លទ្ធផលនេះជាផ្លែផ្កានៃការជំរុញការកែប្រែអាជីវកម្មដើម្បីឆ្លើយតបទៅនឹងនិន្នាការធំៗចំនួន
៣ ៖ ដាក់បញ្ចូល ESG ទៅក្នុងប្រតិបត្តិការអាជីវកម្ម, ប្រើប្រាស់បច្ចេកវិទ្យា
ឌីជីថលដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលនាំទៅរកការកាត់បន្ថយថ្លៃផលិត
និងជំរុញការលូតលាស់ផ្នែកពាណិជ្ជកម្មតាមអនឡាញ
ដោយបង្កើតនូវដំណោះស្រាយថ្មីៗដើម្បីបំពេញតម្រូវការផ្នែកសុខុមាលភាពនិងលើកកម្ពស់គុណភាពជីវិត
។ អេសស៊ីជីត្រៀមខ្លួនរួចរាល់ដើម្បីថែទាំសង្គមដើម្បីកាត់បន្ថយវិសមភាពនិងបង្កើនប្រាក់ចំណូលសម្រាប់សហគមន៍នៅក្នុងប្រទេសថៃ
និងនៅអាស៊ាន ។
លោក Roongrote Rangsiyopash ប្រធាននិងជាអគ្គនាយកប្រតិបត្តិរបស់ អេសស៊ីជី បានថ្លែងឱ្យដឹងយ៉ាងដូច្នេះថា «លទ្ធផលអាជីវកម្មមិនទាន់ធ្វើសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំសារពើពន្ធ២០២១នេះ កត់ត្រាចំណូលពីការលក់បាន ៦៧.៤៤៦ប៊ីលានរៀល (១៦.៥៧៦លានដុល្លារអាមេរិក) ដែលកើនឡើង ៣៣% បើធៀបនឹងឆ្នាំ២០២០ ដែលកំណើននេះគឺដោយសារលទ្ធផលប្រសើរឡើងពីអាជីវកម្មគ្រប់ផ្នែក ជាពិសេស តម្លៃនិងបរិមាណលក់ផលិតផលគីមី ។ ប្រាក់ចំណេញសម្រាប់ឆ្នាំ២០២១ មានសរុប ៦.០០២ប៊ីលានរៀល (១.៤៧៥លានដុល្លារអាមេរិក) កើនឡើង ៣៨% បើធៀបនឹងឆ្នាំមុន ដោយសារតែលទ្ធផលល្អប្រសើរនៃអាជីវកម្មផលិតផលគីមី ។»
ចំណូលរបស់ អេសស៊ីជី
ពីការលក់ផលិតផលនិងសេវាកម្មដែលមានគុណតម្លៃបន្ថែមខ្ពស់ (HVA) នៅក្នុងឆ្នាំ២០២១
មានចំនួន ២៣.១០៣ប៊ីលានរៀល (៥.៧០៧លានដុល្លារអាមេរិក) ឬស្មើនឹង ៣៤%
នៃចំណូលសរុបពីការលក់ ។ ជាងនេះទៀត ការអភិវឌ្ឍផលិតផលថ្មី (NPD) មានចំណែកស្មើនឹង១៥% និងដំណោះស្រាយ
សេវាកម្ម មានចំណែកស្មើនឹង ៥% នៃចំណូលសរុបពីការលក់ ។
ចំណូលពីការលក់មានចំនួនសរុប ១៧.៣៩៨ប៊ីលានរៀល
(៤.២៧៤លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១ ដែលកើនឡើង ៨%
បើធៀបនឹងត្រីមាសមុន ដោយសារតែភាពប្រសើរឡើងនៃលទ្ធផលពី
អាជីវកម្មគ្រប់ផ្នែក ។ ប្រាក់ចំណេញសម្រាប់ត្រីមាសដដែលនេះ មានចំនួន
១.០១៣ប៊ីលានរៀល (២៤៩លានដុល្លារអាមេរិក) ។
ក្រៅពីនេះ ចំណូលរបស់ អេសស៊ីជី ពីប្រតិបត្តិការនៅខាងក្រៅប្រទេសថៃ ក្នុងនោះរាប់បញ្ចូលទាំងការលក់នាំចេញពីប្រទេសថៃ សម្រេចបានចំនួន ៣០.៧៤៥ប៊ីលានរៀល (៧.៥៩៥លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២១ ឬស្មើនឹង ៤៦% នៃចំណូលសរុបពីការលក់ ដែលកើនឡើង ៤៤% ខ្ពស់ជាងកាលពីឆ្នាំមុន ។
អេសស៊ីជី នៅអាស៊ាន (ដកប្រទេសថៃចេញ)
សម្រាប់ប្រតិបត្តិការរបស់ អេសស៊ីជី នៅអាស៊ាន
(ដកប្រទេសថៃចេញ) ចំណូលពីការលក់នៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១ សម្រេចបានកំណើន
៦២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលមានចំនួន ៥.០៥៩
ប៊ីលានរៀល (១.២៤២លានដុល្លារអាមេរិក) និងស្មើនឹង ២៩% នៃចំណូលសរុបពីការលក់របស់
អេសស៊ីជី។
តួលេខនេះរួមបញ្ចូលគ្នាទាំងការលក់ពីប្រតិបត្តិការក្នុងស្រុកនៅក្នុងទីផ្សារអាស៊ាននីមួយៗផង
និងការនាំចូលពីប្រតិបត្តិការនៅប្រទេសថៃផង ។
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទ្រព្យសរុបរបស់ អេសស៊ីជី មានចំនួន ១០៥.០១២ប៊ីលានរៀល (២៥.៧៩៥លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសរុបរបស់ អេសស៊ីជី នៅអាស៊ាន (ដកប្រទេសថៃចេញ) មានចំនួន ៤៧.៥៧២ប៊ីលានរៀល (១១.៦៩៧លានដុល្លារអាមេរិក) ដែលស្មើនឹង ៤៥% នៃទ្រព្យបូកសរុបរួមទាំងអស់របស់ អេសស៊ីជី ។
ដោយផ្អែកតាមរបាយការណ៍ត្រីមាសទី៤នៃឆ្នាំ២០២១
ទ្រព្យសរុបរបស់ អេសស៊ីជី នៅកម្ពុជា មាន ១.៨៣៨
ប៊ីលានរៀល (៤៥២លានដុល្លារអាមេរិក) ដែលកើនឡើង ១២%
បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
ក្រុមហ៊ុនបានកត់ត្រាចំណូលពីការលក់សម្រាប់ត្រីមាសទី៤ នៃឆ្នាំ២០២១ មានចំនួន
៤០៤ប៊ីលានរៀល (៩៩លានដុល្លារអាមេរិក) កើនឡើង ១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន
។
សម្រាប់ឆ្នាំ២០២១ អេសស៊ីជី ប្រចាំកម្ពុជា សម្រេចបានចំណូលពីការលក់ចំនួន ១.៧២១ប៊ីលានរៀល (៤២៣លានដុល្លារអាមេរិក) ។ នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២១ តម្រូវការស៊ីម៉ងត៍មានចំនួន ២,០៦លានតោន ដែលថយចុះ ១៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈដែលវិស័យសំណង់មានសភាពនៅទ្រឹងដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ។
ទោះបីយ៉ាងនេះក្ដី អេសស៊ីជី ប្រចាំកម្ពុជា នៅតែបន្តគាំទ្រដល់កិច្ចការសង្គមដដែល តាមរយៈការបន្តផ្ដល់នូវអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្ដីសុបិន អស់រយៈពេល ៨ឆ្នាំជាប់ៗគ្នា ។ នៅឆ្នាំ២០២១នេះ ក្រុមហ៊ុនបានផ្ដល់អាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យ ១២រូប និងអាហារូបករណ៍ដល់សិស្សវិទ្យាល័យចំនួន ១០០រូប ។ ជាងនេះទៀត ក្រុមហ៊ុនបានផ្ដល់ឧបករណ៍ធែប្លិត (tablet) ចំនួន ១០០គ្រឿងដល់សិស្សវិទ្យាល័យដើម្បីជួយសម្រួលដល់ការសិក្សាតាមអនឡាញរបស់ពួកគេក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ ។ ទន្ទឹមនឹងនេះដែរ អេសស៊ីជី ប្រចាំកម្ពុជា ក៏បានបរិច្ចាគស៊ីម៉ងត៍និងសម្ភារៈសាងសង់ដល់វិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញ ចំនួន ២ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងគាំទ្រដល់ការអប់រំសម្រាប់សិស្សនិស្សិតកម្ពុជា ផងដែរ ។
លោក Roongrote បានមានប្រសាសន៍ថា ៖ «ក្នុងអំឡុងពេញមួយឆ្នាំ២០២១នេះ
សេដ្ឋកិច្ចនានានៅទូទាំងពិភពលោកបានទទួលរងផលប៉ះពាល់ពីតម្លៃថាមពលនិងវត្ថុធាតុដើមឡើងថ្លៃ
អតិផរណា និងវិបត្តិកូវីដ-១៩ ប៉ុន្តែ ក្រុមហ៊ុន អេសស៊ីជី
បានពន្លឿនជាហូរហែនូវការកែប្រែអាជីវកម្មរបស់ខ្លួន ។ ជាលទ្ធផល
ក្រុមហ៊ុនរក្សាបាននូវកំណើនគួរជាទីពេញចិត្តក្នុងអំឡុងឆ្នាំកន្លងទៅ
ដោយតម្រង់ទិសអាជីវកម្មទាំងឡាយរបស់ខ្លួនទៅតាមនិន្ននាការធំៗចំនួន ៣ ៖ ដាក់បញ្ចូលធាតុ
ESG ទៅក្នុងប្រតិបត្តិការអាជីវកម្ម,
ប្រើប្រាស់បច្ចេកវិទ្យា
ឌីជីថលដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់អតិថិជន, និងអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍
ដើម្បីដើរទាន់និន្នាការផ្នែកសុខុមាលភាពនិងលើកកម្ពស់គុណភាពជីវិត ។
ការដាក់បញ្ចូលធាតុ ESG (បរិស្ថាន, សង្គម និងអភិបាលកិច្ច) ទៅក្នុងប្រតិបត្តិការអាជីវកម្ម ។ អេសស៊ីជី បានអនុម័តគោលការណ៍ ESG 4 Plus ដែលរួមបញ្ចូលអភិក្រមចំនួន ៤ ៖ កំណត់គោលដៅ Net-Zero, ផ្ដោតលើសេដ្ឋកិច្ចបៃតង, កាត់បន្ថយវិសមភាព និងអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយភាពយុត្តិធម៌និងតម្លាភាព ជាក្របខ័ណ្ឌអភិវឌ្ឍន៍ស្តង់ដារមួយសម្រាប់ប្រតិបត្តិការអាជីវកម្មជាសាកលរបស់ខ្លួន ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) របស់អង្គការសហប្រជាជាតិ និងសេដ្ឋកិច្ច BCG របស់រដ្ឋាភិបាល ។ ក្រុមហ៊ុន អេសស៊ីជី បានប្ដេជ្ញាដាក់ទុនវិនិយោគបឋមចំនួន ៧០ប៊ីលានបាត រហូតដល់ឆ្នាំ២០៣០ ដើម្បីកែលម្អដំណើរការផលិតកម្មនិងអភិវឌ្ឍអាជីវកម្មដែលបញ្ចេញឧស្ម័នកាបូនទាប ដើម្បីសម្រេចនូវគោលដៅការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតសូន្យ នៅក្នុងឆ្នាំ២០៥០ ។ នៅឆ្នាំ២០២១ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រូវបានកាត់បន្ថយបាន ១,៣លានតោននៃកាបូនឌីអុកស៊ីត (ដែលថយចុះ ៤,១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០) និងបង្កើនអត្រានៃការលក់ផលិតផលជម្រើសបៃតង អេសស៊ីជី ពី ៣៣% នៅឆ្នាំ២០២០ ទៅដល់ ៤១% នៅឆ្នាំ២០២១ ។
ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបំពេញសេចក្ដីត្រូវការថ្មីៗរបស់អតិថិជន និងបន្ថែមគុណតម្លៃ ដើម្បីកាត់បន្ថយចំណាយនិងពេលវេលា ខណៈបង្កើនលទ្ធផល ។ ឧទាហរណ៍រួមមាន បច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twin technology) ជាភ្នាក់ងារអនឡាញដែលជួយនៅក្នុងការវាយតម្លៃនិងការកែប្រែប្រកបដោយប្រសិទ្ធភាពនូវគំរូផលិតកម្ម; ដំណោះស្រាយបៃតង CPAC ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីបង្កើនប្រសិទ្ធផលសំណង់; ការបង្កើតកម្មវិធីឌីជីថលដើម្បីគ្រប់គ្រងបណ្ដាញចែកចាយដ៏ធំបំផុត ក្នុងនោះរួមបញ្ចូលទាំងកម្មវិធី«Prompt Plus» ដែលជាកម្មវិធីពាណិជ្ជកម្មតាមអនឡាញសម្រាប់សម្ភារៈសាងសង់ សម្រាប់ហាងលក់រាយជាង ៩០០០កន្លែង នៅទូទាំងប្រទេស និងកម្មវិធី “Rak Mao” ជាកម្មវិធីលទ្ធកម្មសម្ភារៈសាងសង់តាមអនឡាញសម្រាប់អតិថិជនជាង ៥ម៉ឺននាក់ ក្នុងនោះរួមទាំងអ្នកអភិវឌ្ឍន៍ និងអ្នកម៉ៅការខ្នាតតូចនិងមធ្យម នៅទូទាំងប្រទេសថៃ ។
យុទ្ធសាស្ត្រនានា ក៏រួមបញ្ចូលផងដែរនូវការអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីដើរឱ្យទាន់និន្នាការសុខុមាលភាពនិងលើកកម្ពស់គុណភាពជីវិត ដូចជា នវានុវត្តន៍ផ្លាស្ទិកកម្រិតវេជ្ជសាស្ត្រ Isolation Capsule for Air Transportation; ថង់បោកគក់ដែលអាចរលាយបានដើម្បីកាត់បន្ថយហានិភ័យចម្លងមេរោគនៅលើសម្លៀកបំពាក់របស់អ្នកជំងឺ; ដំណោះស្រាយអគារឆ្លាត ជាដំណោះស្រាយគ្រប់គ្រងប្រព័ន្ធអគារប្រកបដោយនវានុវត្តន៍ ដែលប្រើប្រាស់បច្ចេកវិទ្យា IoT ដើម្បីកែលម្អគុណភាពខ្យល់និងសន្សំសំចៃថាមពល; ដំណោះស្រាយជញ្ជាំងឆ្អាតអស្ចារ្យ (Ultra Clean Wall Solution) នវានុវត្តន៍បន្ទះក្ដារឆ្លាតវៃដែលរក្សាបន្ទប់ឱ្យស្អាតនិងគ្មានមេរោគ; ម៉ាស៊ីនបន្សុតខ្យល់ SCG Bi-Ionization Air Purifier ដែលកម្ចាត់មេរោគនិងបាក់តេរីនៅក្នុងផ្ទះនិងអគារ; ដំណោះស្រាយដំបូលសូឡា អេសស៊ីជី ដែលអាចផលិតថាមពលអគ្គិសនីពីដំបូលផ្ទះ និងដំបូលរោងដាក់រថយន្ត ដើម្បីកាត់បន្ថយថ្លៃចំណាយលើអគ្គិសនី និងប្រើប្រាស់អគ្គិសនីសម្រាប់រថយន្តដើរដោយអគ្គិសនី ។
ក្រុមហ៊ុនអាជីវកម្មទាំងឡាយគួរតែត្រៀមលក្ខណៈចំពោះការឡើងថ្លៃថាមពលនិងវត្ថុធាតុដើមដែលបណ្ដាលមកពីអតិផរណា ។ នៅពេលដែលអំណាចទិញចាប់ផ្ដើមរើបឡើងវិញ កម្លាំងទីផ្សារនឹងរុញច្រានថ្លៃទំនិញនិងសេវាកម្មឡើងវិញ ។ ដូច្នេះ យុទ្ធសាស្ត្រអាជីវកម្មនៅក្នុងឧស្សាហកម្មនីមួយៗត្រូវតែបង្កើនប្រសិទ្ធភាពនៃការអនុវត្តឱ្យបានជាអតិបរមា ត្រូវមានវិន័យផ្នែកហិរញ្ញវត្ថុដើម្បីទប់ទល់នឹងអត្រាការប្រាក់ដែលកើនឡើង, បង្កើតនូវនវានុវត្តន៍ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជនដែលផ្លាស់ប្ដូរឥតឈប់ឈរ បន្ថែមពីលើការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។ អេសស៊ីជី បានបង្កើតយុទ្ធសាស្ត្រអាជីវកម្មដើម្បីដោះស្រាយអតិផរណា និងកសាងកំណើនរយៈពេលវែងនៅក្នុងអាជីវកម្មនីមួយៗរបស់ខ្លួន ឱ្យស្របទៅតាមនិន្នាការធំៗទាំង៣ខាងលើ» ។
បន្ថែមលើនេះ អេសស៊ីជី ក៏បន្តប្ដេជ្ញាចិត្តរួមចំណែកដល់ការអភិវឌ្ឍសង្គម
ដោយអនុវត្តនូវគោលការណ៍ ESG ដើម្បីកាត់បន្ថយវិសមភាព ។
ដើម្បីជួយដល់ប្រជាជនដែលបាត់បង់ការងារធ្វើដោយសារកូវីដ-១៩
ក្រុមហ៊ុនបានបង្កើតកម្មវិធីអភិវឌ្ឍន៍ជំនាញតាមតម្រូវការ
ដែលមានអ្នកចូលរួមជាង ៣០០០នាក់ និងបន្តធ្វើរហូតដល់សម្រេចបានអ្នកចូលរួមដល់ទៅ
២ម៉ឺននាក់ នៅត្រឹមឆ្នាំ២០២៥ ។ ឧទាហរណ៍មួយចំនួន រួមមាន
ការលើកកម្ពស់ជំនាញរបស់អ្នកបើកបររថយន្តដឹកទំនិញតាមរយៈសាលាអភិវឌ្ឍន៍ជំនាញ
អេសស៊ីជី, ផ្ដល់ឱកាសការងារជួសជុលតាមរយៈការអនុវត្ត Q-Chang, អភិវឌ្ឍអាជីពនានានៅក្នុងវិស័យកែច្នៃផលិតផល
និងពាណិជ្ជកម្មតាមអនឡាញ និងមិនមែនអនឡាញ តាមរយៈគម្រោងថាមពលសហគមន៍
និងអភិវឌ្ឍបុគ្គលិក
គិលានុប្បដ្ឋាយិកាជំនួយ, ជំនួយការទណ្ឌពេទ្យ និងបុគ្គលិកថែទាំមនុស្សចាស់
តាមរយៈគម្រោងរៀនដើម្បីរកលុយរបស់មូលនិធិ អេសស៊ីជី» ។
លើសពីនេះទៅទៀត អេសស៊ីជី ផ្ដល់អាហារូបករណ៍អប់រំដល់សិស្សនិស្សិតដែលត្រូវការជំនួយ នៅទូទាំងតំបន់អាស៊ាន ដើម្បីជួយពួកគេបន្តការរៀនសូត្រចាប់យកអាជីពនានា ដូចជា វេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា វិស្វករ និងគ្រូបង្រៀន ។ អេសស៊ីជី ក៏អប់រំសហគមន៍អំពីការគ្រប់គ្រងទឹកផងដែរ ដើម្បីធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់និងការស្រោចស្រព ដែលនឹងបង្កើនផលិតភាពក្នុងការរក្សាបានចំណូលដែលមានស្ថិរភាព ។ ក្រៅពីនេះ អេសស៊ីជី ក៏បានផ្ដល់នវានុវត្តន៍សម្រាប់បម្រើដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៤៧០លានបាត ដល់ប្រទេសថៃ និងបណ្ដាប្រទេសអាស៊ានដទៃទៀតផងដែរ ៕