វិធានការរឹតបន្តឹងលើការទប់ស្កាត់មេរោគកូវីដ-១៩ និងការចាប់ផ្តើមបិទទ្វារអាជីវកម្ម បានប៉ះពាល់ដល់ សេដ្ឋកិច្ចប្រទេសសិង្ហបុរីយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងវិស័យសំណង់ លក់រាយ និងវិស័យទេសចរណ៍ ដោយគ្មានតម្រុយណាមួយ អាចជួយឲ្យស្រាកស្រាន្តពីបញ្ហានេះសោះ។
លើសពីនេះទៅទៀត រដ្ឋាភិបាលសិង្ហបុរី ក៏បានព្យាកររួចដែរថា GDP នឹងអាចធ្លាក់ចុះចន្លោះពី ៤% ដល់ ៧% នៅក្នុងឆ្នាំនេះ ដោយសារតែវិបត្តិនេះ នៅតែបន្តដាក់សម្ពាធមកលើសេដ្ឋកិច្ចជាតិ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីបានបង្ហាញថា នៅក្នុងត្រីមាសទី ២ ឆ្នាំ២០២០នេះ GDP របស់សិង្ហបុរី ធ្លាក់ចុះ ៤១% ធៀបនឹងត្រីមាសទី ១ មានន័យថា សេដ្ឋកិច្ចសិង្ហបុរី បានធ្លាក់ចុះជាលក្ខណៈបច្ចេកទេសហើយ ដោយសារតែត្រីមាសទី ១ ក៏មានតួលេខអវិជ្ជមានផងដែរ។
វិស័យសំណង់ គឺទទួលរងឥទ្ធិពលអាក្រក់ខ្លាំងជាងគេ ដោយក្នុងត្រីមាសទី ២នេះ មានការធ្លាក់ចុះរហូតដល់ទៅ ៩៥% ធៀបនឹងត្រីមាសទី ១ ដោយសារតែ រដ្ឋាភិបាលសិង្ហបុរី បានសង្កត់ធ្ងន់លើ ការបំលាស់ទីរបស់កម្មករបរទេស ដែលសុទ្ធសឹងតែជាកម្លាំងពលកម្មចម្បងនៅក្នុងវិស័យមួយនេះ។
ដោយឡែក វិស័យទេសចរណ៍ និងសេវាកម្ម សុទ្ធតែទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពី វិបត្តិនេះ ខណៈវិស័យឧស្សាហកម្មផលិតហាក់ធ្វើបានល្អប្រសើរជាងវិស័យផ្សេងៗទៀតអំឡុងពេលនេះ។
គួរជម្រាបដែរថា ដើម្បីប៉ះប៉ូវដល់របួសសេដ្ឋកិច្ចនេះ រដ្ឋាភិបាលសិង្ហបុរី បានប្រកាសកញ្ចប់ថវិកាសង្គ្រោះទំហំជាង ៧០ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ២០% នៃ GDP សរុប សម្រាប់ដាក់ឲ្យប្រើប្រាស់ អំឡុងពេលមានវិបត្តិនេះ៕