ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នឹងចាប់ផ្តើមពង្រីកហេដ្ឋារចនាសម្ព័ន្ធ ចាប់ពីដើមឆ្នាំ ២០២០ខាងមុខតទៅហើយ បន្ទាប់ពីផែនការមេ ត្រូវបានឯកភាពជាគោលការណ៍ដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
ផែនការមេ ស្តីពី ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ត្រូវបានឯកភាពជាគោលការណ៍ហើយ នៅក្នុងប្រជុំជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន ដែលដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
បើតាមផែនការមេ បានបង្ហាញឲ្យដឹងថា នៅដើមឆ្នាំ ២០២០ នឹងមានការសាងសង់ ស្ថានីយ៍អ្នកដំណើរថ្មី ដែលមានសមត្ថភាពទទួលអ្នកដំណើរ ៣លាន ៦សែននាក់ សម្រាប់ដំណាក់កាលទី ១ នៅពាក់កណ្តាលឆ្នាំ ២០២២ ហើយនឹងបន្តពង្រីកសមត្ថភាពទទួលអ្នកដំណើរបន្ថែមដល់ជាង ១០លាននាក់ នៅដំណាក់កាលបន្តបន្ទាប់។
ក្រៅពីនោះ អាកាសយានដ្ឋានព្រះសីហនុ ក៏កំពុងពង្រីកផ្លូវរត់ហោះហើរពី ២៥០០ម៉ែត្រ ដល់ ៣៣០០ម៉ែត្រ ពោលគឺ ពង្រីក ៨០០ម៉ែត្របន្ថែម គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២០ខាងមុខ ដែលអាចទទួលបានការចុះចតយន្តហោះគ្រប់ប្រភេទ រួមទំាងយន្តហោះខ្នាតធំ។
លើសពីនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៃអាកាសយានដ្ឋាននេះ ត្រូវបានពង្រឹង និងពង្រីកផងដែរ ដើម្បីឆ្លើយតបទៅតាម កំណើននៃការហោះហើរក្នុងស្រុក និងអន្តរជាតិ។
គួររម្លឹកដែរថា ក្នុងឆមាសទី ១ ដើមឆ្នាំ២០១៩នេះ វិស័យអាកាសចរណ៍នៅកម្ពុជា បានបង្ហាញពី សញ្ញាវិជ្ជមាន ដោយបានស្វាគមន៍អ្នកដំណើរជាង ៦លាននាក់ ដែលកើនឡើងប្រមាណ ១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៨កន្លងទៅ ហើយកំណើនវិជ្ជមាននេះ គឺដោយសារតែការប្រើប្រាស់ជើងហោះហើរក្នុងស្រុក មានកំណើនខ្ពស់លើសពីការរំពឹងទុក។
ក្នុងរយៈពេល ៦ខែនេះ សម្រាប់អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលអ្នកដំណើររហូតដល់ទៅ ៧សែននាក់ ដែលមានកំណើន ២១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយវារីកលូតលាស់លឿនជាងគេបំផុត ក្នុងចំណោមអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា។
ដោយឡែក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរជាង ៣លាននាក់ មានកំណើន ១៥ភាគរយ ខណៈដែល អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលអ្នកដំណើរជាង ២លាន ២សែននាក់ ធ្លាក់ចុះប្រមាណ ៤ភាគរយ។
ក្រុមហ៊ុន Vinci Airports បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានទាំង ៣ របស់កម្ពុជា គឺសម្រេចលទ្ធផលបានល្អណាស់ ដោយមានកំណើនជារួម ២៥ភាគរយ ក្នុងត្រីមាសទី ២នេះ ហើយក្នុងខែមិថុនានេះ ក៏សម្រេចបានការបើកជើងហោះហើរត្រង់លើកដំបូងទៅកាន់ ប្រទេសឥណ្ឌូនេស៊ី និងបន្ថែមជើងហោះហើរជារៀងរាល់ថ្ងៃទៅកាន់ ទីក្រុងឌូបៃផងដែរ។
គួរជម្រាបដែរថា សម្រាប់ខែមិថុនា ចំនួនអ្នកដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា មានជាង ៩សែននាក់ រីឯការដឹកជញ្ជូនទំនិញមានជាង ៦ពាន់តោន និងការហោះហើរមានជិត ៩ពាន់ជើង៕