ជុំវិញបញ្ហានេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចស្នើឱ្យរាជរដ្ឋាភិបាលគួរតែបង្កើត និងកំណត់ស្ដង់ដារត្រួតពិនិត្យការនាំចូលបន្លែ ត្រីសាច់ពីប្រទេសជិតខាងឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់ទីផ្សារកសិផលក្នុងស្រុក ក៏ដូចជាចៀសវាងផលប៉ះពាល់ដល់សុខភាពសាធារណៈ។ ជាក់ស្ដែង ការហូរចូលសាច់បង្កកខុសច្បាប់ និងខូចគុណភាពនៅមួយរយៈចុងក្រោយបានទាញទម្លាក់តម្លៃជ្រូក និងគោរស់ក្នុងស្រុកឱ្យធ្លាក់ចុះយ៉ាងគំហុក ដែលបង្ខំឱ្យកសិករចិញ្ចឹមសត្វខ្នាតតូចជាច្រើនបោះបង់ការចិញ្ចឹម និងកសិដ្ឋានធំៗមួយចំនួនកាត់បន្ថយបរិមាណសត្វ ក្រោយមិនទទួលបានប្រាក់ចំណេញ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ស្ថិតក្នុងបរិបទអនុវត្តន៍ទីផ្សារសេរី កម្ពុជាមិនអាចហាមឃាត់ទាំងស្រុងកុំឲ្យមានការនាំចូលបន្លែ ត្រីសាច់ ពីខាងក្រៅបានឡើយ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បច្ចុប្បន្នការអនុវត្តន៍ស្តង់ដារត្រួតពិនិត្យគុណភាពបន្លែ ផ្លែឈើ និងត្រីសាច់នាំចូលពីក្រៅប្រទេសជាពិសេសប្រទេសក្បែរខាងរបស់កម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យមានការហូរចូលបន្លែផ្លែឈើ និងត្រីសាច់ខ្វះគុណភាពមកកាន់ទីផ្សារកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ការហូរចូលយ៉ាងគំហុកនូវផលិតផលកសិកម្មខ្វះគុណភាពទាំងនោះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ ដល់ទីផ្សារកសិផលក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ទៀតផង។
យ៉ាងណាមិញលោកបណ្ឌិត គី សេរី វឌ្ឍន៍ កត់សម្គាល់ឃើញថា ទោះបីបច្ចុប្បន្នបណ្ដាប្រទេសនានាបានអនុវត្តទីផ្សារសេរី ប៉ុន្តែការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារនានា ទំាងក្នុងតំបន់ និងពិភពលោកហាក់នៅមានភាពស្មុគស្មាញច្រើនជាងការនាំចូលទំនិញពីទីផ្សារផ្សេងៗចូលមកប្រទេសកម្ពុជា។ កត្តានេះហើយទើបនៅមួយរយៈពេលចុងក្រោយនេះ ការហូរចូលនៃសាច់បង្កកខុសច្បាប់ និងខូចគុណភាពមកក្នុងទីផ្សារកម្ពុជាបន្តកើតឡើងឥតឈប់ឈរ និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។ ត្រង់ចំណុចនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានស្នើដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គួរមានការកំណត់នូវស្ដង់ដាររបាំងមិនមែនពន្ធសម្រាប់នាំចញ-ចូលទំនិញឲ្យបានត្រឹមត្រូវលើការនាំចូលត្រីសាច់ បន្លែ ពីទីផ្សារខាងក្រៅ ក្នុងគោលបំណងលើកកម្ពស់ទីផ្សារកសិផលក្នុងស្រុក ក៏ដូចជា ចៀសវាងប៉ះពាល់សុខភាពសាធារណៈ។
ម្យ៉ាងវិញទៀត លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ឃើញថា ដើម្បីឲ្យវិស័យកសិកម្មរបស់កម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសដទៃ អ្នកប្រកបរបរកសិកម្មនៅកម្ពុជា គួរមានការបែងចែកការផលិតសម្រាប់នាំចេញ និងការផលិតសម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងស្រុក ជាពិសេសគួរងាកពីការផលិតកសិផលតាមបែបប្រើប្រាស់ជីថ្នាំគីមី មកជាការផលិតតាមបែបសរីរាង្គជំនួសវិញ។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នមានតែការផលិតតាមបែបសរីរាង្គទេ ដែលអាចជួយឱ្យវិស័យកសិកម្មរបស់កម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ព្រោះការផលិតបែបនេះបើទោះបីផ្តល់ទិន្នផលទាប តែអាចលក់បានតម្លៃថ្លៃ និងអាចជួយកែប្រែកម្ពុជាឱ្យក្លាយសួនច្បារបន្លែបង្ការសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអាចជួយបម្រើដល់វិស័យទេសចរណ៍ផងដែរ។
សូមបញ្ជាក់ថា នៅរយៈពេលពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបជាង ៨លានតោនទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ជាង ៤ពាន់លានដុល្លារ។ ក្នុងនោះ ចំណូលពីការនាំចេញអង្ករមានជាង ៥៦៧លានដុល្លារ និងចំណូលពីការនាំចេញស្រូវមានជិត ៩៤០លានដុល្លារ ហើយចំណូលពីការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជិត ២ពាន់៨រយលានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ៕