Gangnam គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប របស់ទីក្រុងសេអ៊ូល មានអគារខ្ពស់ៗ ម៉ាកយីហោល្បីៗ និងក្លឹបរាត្រីទាន់សម័យជាច្រើនកន្លែង។ តំបន់នេះ ជាកន្លែងដែលមានការប្រើប្រាស់រថយន្តទំនើបៗច្រើនផងដែរ។
បើយោងតាមសមាគមធានារ៉ាប់រងទូទៅនៃប្រទេសកូរ៉េ គិតត្រឹមម៉ោងរសៀលថ្ងៃអង្គារទី ០៩កក្កដា ក្រុមហ៊ុនធានារ៉ាប់រងលើការខូចខាតរថយន្តចំនួន១២ក្រុមហ៊ុន បានទទួលពាក្យបណ្តឹងជិត៤៨០០ករណី សម្រាប់រថយន្តដែលលិចទឹកអស់ពេញមួយយប់ថ្ងៃទី ៨ ខែសីហា។
ការខូចខាតត្រូវបានគេប៉ាន់ស្មានថា មានចំនួនជាង ៦៥ពាន់លានវ៉ុន ឬស្មើនឹងប្រមាណ ៥០ លានដុល្លារ ប៉ុន្តែចំនួននេះមិនទាន់អស់នៅឡើយទេ ពោលវាត្រូវបានគេរំពឹងថា នឹងកើនឡើងទៀត នៅពេលដែលភ្លៀងធ្លាក់ខ្លាំងត្រូវព្យាករណ៍ថា នឹងបន្តរហូតដល់ពេញមួយសប្តាហ៍នេះតែម្ដង។
ដោយសារទឹកភ្លៀងបានប្រមូលផ្តុំនៅក្នុងតំបន់ Gangnam ដែលជាកន្លែងប្រមូលផ្តុំការប្រើប្រាស់រថយន្តថ្លៃៗ ក្រុមហ៊ុនធានារ៉ាប់រងនឹងប្រឈមមុខនឹងការទាមទារសំណងច្រើនធ្ងន់កតែម្តង។ ក្នុងចំណោមរថយន្តដែលខូចខាតទាំងអស់មានជាង ៩០០គ្រឿងជារថយន្តនាំចូល ខណៈរថយន្តភាគច្រើនដែលប្រើប្រាស់នៅកូរ៉េជារថយន្តផលិតក្នុងស្រុក។ នេះបើតាមមន្ត្រីមកពីក្រុមហ៊ុនធានារ៉ាប់រងទូទៅមួយរូបប្រាប់អ្នកយកព័ត៌មាន។
ដោយឡែក ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងធំៗនៅកូរ៉េ ក្រុមហ៊ុន Samsung Fire & Marine Insurance ទទួលបណ្តឹមការទាមទារសំណងជាង ១៨០០ករណី។ ក្នុងនោះការខូចខាតនៃរថយន្តនាំចូលមានប្រហែល ៧០០គ្រឿង និងរថយន្តក្នុងស្រុកចំនួនប្រមាណ ១១០០ គ្រឿងដែលអាចឱ្យក្រុមហ៊ុនចំណាយប្រាក់ផ្តល់សំណងរហូតដល់ជិត២៣លានដុល្លារ។ ក្រៅពីនោះ ក្រុមហ៊ុន DB Insurance រំពឹងថា ការខូចខាតមានចំនួនច្រើនជាង៨លានដុល្លារ បន្ទាប់ពីបានទទួលរបាយការណ៍អំពីរថយន្តលិចលង់ចំនួនជាង ៩០០ ដែលក្នុងនោះ ២៨០គ្រឿងជារថយន្តនាំចូល។
គួរជម្រាបថា កាលពីថ្ងៃអង្គារទី០៩កក្កដា មនុស្សយ៉ាងហោចណាស់ ៩នាក់បានស្លាប់ ហើយ ៧ នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីស្ថានីយ៍រថភ្លើងក្រោមដី និងផ្លូវសំខាន់ៗនៅក្នុងទីក្រុងសេអ៊ូល កូរ៉េខាងត្បូងបានជន់លិច ក្រោយពីពេលមានភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ តំបន់រងគ្រោះធំជាងគេគឺ Gangnam ដែលជាសង្កាត់អ្នកមាន និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់មួយ នៅភាគខាងត្បូងនៃទីក្រុងសេអ៊ូល ទទួលទឹកភ្លៀងក្នុងកម្រិតជាង ៣២០ មីលីម៉ែត្រ។ នេះបើតាមយោងតាមទិន្នន័យពីមន្ទីរឧតុនិយមកូរ៉េ៕