សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការវាយដណ្ដើមយកកោះ ខាក ដែលជាតំបន់យុទ្ធសាស្ត្រនាំចេញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់ បានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅក្នុងប្រទេសតួកគី កាលពីថ្ងៃទី៨ ខែកក្កដា។ ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីកងទ័ពសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារលើគោលដៅសំខាន់ៗ ដើម្បីសងសឹកនឹងទង្វើរបស់អ៊ីរ៉ង់ ដែលបានវាយប្រហារលើនាវាដឹកប្រេងចំនួន៣ គ្រឿងនៅក្នុងតំបន់ច្រកសមុទ្រ Hormuz។
លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា កន្លងមកអាម៉េរិកបានផ្តល់ការព្រមានតិចតួចបំផុតដល់អ៊ីរ៉ង់ ហើយលើកនេះអាម៉េរិកនឹងវាយប្រហារពួកគេឱ្យធ្ងន់ធ្ងរបំផុត។ លោកបានបញ្ជាក់ថា កោះ ខាក ធ្លាប់រងការវាយប្រហារជាច្រើនលើករួចមកហើយកាលពីសម័យសង្គ្រាម ប៉ុន្តែនៅពេលនេះអាម៉េរិកអាចនឹងវាយយកកោះ ដែលជាមជ្ឈមណ្ឌលគ្រប់គ្រង ចែកចាយ និងនាំចេញប្រេងរហូតដល់ទៅជាង៩០%របស់ប្រទេសអ៊ីរ៉ង់មួយនេះតែម្ដង។
ស្របពេលលោក ត្រាំ កំពុងបង្កើនសម្ពាធយោធា និងគំរាមវាយដណ្ដើមយកកោះ Kharg ដែលជាបេះដូងសេដ្ឋកិច្ចប្រេងរបស់អ៊ីរ៉ង់ទាំងមូលនោះ ទីក្រុងតេអេរ៉ង់បានសម្រេចចិត្តដាក់ពាក្យប្ដឹងតវ៉ាជាផ្លូវការទៅកាន់អង្គការសហប្រជាជាតិជុំវិញការវាយប្រហារចុងក្រោយរបស់សហរដ្ឋអាម៉េរិក។ បើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRIB បានឱ្យដឹងថា អ៊ីរ៉ង់បានផ្ញើលិខិតតវ៉ាចំនួន២ច្បាប់ដាច់ដោយឡែកពីគ្នាទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ។
លោក អាមៀ សាអ៊ីដ អ៊ីរ៉ាវ៉ានី (Amir Saeid Iravani) ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបានថ្លែងសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារយោធាទ្រង់ទ្រាយធំជាថ្មីម្តងទៀត ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ីរ៉ង់។ លោកបានចាត់ទុកសកម្មភាពយោធារបស់ទីក្រុងវ៉ាស៊ីនតោន គឺជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងកាតព្វកិច្ចអន្តរជាតិផងដែរ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស