សូមបញ្ជាក់ថា មកទល់ពេលនេះមូលនិធិអភិវឌ្ឍន៍ជំនាញ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត និង MoU ជាមួយដៃគូពាក់ព័ន្ធបានចំនួន២៧វិស័យ ហើយមូលនិធិនេះកំពុងរង់ចាំដៃគូសហការជាច្រើនទៀត។
ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិអភិវឌ្ឍន៍ជំនាញបានជំរុញឱ្យវិស័យឯកជនងាកមកទាញប្រយោជន៍ពីមូលនិធិអភិវឌ្ឍន៍ជំនាញ ដើម្បីបណ្ដុះបណ្ដាលជំនាញដល់បុគ្គលិកឱ្យមានចំណេះដឹងកាន់តែខ្លាំង ខណៈមកទល់ពេលនេះការទាញប្រយោជន៍ពីមូលនិធិអភិវឌ្ឍន៍ជំនាញរបស់វិស័យឯកជននៅមានកម្រិតតិចនៅឡើយ ហើយថវិកាក្នុងគម្រោងក៏នៅសល់ច្រើន។ ទោះជាយ៉ាងណាឯកឧត្តម ជឿជាក់ថា ការចូលរួមរបស់វិស័យឯកជនជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញវានឹងជួយប្រែក្លាយចក្ខុវិស័យរួមគ្នាឱ្យទៅជាសកម្មភាព ដែលមានលក្ខណៈប្រាកដប្រជា និអាចវាស់វែងបានក្នុងការពង្រឹង និងពង្រីកការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
ជាមួយគ្នានេះឯកឧត្តម គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញបានគូសបញ្ជាក់ថា មកទល់ពេលនេះមូលនិធិអភិវឌ្ឍន៍ជំនាញ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្ត និង MoU ជាមួយដៃគូពាក់ព័ន្ធបានចំនួន២៧វិស័យ។ ជាក់ស្ដែងនៅថ្ងៃទី៩ ខែកក្កដា នេះ មូលនិធិអភិវឌ្ឍន៍ជំនាញបានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយវិស័យឯកជនចំនួន៤ ដើម្បីពង្រឹងកិច្ចសហការ និងជំរុញការអភិវឌ្ឍន៍ធនធានមនុស្សឱ្យត្រូវជាមួយវិស័យឯកជន។ បើតាមឯកឧត្តម គី សុខគីម កិច្ចសហការរវាងមូលនិធិអភិវឌ្ឍន៍ជំនាញជាមួយវិស័យឯកជន គឺដើម្បីជួយដោះស្រាយបញ្ហាប្រឈម និងដាក់ចេញយន្តការជួយដល់អាជីវកម្មរបស់ពួកគេ។
ជាមួយគ្នានេះ ឯកឧត្តម គី សុខគីម ក៏បានលើកទឹកចិត្ត និងជំរុញដល់ម្ចាស់អាជីវកម្ម និងវិស័យឯកជនទាំងឡាយណា ដែលកំពុងត្រូវការការបណ្ដុះបណ្ដាលជំនាញបន្ថែមដល់បុគ្គលិក ឱ្យរួសរាន់ចូលរួមសហការជាមួយគ្រឹះស្ថានបណ្ដុះបណ្ដាល ឬក៏អាចទាក់ទងមកកាន់មូលនិធិអភិវឌ្ឍន៍ជំនាញដោយផ្ទាល់ ដ្បិតបច្ចុប្បន្នមូលនិធិយុទ្ធសាស្ត្រមួយនេះមានដៃគូសហការទាំងស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិសរុបជាង១០០កន្លែងរួចជាស្រេចហើយ ដែលត្រៀមខ្លួនជួយគាំទ្រដល់គ្រប់សហគ្រាសទាំងអស់៕
អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន