ទំនប់វារីអគ្គីសនីដ៏ថ្មីសន្លាងរបស់កម្ពុជា ដែលសាងសង់ឡើងដោយចិនមួយនេះ ត្រូវបានគេរំពឹងថា នឹងជួយកម្ពុជា ឲ្យមានលទ្ធភាពផលិតថាមពលអគ្គីសនីដោយខ្លួនឯង ព្រមទាំងផ្គត់ផ្គង់ថាមពលអគី្គសនីក្នុងតម្លៃទាប ដល់ប្រជាពលរដ្ឋផងដែរ ខណៈដែលវា មានសមត្ថភាពផលិតថាមពលអគ្គីសនីបាន ៤០០មេហ្កាវ៉ាត់ ពោលគឺអាចផលិតថាមពលអគ្គីសនីបានប្រមាណ ១ភាគ៥ នៃទិន្នផលថាមពលអគ្គីសនីសរុប ក្នុងប្រទេសកម្ពុជា។ ទំបន់វារីអគ្គិសនី សេសានក្រោម២ នេះ ត្រូវបានដឹងថា មានប្រវែងជាង ៦ គីឡូម៉ែត ហើយក៏ជាទំបន់ដ៏វែងបំផុតក្នុងទ្វីបអាស៊ីផងដែរ។
គម្រោងនេះ ត្រូវបានវិនិយោគរួមគ្នារវាងក្រុមហ៊ុន
Huaneng Hydrolancang International Energy របស់ចិន ដែលបានកាន់កាប់ចំណែកភាគហ៊ុនចំនួន ៥១% ជាមួយនឹងក្រុមហ៊ុន
រូយ៉ាល់ ហ្គ្រុប កម្ពុជា ដែលជារបស់អ្នកឧកញ៉ា គិត ម៉េង បានកាន់កាប់ចំណែកភាគហ៊ុនចំនួន
៣៩% និងក្រុមហ៊ុន EVN International Joint Stock Company របស់វៀតណាម
ដែលកាន់កាប់ភាគហ៊ុនចំនួន ១០% ផងដែរ។
ក្រោយពីទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ត្រូវបានដាក់ឲ្យដំណើរ នឹងត្រូវតបណ្តាញពីខេត្ត ស្ទឹងត្រែងទៅក្រចេះ ពីក្រចេះទៅកំពង់ចាម និងបន្តពីកំពង់ចាមទៅរាជធានីភ្នំពេញ ពោលគឺត្រូវតភ្ជាប់បណ្តាញមេទាំងអស់ ដែលគេរំពឹងថា នឹងធ្វើឲ្យតម្លៃអគ្គិសនីធ្លាក់ចុះថោកជាបន្តបន្ទាប់។
សូមជម្រាបថា កាលពីឆ្នាំ២០១៧ ប្រភពអគ្គិសនីក្នុងស្រុករបស់កម្ពុជាមានជាង ១.៨០០ មេហ្គាវ៉ាត់ ឬស្មើនឹងជាង ៨១% នៃប្រភពថាមពលអគ្គិសនីសរុប ខណៈដែលប្រភពអគ្គិសនីនាំចូលមានជាង ៤០០មេហ្គាវ៉ាត់ ឬស្មើនឹងប្រមាណជាង ១៨%។ ដោយឡែក នៅឆ្នាំ២០១៨នេះ កម្ពុជារំពឹងថា នឹងបង្កើនប្រភពអគ្គិសនីក្នុងស្រុកឲ្យបានដល់ជាង ២.២០០ មេហ្គាវ៉ាត់ ឬស្មើនឹងជាង ៨៣% នៃប្រភពថាមពលអគ្គិសនីសរុប៕