វិស័យកសិកម្ម

អ្នកជំនាញលើកទឹកចិត្តឱ្យកសិករប្រើសេវាធានារ៉ាប់រងកសិកម្ម ធ្វើជាខែលការពារហានិភ័យពីបាតុភូត«អែលនីណូ»


ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មណែនាំ និងលើកទឹកចិត្តឱ្យប្រជាកសិករខ្មែរ ត្រៀមផែនការការពារការខាតបង់ពីបាតុភូតអាកាសធាតុក្តៅហួតហែង «អែលនីណូ» ដែលកំពុងគំរាមកំហែងដល់វិស័យកសិកម្មតាមរយៈការប្រើប្រាស់«សេវាធានារ៉ាប់រងកសិកម្ម» ដើម្បីផ្ទេរហានិភ័យទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងជាអ្នកទទួលខុសត្រូវជំនួស។ ការណែនាំនេះធ្វើឡើងបន្ទាប់ពីអង្គការឧតុនិយមពិភពលោកបានព្រមានថា តំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា នឹងត្រូវរងគ្រោះដោយសាររលកកម្តៅ និងការខ្វះខាតទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ដែលអាចបំផ្លាញទិន្នផលដំណាំស្រូវទាំងស្រុង។
វិស័យកសិកម្ម
ដោយ

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា ភាពមិនច្បាស់លាស់ នៃរបបទឹកភ្លៀង គឺជាសត្រូវលាក់មុខរបស់កសិករ។ នៅចំពោះមុខវិបត្តិដែលបង្កឡើងដោយសារបាតុភូតអែលនីណូ កសិករដែលខ្វះខែលការពារផ្នែកហិរញ្ញវត្ថុនឹងប្រឈមមុខនឹងការធ្លាក់ខ្លួនចូលក្នុងវិបត្តិបំណុលវ័ណ្ឌក ព្រោះកសិករភាគច្រើនបានខ្ចីបុលពីគ្រឹះស្ថានហិរញ្ញវត្ថុមកធ្វើដើមទុន។ លោកបណ្ឌិតបានបន្ថែមថា បណ្ណធានារ៉ាប់រងកសិកម្ម គឺប្រៀបដូចជាទ្រព្យបញ្ចាំដ៏មានឥទ្ធិពល ដែលជួយឱ្យកសិករងាយស្រួលទទួលបានកម្ចីការប្រាក់ទាប និងជាខែលការពារស្ថិរភាពសន្តិសុខស្បៀង ទោះស្ថិតក្នុងវិបត្តិធម្មជាតិក៏ដោយ។

ជាមួយគ្នានេះ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម បានលើកទឹកចិត្តដល់កសិករឱ្យងាកមកទិញសេវាធានារ៉ាប់រងកសិកម្មលើដំណាំស្រូវឱ្យបានច្រើន ដើម្បីទប់ទល់នឹងឥទ្ធិពលដ៏អាក្រក់របស់ អែលនីណូ។ តែយ៉ាងណាលោកសង្កេតឃើញថា ការយល់ដឹងរបស់កសិករលើសេវានេះនៅមានកម្រិតទាបនៅឡើយ ដែលទាមទារឱ្យមានការផ្សព្វផ្សាយពន្យល់ឱ្យបានទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសឱ្យមានការចូលរួមឧបត្ថម្ភធនពីរាជរដ្ឋាភិបាល។

ដោយឡែកក្នុងនាមជាប្រតិបត្តិករផ្តល់សេវាផ្ទាល់ លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte បានអះអាងថា ស្របពេលកសិករកំពុងប្រឈមនឹងបាតុភូតអែលនីណូ ការទិញធានារ៉ាប់រងកសិកម្មនៅពេលនេះ គឺជាយុទ្ធសាស្ត្របញ្ចៀសការខាតបង់ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់កសិករ។ កន្លងមកក្រុមហ៊ុន Forte ធ្លាប់បានផ្តល់សំណងជាបន្តបន្ទាប់ដល់ប្រជាកសិកររាប់ពាន់គ្រួសារ ដែលជួបវិបត្តិខូចខាតផលដំណាំដោយសារកត្តាអាកាសធាតុរួចមកហើយ។

បើតាមការបញ្ជាក់របស់លោក យក់ ចំរើនប្ញទ្ធិ គិតត្រឹមឆ្នាំ២០២៥ មានកសិករជាង១ពាន់គ្រួសារប៉ុណ្តោះ ដែលបានទិញសេវាធានារ៉ាប់រងកសិកម្មពីក្រុមហ៊ុនហ្វតតេ តាមរយៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា បន្ទាប់ពីការផ្តល់សេវាធានារ៉ាប់រងកសិកម្មក្រោមការឧបត្ថម្ភធនពីរាជរដ្ឋាភិបាលត្រូវបានបញ្ចប់កាលពីឆ្នាំ២០២៣ ដែលកាលនោះមានកសិកម្មប្រមាណ៨ម៉ឺនគ្រួសារឯណោះបានទទួលសេវាធានារ៉ាប់រងកសិកម្មនេះ៕




អត្ថបទបន្ទាប់


ការបង្ក្រាប ស្កេមអនឡាញ ធ្វើឱ្យទីផ្សារជួលអគារដាំក្បាលចុះ តើត្រូវដោះស្រាយបែបណា?

រលកនៃការចាកចេញរបស់ជនបរទេសមួយចំនួន ក្រោយអាជ្ញាធររឹតបន្តឹង និងបើកយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បានធ្វើឱ្យតម្រូវការជួលផ្ទះ អ…

វិបត្តិជំនឿចិត្ត! ការលក់ដូរបោកបញ្ឆោតភូតកុហកអតិថិជនកំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរលើសីលធម៌ និងទំនុកចិត្តសង្គម

មហាជនបានសម្តែងការខកចិត្ត និងហួសចិត្តយ៉ាងខ្លាំង ក្រោយហាងលក់ត្រីសាលម៉ុនដ៏ល្បីល្បាញមួយ ដែលបានឈរជើងលើទីផ្សារអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ