
ការប្រារព្ធពិធីទទួលជើងហោះហើរជាផ្លូវការរបស់អាកាសយានដ្ឋានសៀមរាបអង្គរនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
បើតាមអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធ្លាប់បានអះអាងថា សម្រាប់ពិធីសម្ពោធជាផ្លូវការអាកាសយានដ្ឋានសៀមរាបអង្គរ អាចនឹងធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំនៃប្រទេសចិនផងដែរ។

អាកាសយានដ្ឋានសៀមរាបអង្គរថ្មីនេះ ត្រូវបានវិនិយោគសាងសង់ឡើងដោយក្រុមហ៊ុន Angkor International Airport Invesment (Cambodia) Co.,Ltd ខណៈការសាងសង់បានចាប់ផ្ដើមឡើងតាំងពីខែមីនាឆ្នាំ២០២០មកម្ល៉េះ ហើយការវិនិយោគ គឺធ្វើឡើងក្នុងទម្រង់ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ អាកាសយានដ្ឋាននេះ ក៏ត្រូវអភិវឌ្ឍឲ្យក្លាយទៅជាអាកាសយានដ្ឋានលំដាប់ 4F ដែលមានសមត្ថភាពអាចឲ្យយន្ដហោះខ្នាតធំចុះចតបានផងដែរ។

ស្ថិតនៅចម្ងាយប្រហែលជាង ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប ព្រលានយន្ដហោះនេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងមានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។

អាកាសយានដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសបានដល់ទៅ ១ម៉ឺនតោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៤០ និងអាចទទួលជើងហោះហើរបានដល់ទៅជិត ៦ម៉ឺន៦សែនជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំនេះ ទៅដល់ជាង ១១ម៉ឺនជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៤០។
សូមបញ្ជាក់ថា ក្រោយពីមានការបើកដំណើរការអាកាសយានដ្ឋានសៀមរាបអង្គរថ្មីនេះ អាកាសយានដ្ឋានសៀមរាបចាស់ ក៏នឹងត្រូវបិទ លែងឲ្យមានការដំណើរការហោះហើរផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕


