អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមយល់ថា ក្រសួង និងស្ថាប័នពាក់ព័ន្ធគួរតែមានវិធានការចំពោះការផ្សាយផ្ទាល់របស់អ្នកកាសែត និងប្រាប់ពួកគេថា ព័ត៌មានបែបណាគួរផ្សាយផ្ទាល់ ហើយព័ត៌មានបែបណាមិនគួរផ្សាយផ្ទាល់ ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ។
លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម កត់សម្គាល់ឃើញថា ក្រោយកើតមានករណីអ្នកកាសែតពីររូបបានប្រើកាយវិការ និងពាក្យសម្តីបំពានលើរាងកាយរបស់នារីជនសង្ស័យជាជនជាតិវៀតណាម មិនត្រឹមតែមានការប្រតិកម្មពីប្រទេសវៀតណាម នោះទេ តែវីដេអូនោះត្រូវបានជនជាតិថៃ ប្រើដើម្បីបណ្ដុះបង្អាប់ និងវាយប្រហារមកលើកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ពលរដ្ឋមិនគួរនាំគ្នាចែកចាយរូបភាព និងវីដេអូពាក់ព័ន្ធនឹងទង្វើអសីលធម៌របស់អ្នកកាសែតអនឡាញទាំងនោះទៀតនោះទេ ដើម្បីចៀសវាងប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ តែយ៉ាងណាអាជ្ញាធរត្រូវតែចាត់វិធានការផ្លូវច្បាប់បន្ថែមពីលើកំហុសខុសវិជ្ជាជីវៈអ្នកសារព័ត៌មានបន្ថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា ករណីបង្ក្រាបបទល្មើសរំដោះឧក្រិដ្ឋជនជនជាតិវៀតណាមនេះ ទាំងសមត្ថកិច្ចទាំងអ្នកកាសែតហាក់បានធ្វើខុសជាមួយវិជ្ជាជីវៈទាំងព្រម ដោយសមត្ថកិច្ចចុះបង្រ្កាបឧក្រិដ្ឋជនជារឿង ដែលត្រឹមត្រូវហើយ ប៉ុន្តែឧក្រិដ្ឋជនក៏ជាមនុស្ស ដោយមិនត្រូវផ្សព្វផ្សាយបង្ហាញពីមុខមាត់របស់ពួកគេនោះទេ។ អ្នកជំនាញរូបនេះ បានស្នើដល់អ្នកកាសែតអនឡាញទាំងអស់ត្រូវពង្រីងវិជ្ជាជីវៈ ក្រមសីលធម៌ជាអ្នកសារព័ត៌មានឱ្យបានខ្ចាប់ខ្ជួន ចៀសវាងប្រព្រឹត្តទង្វើរំលោភបំពានណាមួយដូចករណីខាងលើ ដែលនាំឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើបណ្ដាញសារព័ត៌មានទាំងមូល។
ដោយឡែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានចាត់ទុកទង្វើរបស់អ្នកកាសែតអនឡាញបំពានលើជនសង្ស័យជានារីវៀតណាម កាលពីពេលថ្មីៗ ជារូបភាពអវិជ្ជមានមួយ ដែលអ្នកកាសែតផ្សេងទៀតត្រូវចៀសវាង។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះ ស្នើដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធគួរតែមានវិធានការចំពោះការផ្សាយផ្ទាល់របស់អ្នកកាសែត ដោយព័ត៌មានបែបណាត្រូវផ្សាយផ្ទាល់ ព្រោះការផ្សាយផ្ទាល់មួយចំនួនអាចរំលោភសិទ្ធិឯកជនភាពតាមរយៈបង្ហាញអត្តសញ្ញាណជនសង្ស័យ ដែលមិនទាន់ត្រូវបានកាត់ទោស ដែលខុសពីវិជ្ជាជីវៈជាអ្នកសារព័ត៌មាន។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា កន្លងមកសមត្ថកិច្ចតែងហាមមិនឱ្យអ្នកសារព័ត៌មានចុះយកព័ត៌មាននៅពេលមានប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ តែត្រូវបានអ្នកសារព័ត៌មានដាក់បន្ទុកថា ជាការបិទសិទ្ធិក្នុងការផ្សាយផ្ទាល់ជាដើម។ ជាក់ស្ដែង ករណីចុះបង្ក្រាបបទល្មើសផ្ដល់ប្រាក់កម្ចីអនឡាញខុសច្បាប់នៅខេត្តព្រៃវែង កាលពីកន្លងទៅ ដែលត្រូវបានអ្នកសារព័ត៌មានដេញតាមផ្សាយផ្ទាល់ ដែលធ្វើឱ្យធ្លាយព័ត៌មានទៅដល់មុខសញ្ញា នាំឱ្យមុខសញ្ញារត់គេចខ្លួន ដែលធ្វើឱ្យសមត្ថកិច្ចបរាជ័យក្នុងការចាប់ជនល្មើស។ ដោយឡែកបញ្ហា ដែលកើតមាននៅក្នុងខេត្តស្វាយរៀងថ្មីៗនេះ ក៏ជាកត្តាប្រឈមនាំឱ្យបរាជ័យក្នុងការចាប់យកមុខសញ្ញាទាំងអស់ផងដែរ។ បើតាមអ្នកនាំពាក្យរងរូបនេះ ក្រសួងមហាផ្ទៃនឹងរៀបចំសណ្ដាប់ធ្នាប់ ពាក់ព័ន្ធនឹងការផ្សាយផ្ទាល់របស់អ្នកកាសែតឡើងវិញ។
គួរបញ្ជាក់ថា ក្រោយវីដេអូជនសង្ស័យជានារីវៀតណាម ដែលរងការរំលោភបំពានពាក្យសម្តី និងកាយវិការពីអ្នកកាសែតអនឡាយពីររូបពាក់ព័ន្ធបេសកកម្មចុះបង្រ្កាបបទល្មើសរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង ត្រូវបានបង្ហោះ និងចែកចាយលើបណ្ដាញសង្គម ប្រទេសថៃ បានយកវីដេអូនោះទៅបង្កើតជារូបភាពផ្សេងៗ ដោយប្រើបច្ចេកវិទ្យា AI វាយប្រហារកម្ពុជា ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា។ ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់ការចែកចាយវីដេអូខាងលើនេះ ចៀសវាងនាំឲ្យមានការភាន់ច្រឡំ និងព្រមានចាត់វិធានការផ្លូវច្បាប់ផងដែរ៕
អត្ថបទ៖ ជា ម៉ារ៉ា