សីលធម៌​សង្គម

វិបត្តិជំនឿចិត្ត! ការលក់ដូរបោកបញ្ឆោតភូតកុហកអតិថិជនកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើសីលធម៌ និងទំនុកចិត្តសង្គម


មហាជនបានសម្តែងការខកចិត្ត និងហួសចិត្តយ៉ាងខ្លាំង ក្រោយហាងលក់ត្រីសាលម៉ុនដ៏ល្បីល្បាញមួយ ដែលបានឈរជើងលើទីផ្សារអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានរកឃើញថា បានកេងបន្លំអតិថិជន តាមរយៈការយកត្រីត្រោតមកដាក់លក់បន្លំថា ជាត្រីសាលម៉ុន។ ក្រុមអ្នកជំនាញ និងអ្នកតាមដានសង្គមបានព្រមានថា ករណីនេះមិនមែនជាបញ្ហាតូចតាចនោះទេ ប៉ុន្តែវាគឺជាសញ្ញាណគ្រោះថ្នាក់ ដែលកំពុងបំផ្លាញទំនុកចិត្តរវាងពលរដ្ឋ និងពលរដ្ឋ ព្រមទាំងទាញទម្លាក់ជំនឿចិត្តលើការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចផងដែរ។
សីលធម៌​សង្គម
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គមបានលើកឡើងថា ករណីភូតកុហកបំផ្លាញជំនឿចិត្តរបស់អតិថិជនតាមរយៈការលក់បន្លំទំនិញ កំពុងទាញទម្លាក់សីលធម៌សង្គមយ៉ាងខ្លាំង។ លោកបណ្ឌិត បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបើកការត្រួតពិនិត្យឱ្យបានទូលំទូលាយជាងនេះ ព្រោះអាចមានអាជីវកម្មទុច្ចរិតផ្សេងទៀតកំពុងលួចបន្លំពលរដ្ឋ។ ទន្ទឹមនឹងនេះ លោក ក៏បានរិះគន់ចំៗទៅលើមន្រ្តីតាមច្រកព្រំដែនមួយចំនួន ដែលខ្វះការទទួលខុសត្រូវព្រលែងឱ្យទំនិញក្លែងបន្លំ និងខូចគុណភាពហូរចូលទីផ្សារក្នុងស្រុក។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ ក៏បានបង្ហាញការយល់ឃើញដែរថា សង្គមបច្ចុប្បន្នហាក់ពោរពេញទៅដោយរូបភាពក្លែងក្លាយ។ ការបោកបន្លំលក់ដូរត្រីសាលម៉ុនរបស់ហាងមួយកន្លែងដល់ពលរដ្ឋ ដែលត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញនេះ ធ្វើឱ្យពលរដ្ឋលែងចង់ជឿជាក់លើម្ចាស់អាជីវកម្ម និងឈានទៅដល់ការបាត់បង់ទំនុកចិត្តលើប្រព័ន្ធអនុវត្តច្បាប់របស់រដ្ឋ។ សម្រាប់លោកបណ្ឌិត គ្មានយន្តការណាស្ដារទំនុកចិត្តសាធារណៈបានល្អជាងការរឹតបន្តឹងច្បាប់ការពារអ្នកប្រើប្រាស់ និងការដាក់ទោសទណ្ឌឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការលើកលែងនោះឡើយ។

ដោយឡែកលោក សន ជ័យ នាយកប្រតិបត្តិ នៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានគូសបញ្ជាក់ថា ការដែលបណ្តោយឱ្យហាងដ៏ល្បីល្បាញលួចបន្លំបានយូរឆ្នាំបែបនេះ គឺឆ្លុះបញ្ចាំងពីចំណុចខ្វះខាត និងភាពធូរលុងរបស់ស្ថាប័នជំនាញ ដែលមានដែនសមត្ថកិច្ចគ្រប់គ្រងលើផ្នែកចំណីអាហារ។ លោកបន្ថែមថា យុទ្ធសាស្ត្ររកស៊ីដើម្បីតែលុយ តែគ្មានភាពស្មោះត្រង់នឹងបង្កើតជាសញ្ញាណអាក្រក់ នៃការពាសពេញដោយការភូតភរនៅក្នុងស្រទាប់មហាជន។

យ៉ាងណាមិញ លោកបណ្ឌិត គិន ភា បានលើកឡើងនៅក្នុងបទវិចារណកថា សង្គមមួយដែលគ្រោះថ្នាក់បំផុតមិនមែនត្រឹមតែពេលដែលវាធ្លាក់ក្នុងភាពក្រីក្រ អវិជ្ជា ឬអំពើពុករលួយនោះទេ ប៉ុន្តែគឺនៅពេលដែលភាពក្លែងក្លាយបានក្លាយទៅជារឿងធម្មតា។ ភាពក្លែងក្លាយមិនមែនគ្រាន់តែជាការភូតកុហកតូចតាចឡើយ វាជាជំងឺសង្គមដ៏រ៉ាំរ៉ៃ ដែលធ្វើឱ្យសម្បកធំជាងខ្លឹមសារ ហើយការបោកប្រាស់មានតម្លៃជាងសុចរិតភាព។ មើលមកទីផ្សារនាពេលបច្ចុប្បន្នចាប់ពីទុរេន ត្រីសាលម៉ុង គ្រឿងសម្អាងរហូតដល់ឱសថព្យាបាលជំងឺ ភាពក្លែងក្លាយកំពុងលូតលាស់ដូចជាមេរោគ។ ពួកគេមិនមែនគ្រាន់តែបោកប្រាស់លុយកាក់នោះទេ ប៉ុន្តែគឺកំពុងលេងសើចនឹងជីវិតមនុស្ស។

គួរបញ្ជាក់ថា ក្រោយផ្ទុះការរិះគន់ពីមហាជន ភាគីម្ចាស់ហាងចរណៃ ដែលជាហាងលក់ត្រីសាលម៉ុនស្រស់ដ៏ល្បីល្បាញបានចេញមុខសុំទោសជាសាធារណៈនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦។ ហាងនេះបានអះអាងថា ខ្លួនពិតជាមានកំហុសឆ្គងដោយសារតែមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ប្រាប់អតិថិជន ថាត្រីមួយណាជាត្រីសាលម៉ុនអាត្លង់ទិច និងមួយណាជាត្រីត្រោត ខណៈកន្លងមកហាងបានដាក់លក់ត្រីទាំងពីរប្រភេទនេះក្នុងតម្លៃស្មើគ្នា ដោយសារតម្លៃទិញចូលមានប្រភពប្រហាក់ប្រហែលគ្នាទៅតាមតម្រូវការទីផ្សារ៕




អត្ថបទបន្ទាប់


អ្នកជំនាញលើកទឹកចិត្តឱ្យកសិករប្រើសេវាធានារ៉ាប់រងកសិកម្ម ធ្វើជាខែលការពារហានិភ័យពីបាតុភូត«អែលនីណូ»

ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មណែនាំ និងលើកទឹកចិត្តឱ្យប្រជាកសិករខ្មែរ ត្រៀមផែនការការពារការខាតបង់ពីបាតុភូតអាកាសធាតុក្តៅហួតហែង «អែលនី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ