ដើម្បីជួយសង្រ្គោះ និងទប់ស្កាត់អតិផរណានៅក្នុងប្រទេសនៅក្នុងអំឡុងពេលដែល ពិភពលោកជាប់ផុងនៅក្នុងវិបត្តិនៃសេដ្ឋកិច្ចសកលដោយសារតែបញ្ហាផ្ទួនៗគ្នា គឺ កូវីដ១៩ និង សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក្រសួងហិរញ្ញវត្ថុសិង្ហបុរីបានប្រកាសផ្តល់កញ្ចប់ប្រាក់ចំណាយទូទាត់បន្ថែមចំនួនរហូតដល់ប្រមាណជាង ៨០០ លានដុល្លារ ដើម្បីជួយពលរដ្ឋ ដោះស្រាយការកើនឡើងថៃនៃការចំណាយលើជីវភាពរស់នៅ។
តាមការរៀបចំរបស់ក្រសួងហិរញ្ញវត្ថុ កញ្ចប់នេះរួមបញ្ចូលទាំងការទូទាត់ផ្ដល់ជូនសាច់ប្រាក់ជិត ១៥០ ដុល្លារ សម្រាប់ប្រជាជនសិង្ហបុរីម្នាក់ ដោយអ្នកដែលមានសិទ្ធិទទួលបានសាច់ប្រាក់នេះ មានប្រមាណ ២លាន៥សែននាក់ ពោលគឺតិចជាងពាក់កណ្តាល នៃចំនួនប្រជាជនសិង្ហបុរីសរុប ហើយការផ្ដល់ជូននេះ នឹងត្រូវធ្វើឡើងក្នុងខែធ្នូ។
នេះមិនមែនជាកញ្ចប់ជំនួយលើកទីមួយ ដែលរដ្ឋាភិបាលសិង្ហបុរីបានប្រកាសនោះទេ កាលពីខែមិថុនា កន្លងទៅ រដ្ឋាភិបាលប្រទេសដែនកោះមួយនេះក៏បានប្រកាសផ្តល់កញ្ចប់ជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់អ្នកដែលមានប្រាក់ចំណូលទាប និងមធ្យមផងដែរ។
ក្រសួងហិរញ្ញវត្ថុសិង្ហបុរី បាននិយាយថា ទោះបីជាអត្រាអតិផរណាបានធ្លាក់ចុះពីចំណុចកំពូលរបស់វាក៏ដោយ ក៏គ្រួសារពលរដ្ឋសិង្ហបុរីជាច្រើននៅតែកំពុងប្រឈមនឹងដំណោះស្រាយជាមួយនឹងផលប៉ះពាល់នៃការកើនឡើងតម្លៃនៅក្នុងតំបន់ផ្សេងៗ ។
សេដ្ឋវិទូជាទូទៅរំពឹងថាធនាគារកណ្តាលសិង្ហបុរីនឹងរក្សាការកំណត់គោលនយោបាយរូបិយវត្ថុមិនផ្លាស់ប្តូរ ដែលបានគ្រោងទុកនៅខែក្រោយ ជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងថមថយ ប៉ុន្ដែក៏ត្រូវទប់ទល់នឹងកំណើនអតិផរណាផងដែរ។
ក្រសួងបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់សិង្ហបុរីមកនៅចន្លោះ០,៥% ទៅ១,៥% ប៉ុណ្ណោះ នៅឆ្នាំនេះ ខណៈការព្យាករពីមុនថា នឹងមានចន្លោះពី ០,៥% ទៅ២,៥%។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឡរ៉េន វង្ស (Lawrence Wong) ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី បានប្រាប់អ្នកសារព័ត៌មានថា កំណើនសេដ្ឋកិច្ចសិង្ហបុរីមានភាពយឺតយ៉ាវក៏ពិតមែន ប៉ុន្តែរដ្ឋាភិបាលមិនរំពឹងថា នឹងអាចធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះនោះទេ៕
ដោយៈ សរ សុជាតិ