បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលគម្រោងនេះបានបញ្ចប់ការសិក្សាបឋមហើយ នៅរង់ចាំតែការសិក្សាលម្អិតប៉ុណ្ណោះ។ ប៉ុន្តែពាក់ព័ន្ធពេលវេលាសាងសង់មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា អាចមានការពន្យារពេលពី១ឆ្នាំទៅ២ឆ្នាំទៀត ក្រោយក្រុមហ៊ុនដដែលទទួលបានសិទ្ធិអភិវឌ្ឍគម្រោងនេះ បានជួបបញ្ហាហិរញ្ញវត្ថុ ដោយសារវិបត្តិកូវីដ-១៩។ តាមផែនការនាពេលកន្លងមក ព្រលានយន្តហោះខ្នាតតំបន់នេះ គ្រោងអភិវឌ្ឍឡើងនៅលើផ្ទៃដី៦០០ហិកតាជាមួយទុនវិនិយោគ៦០លានដុល្លារ ដែលជាគម្រោងគាំទ្រដល់វិស័យទេសចរណ៍។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះកម្រិតតំបន់នៅខេត្តមណ្ឌលគិរី កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីក្រុមហ៊ុនចិន Powerchina International Group សុំពន្យារពេលក្នុងការសាងសង់។ ទោះយ៉ាងណា ឯកឧត្តម មិនបានបញ្ជាក់លម្អិតពីមូលហេតុ នៃការស្នើសុំពន្យារពេលនេះនោះទេ គ្រាន់តែបង្ហើបឲ្យដឹងត្រួសៗថា ក្រុមហ៊ុននេះជួបបញ្ហាមួយចំនួនពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ ដោយសារតែវិបត្តិកូវីដ-១៩។
យ៉ាងណាមិញ មកទល់ពេលនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា មិនទាន់ដឹងទេថា គម្រោងនេះអាចនឹងសាងសង់នៅពេលណានោះទេ។ ប៉ុន្តែ ឯកឧត្តម វាយតម្លៃថា ការអភិវឌ្ឍគម្រោងនេះអាចមានការពន្យារពេលពី១ឆ្នាំទៅ២ឆ្នាំទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនខាងលើកំពុងស្វែងរកក្រុមហ៊ុនផ្សេងឲ្យមកទទួលការងារសាងសង់គម្រោងនេះជំនួសខ្លួនវិញ។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា គម្រោងនេះបានបញ្ចប់ការសិក្សាបឋមហើយ នៅឡើយតែសិក្សាលម្អិតតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតជម្រាបជូនមួយដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋបាលខេត្តបណ្ឌលគិរី ស្តីពីការវិនិយោគសាងសង់អាកាសយានដ្ឋានថ្មីនៅខេត្តមណ្ឌលគិរី ក្រោមទម្រង់ភាពជាដៃគូរវាងរដ្ឋនិងឯកជន។ ជាមួយគ្នានេះរដ្ឋាភិបាលបានសម្រេចជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍន៍គម្រោងព្រលានយន្តហោះខ្នាតតំបន់មួយនេះ។
ព្រលានយន្តហោះខ្នាតតំបន់មួយនេះគ្រោងសាងសង់លើផ្ទៃដីប្រមាណ៦០០ហិកតាជាមួយទុនវិនិយោគប្រមាណ៦០លានដុល្លារអាមេរិក។ គម្រោងដែលមានទីតាំងស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីនេះ គឺអភិវឌ្ឍន៍ឡើងដើម្បីគាំទ្រដល់វិស័យទេសចរណ៍ជាពិសេសជួយអភិវឌ្ឍន៍ទេសចរណ៍នៅខេត្តនៅភូមិភាគឦសានមួយនេះតែម្តង។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការមេឆ្នាំ២០២១-២០៣៥ ដើម្បីអភិវឌ្ឍន៍ខេត្តមណ្ឌលគីរីឲ្យក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងប៉ូលសេដ្ឋកិច្ចទី៤ប្រចាំភូមិភាគឦសាន បន្ទាប់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងខេត្តសៀមរាប។ តាមរយៈផែនការនេះ ខេត្តមណ្ឌលគិរីរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានប្រមាណ៩ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ២លាននាក់នៅឆ្នាំ២០៣៥៕