លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានទទួលស្គាល់ថា ការចាកចេញរបស់ជនបរទេសពិតជាបានបង្កើតជាសម្ពាធដល់ទីផ្សារជួលអគារ ដោយសារម្ចាស់អចលនទ្រព្យមិនអាចស្វែងរកអតិថិជនថ្មីមកជំនួសបានភ្លាមៗមែន។ ទោះជាយ៉ាងណាលោកបានសង្កត់ធ្ងន់ថា ផលប៉ះពាល់នេះទំនងជាអាចកើតមានក្នុងរយៈពេលខ្លី និងលើអគារមួយចំនួនប៉ុណ្ណោះ ព្រោះអគារដែលមានស្តង់ដារ និងទីតាំងល្អនៅតែមានតម្រូវការខ្ពស់។ ស្ថិតក្នុងស្ថានភាពនេះ លោក ជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុ និងធនាគារគួរមានយន្តការសម្របសម្រួល ឬបន្ធូរបន្ថយលក្ខខណ្ឌយោគយល់ណាមួយដល់ម្ចាស់អគារ ដើម្បីជួយបន្ធូរបន្ថយសម្ពាធ និងទប់ទល់នឹងការបាត់បង់ចំណូលបណ្តោះអាសន្ននេះ។
ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានមើលឃើញថា ក្រៅពីម្ចាស់អគារ សូម្បីតែអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏កំពុងរងផលប៉ះពាល់ដល់ប្រាក់ចំណូលប្រចាំថ្ងៃផងដែរ។ ប៉ុន្តែអ្នកជំនាញរូបនេះជឿជាក់ថា ទីផ្សារនឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗ តាមរយៈការជំនួសមកវិញនូវក្រុមអ្នកវិនិយោគស្អាតស្អំ និងស្របច្បាប់។ ទន្ទឹមនឹងនេះ លោកបណ្ឌិត បានផ្តល់ជាយោបល់ថា អាជ្ញាធរពាក់ព័ន្ធត្រូវតែអនុវត្តច្បាប់ឱ្យមានតម្លាភាព យុត្តិធម៌ និងត្រូវការពារដាច់ខាតនូវរាល់អ្នកប្រកបអាជីវកម្មត្រឹមត្រូវ ចៀសវាងការឆ្លៀតឱកាសគំរាមកំហែង ដើម្បីប្រព្រឹត្តអំពើពុករលួយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យដល់ឫសគល់នូវបណ្តាញឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ ជាក់ស្ដែងយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំនាពេលកន្លងទៅបានឈានដល់ការកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការរាប់រយករណី និងធ្វើឱ្យជនបរទេសដែលពាក់ព័ន្ធរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តចាកចេញពីកម្ពុជា៕
អត្ថបទ៖ បូ ដូឡា