៉ុន្ដែ គ្រាន់តែបង្ហាញពីឆន្ទៈចូលរួមនិងស្តាប់តែប៉ុណ្ណោះ»៕