ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអះអាងថា នៅគ្រប់រាជធានីខេត្តទាំងអស់ សុទ្ធតែបានរៀបចំគោលដៅទេសចរណ៍ និងបង្ហាញពីផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកកម្សាន្តបានកាន់តែច្រើន។ តួយ៉ាង ដូចជានៅខេត្តសៀមរាបជាដើម ដែលបានបង្កើត ព្រឹត្តិការណ៍ «សម្រាកសៀមរាប» គួបផ្សំនឹង ព្រឹត្តិការណ៍កីឡា ទេសចរណ៍វប្បធម៌ និងប្រពៃណីផងដែរ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានបញ្ជាក់ដែរថា ខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ និងកម្មវិធីប្លែកៗជាច្រើន ដើម្បីទាក់ទាញទេសចរ ដូចជា កម្មវិធីសាសនា កម្មវិធីពិព័រណ៍បន្លែផ្លែឈើ-កសិផល ផ្សារទឹក កម្មវិធីជិះកង់ ជាដើម ហើយមិនត្រឹមតែប៉ុណ្ណោះ រដ្ឋបាលខេត្តសៀមរាប ក៏បានគិតគូរអំពី វិធានការសុវត្ថិភាពជម្ងឺកូវីដ-១៩ ដោយបានទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ចូលរួមអនុវត្តជាប់ជានិច្ច។
ដោយឡែកចំពោះ ស្ថិតិភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាមបណ្តាខេត្តក្បែរៗនោះ រួមមាន ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាង ១៣ម៉ឺននាក់ ខេត្តពោធិ៍សាត់ មានជិត ៦ម៉ឺននាក់ និងខេត្តប៉ៃលិន ទទួលភ្ញៀវទេសចរជាង ២ម៉ឺននាក់។
បើយើងក្រឡេកមកតំបន់ប៉ែកជាប់មាត់សមុទ្រវិញ យើងឃើញថា ខេត្តកំពត មានភាពលេចធ្លោជាងគេ ដោយទទួលបានភ្ញៀវទេសចរជាង ១៨ម៉ឺននាក់ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ ខណៈខេត្តកែប មានលេចធ្លោដូចគ្នា មានលំហូរភ្ញៀវទេសចរជាង ១៤ម៉ឺននាក់ និងខេត្តព្រះសីហនុ ទទួលបានជាង ១១ម៉ឺននាក់។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៩ថ្ងៃ ចំនួនភ្ញៀវទៅកម្សាន្តនៅខេត្តកំពតប្រមាណជិត ២៦ម៉ឺននាក់ ប៉ុន្តែបើគិតត្រឹមរយៈពេល ៥ថ្ងៃ សម្រាប់អំឡុងពេលឈប់សម្រាកនេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង ១៨ម៉ឺននាក់ ដោយក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិ មានជិត ៧០០នាក់ ដោយខេត្តកំពតបានក្លាយជាគោលដៅទាក់ទាញទេសចរដ៏ពេញនិយមជាងគេ ក្នុងចំណោមបណ្តាខេត្តជាប់មាត់សមុទ្រ។
លោក បញ្ជាក់ថា ការកើនឡើងចំនួនភ្ញៀវច្រើនយ៉ាងដូច្នេះ ដោយសារ ខេត្តនេះ សម្បូរទៅដោយកន្លែងកម្សាន្តច្រើនបែបធម្មជាតិ រួមផ្សំជាមួយ សកម្មភាពកម្សាន្តច្រើនសម្បូរបែប ដែលធ្វើឲ្យភ្ញៀវមានជម្រើសច្រើន ទាំងអាហារសមុទ្រក៏សម្បូរ និងទាំងផ្លែឈើធម្មជាតិក៏សម្បូរផងដែរ។
លោកប្រធានមន្ទីរទេសចរណ៍រូបនេះ បានឲ្យដឹងទៀតថា បើទោះបីជាមានចំនួនភ្ញៀវទេសចរច្រើន ក្នុងអំឡុងពេលនេះក្តី តែយ៉ាងណាការផ្គត់ផ្គង់កន្លែងស្នាក់នៅ គឺមិនមានការខ្វះខាតនោះឡើយ ហើយតម្លៃម្ហូបអាហារវិញ ក៏មិនមានការតម្លើងថ្លៃអាក្រក់ហួសហេតុពេកដែរ ពោលគឺ តម្លៃសមរម្យអាចទទួលយកបាន។
យើងងាកមកមើលតំបន់ប៉ែកឦសាននៃប្រទេសកម្ពុជាវិញក៏ទទួលបានភ្ញៀវទេសចរ ទៅធ្វើដំណើរកម្សាន្តច្រើន គួរឲ្យកត់សម្គាល់ផងដែរ ដោយក្នុងនោះ ខេត្តរតនគិរី ទទួលភ្ញៀវទេសចរច្រើនជាងគេ ពោលគឺជាង ៥ម៉ឺននាក់ ហើយខេត្តមណ្ឌលគិរី មានជាង ៤,៣ម៉ឺននាក់ និងខេត្តក្រចេះ មានជាង ១ម៉ឺននាក់។
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានគូសបញ្ជាក់ថា ភ្ញៀវទេសចរ បានចូលមកកម្សាន្តតាមរមណីយដ្ឋានដ៏ទាក់ទាញទាំង ១៤កន្លែងនៅក្នុងខេត្តរតនគិរី ដែលសុទ្ធសឹងជា រមណីយដ្ឋានធម្មជាតិ ហើយផ្ទះសំណាក់ និងសណ្ឋាគារជាច្រើន គឺមានភ្ញៀវស្នាក់នៅពេញទាំងអស់។
ជាមួយគ្នានេះ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងផងដែរថា ក្នុងរយៈពេល ៥ថ្ងៃនៃថ្ងៃឈប់សម្រាកនេះ កំណើនភ្ញៀវកើនជិត ៧០ភាគរយ ក្នុងនោះ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺមានភ្ញៀវច្រើនជាងគេ។
លោក ងិន សុវិមាន បានឲ្យដឹងទៀតថា កំណើនភ្ញៀវខ្លាំង ក្នុងអំឡុងពេលនេះ បានធ្វើឲ្យការផ្គត់ផ្គង់កន្លែងស្នាក់នៅ ហាក់មានការខ្វះខាត ដែលទាមទារឲ្យ មានការអភិវឌ្ឍកាន់តែច្រើនបន្ថែមទៀតសម្រាប់សេវាកម្មស្នាក់នៅ។ លោកថា ភ្ញៀវអាចមានច្រើនជាងនេះ ប្រសិនជាខេត្តមួយនេះ មានការផ្តល់សេវាកម្មស្នាក់នៅគ្រប់គ្រាន់នោះ ព្រោះបើតាមការឲ្យដឹងពី ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់មានភ្ញៀវច្រើន បានបង្វែរការដើរកម្សាន្ដទៅខេត្តផ្សេងជំនួសវិញ ដោយសារកក់បន្ទប់ស្នាក់នៅមិនមាន។
កំណើនភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធប់នេះ ត្រូវបានក្រសួងទេសចរណ៍កម្ពុជា បញ្ជាក់ថា ការចំណាយរបស់ ភ្ញៀវទេសចរ ភាគច្រើនបានហូរចូលដោយផ្ទាល់ទៅក្នុង ចរន្តសេដ្ឋកិច្ចមូលដ្ឋាន ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើន បានបើកទទួលភ្ញៀវ តាំងពីសេវាស្នាក់នៅ និងម្ហូបអាហារ ក៏ប៉ុន្តែ សណ្ឋាគារកម្រិតខ្ពស់ ដែលធ្លាប់ទទួលភ្ញៀវអន្តរជាតិ ពុំទាន់បើកដំណើរការឡើងវិញឡើយ ជាពិសេសនៅខេត្តសៀមរាប៕