ថ្នាក់ដឹកនាំក្រុមហ៊ុន វើលដ័ប្រ៊ីដហូមរូបនេះជឿជាក់ថា ទៅថ្ងៃអនាគតទីក្រុងរណបសិរីមង្គលនឹងក្លាយជាតំបន់ដ៏មានសក្តានុពលមួយរបស់កម្ពុជា ដ្បិតតំបន់នេះបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗ និងនៅក្បែរផ្លូវក្រវាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។
បច្ចុប្បន្ន ក្រុមហ៊ុនអភិវឌ្ឍន៍កំពុងសាងសង់ផ្សារសហគមន៍ ដែលគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។ គោលបំណងនៃការសាងសង់ផ្សារសហគមន៍នេះ គឺដើម្បីចូលរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ក៏ដូចជាចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។
អ្នកគ្រប់គ្រងទូទៅរូបនេះសង្កេតឃើញថា តំបន់ភាគខាងត្បូងរាជធានីភ្នំពេញបច្ចុប្បន្នមានសន្ទុះអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ទាំងការអភិវឌ្ឍន៍លំនៅឋាន អគារពាណិជ្ជកម្ម ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធ។ ទៅថ្ងៃអនាគតភាគខាងត្បូងរាជធានីភ្នំពេញនឹងក្លាយជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពលមិនចាញ់ភាគខាងជើងនោះទេ ដ្បិតតំបន់នេះបណ្តុំដោយគម្រោងអភិវឌ្ឍន៍ធំៗ និងនៅក្បែរផ្លូវក្រវាត់ក្រុងទី៣ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
ជាមួយគ្នានេះឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សង្កេតឃើញថា ការអភិវឌ្ឍនៅឋាននៅភាគខាងត្បូងរាជធានីភ្នំពេញមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ លោកបានគូសបញ្ជាក់ថា ក្រៅពីគម្រោងផ្ទះតម្លៃសមរម្យទីក្រុងរណបសិរីមង្គលរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំៗមួយចំនួនទៀតក៏កំពុងសម្រុកការសាងសង់នៅតំបន់នេះយ៉ាងសស្រាក់សស្រាំផងដែរ។
បច្ចុប្បន្ន តម្លៃដីធ្លីនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញបានហក់ឡើងថ្លៃគួរឲ្យកត់សម្គាល់នៅមួយចុងក្រោយនេះ ពោលគឺបន្ទាប់ពីមានគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវក្រវាត់ក្រុងទី៣។ ទោះបីតម្លៃដីធ្លីនៅតំបន់នោះហក់ឡើងក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន WorldBridge Homes មិនបានដំឡើងថ្លៃផ្ទះខ្ពស់ហួសសមត្ថភាពប្រជាពលរដ្ឋនៅតំបន់នោះនោះទេ។ ដោយតាំងពីបើក លក់ដំបូងរហូតមកទល់ពេលនេះ តម្លៃផ្ទះ នៅតែមានតម្លៃចន្លោះពី ២៥.០០០ដុល្លារ ទៅក្រោម ៣០.០០០ ដុល្លារអាមេរិកដដែល។
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឲ្យដឹងថា ក្រៅពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងទីក្រុងរណប ក្រសួង ក៏បានគិតគូរអភិវឌ្ឍលំនៅដ្ឋាន ដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ ដែលមានចំណូលទាប និងមធ្យម ឲ្យបានចំនួនបីទីតាំងបន្ថែមទៀត ស្មើនឹង ៨ពាន់លំនៅដ្ឋាន នៅពេលខាងមុខ។
តាមការគិតគូរជំរឿនប្រជាសាស្ត្រ នៅឆ្នាំ២០៣០ ខាងមុខ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៨លាននាក់ នឹងមានតម្រូវការលំនៅដ្ឋានថ្មី ប្រមាណ ១លាន១សែនខ្នងបន្ថែមទៀត ខណៈនៅរាជធានីភ្នំពេញ និងទីប្រជុំជនផ្សេងៗ មានតម្រូវការលំនៅដ្ឋាន ៥ម៉ឺនខ្នងក្នុងមួយឆ្នាំ៕