អ្នកស្រី ហ៊ុន ជាឡេង អគ្គនាយិកាសាលាតូរ្យតន្រ្ដី និងសិល្បៈ ស៊ីមហ្វូនី ដែលជាសាលាបណ្ដុះបណ្ដាលតូរ្យតន្ដ្រីជិត១០ឆ្នាំមកហើយនោះ បានថ្លែងថា ការសម្រេចចិត្តបើកសាខាមួយទៀតនេះ គឺដោយសារ សាលាតូរ្យតន្រ្ដីស៊ីហ្វូនី មានភាពជោគជ័យលើការបណ្ដុះបណ្ដាលកុមារកម្ពុជានៅសាខាបឹងកេងកងកន្លងមក និងមានការគាំទ្រពីអាណាព្យាបាលសិស្ស និងសិស្សានុសិស្សផងដែរ។ អ្នកស្រី បន្ថែមថា កំណើននៃតម្រូវការចាំបាច់នៅក្នុងវិស័យសិល្បៈតូរ្យតន្រ្តី ដែលពិភពលោកកំពុងមាននិន្នាការងាកទៅរកវិស័យនេះយ៉ាងខ្លាំង ក៏ជាមូលហេតុដែលអ្នកស្រីបើកសាខាទី២នេះដែរ។ ជាងនេះទៅទៀត ការបើកបន្ថែមនូវសាលាតូរ្យតន្ដ្រីបន្ថែមនេះ គឺជាការរួចចំណែកលើកស្ទួយអភិវឌ្ឍន៍វិស័យសិល្បៈខ្មែរ និងគួបផ្សំជាមួយសិល្បៈអន្តរជាតិផងដែរ។
អ្នកស្រីមានប្រសាសន៍៖ «ចំណុចពិសេសសាខាថ្មីនេះ គឺយើងមានសាស្ដ្រាចារ្យបង្រៀនភ្លេងខ្មែរបុរាណ មិនមែនមានតែឧបករណ៍ភ្លេងមកពីបស្ចឹមប្រទេសនោះទេ។ មួយទៀត ការរចនាម៉ូដ ក៏ប្លែកពីសាខាបឹងកេងកងដែរ។ ហើយមួយវិញទៀត សាខាថ្មីនេះ ក៏មានលក់ឧបករណ៍ និងសៀវភៅភ្លេងគ្រប់ប្រភេទទៀតផង»។
ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការសាលាតូរ្យតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី ដែលមានការចូលរួមអបអរសាទរពីអាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់ អ្នកស្រី ហ៊ុន ជាឡេង មានប្រសាសន៍បន្ថែមថា៖ «ការកើនឡើងចំនួនសាលាតូរ្យតន្ដ្រីនៅកម្ពុជា បានធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លាជាងមុន ប៉ុន្ដែ អ្វីដែលសំខាន់ គឺការពង្រឹងគុណភាព នៃការបង្ហាត់របស់គ្រូ ដែលវាជាកត្តាគន្លឹះ និយាយជារួមវិស័យនេះ ត្រូវយកចិត្តទុកដាក់ខ្លាំងបំផុត»។
នៅក្នុងប៉ុន្មានចុងក្រោយនេះ គេសង្កេតឃើញថា វិស័យតូរ្យតន្ដ្រី និងសិល្បៈ គំនូរ ទាំងថ្នាក់ជាតិ និងអន្តរជាតិ មានការកើនឡើងជាបន្ដបន្ទាប់ ជាពិសេស វិស័យអប់រំផ្នែកតូរ្យតន្រ្ដីនៅកម្ពុជា កំពុងតែមានឈ្មោះបោះសំឡេងគួរឲ្យកត់សម្គាល់ ខណៈសាលាបង្រៀនផ្នែកតន្ដ្រីកំពុងតែមានការទាក់ទាញកាន់តែខ្លាំង។
អ្នកស្រី ហ៊ុន ជាឡេង រំពឹងថា សាខាថ្មីនៅផ្សារអ៊ីអន២នេះ នឹងមានសិស្សចូលរៀនច្រើន ពីព្រោះ សាលា តូរ្យតន្ដ្រី និងសិល្បៈ ស៊ីមហ្វូនី មានសាស្ដ្រាចារ្យដែលមានបទពិសោធន៍យូរឆ្នាំ និងមានកម្មវិធីសិក្សាស្របតាមស្ដង់ដាអន្ដរជាតិ ព្រមទាំងមានទីតាំងសាលានៅជិតទីប្រជុំជនខណ្ឌសែនសុខ ដែលជាតំបន់សម្បូរលំនៅឋានទៀតផង។
សូមបញ្ជាក់ថា សាលា Simphony បានបង្កើតឡើងតាំងពីឆ្នាំ២០១០មកម៉្លេះ ដើម្បីធ្វើជាថ្នាលបណ្ដុះ សិល្បករ និងតន្ត្រីករវ័យក្មេងៗនៅកម្ពុជា ដោយមានសាស្ដ្រាចារ្យសុទ្ធសឹងមានបទពិសោធន៍ ក្នុងការ បង្រៀនរយៈពេល១០ឡើងទៅ ដែលមកពីប្រទេសជប៉ុន ឥណ្ឌូនេស៊ី អាមេរិក តៃវ៉ាន់ ហ្វីលីពីន អង់គ្លេស ស្លូវ៉ាគី និងបារាំង។ សាលាតន្ត្រី Simphony ទីតាំងទីមួយស្ថិតនៅផ្ទះលេខ ២៤៣ ផ្លូវ ៥១ (Pasteur) សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទីតាំងទី២ ស្ថិតនៅជាន់ទី២ក្នុងផ្សារទំនើបអ៊ីអនសាខាខណ្ឌសែនសុខ។ ទំនងទំនងទូរស័ព្ទលេខ៖ ០១២ ៩០០ ៥៨៣,០២៣ ៧២៧ ៣៤៥៕