ជាមួយនឹងការចំណាយទឹកប្រាក់រាប់សិបលានដុល្លារនេះ ក្រុមហ៊ុនរំពឹងថា នឹងធ្វើការទាញយកតំណក់ប្រេងកាតដំបូងនៅកម្ពុជា ឲ្យបាននៅក្នុងឆ្នាំ២០១៩ ដូចអ្វីដែលបានចែងក្នុងកិច្ចព្រមព្រៀងទទួលបានអាជ្ញាបណ្ណ កាលពីខែសីហា ឆ្នាំ២០១៧កន្លងទៅ។
ហើយសម្រាប់ដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍អណ្តូងប្រេងអប្សារនៃប្លុកA នេះ ក្រុមហ៊ុន រំពឹងថា នឹងទទួលបានផលប្រេងកាត ប្រមាណ ៨ពាន់ប៉ារែលក្នុងមួយថ្ងៃ។
នៅក្នុងរបាយកាណ៍ប្រចាំឆ្នាំ២០១៧ របស់ក្រុមហ៊ុន KrisEnergy ដែលទើបតែផ្សព្វផ្សាយថ្មីៗនេះថា ប្រភពធនធាន និង ប្រតិបត្តិការរបស់ខ្លួន នៅក្នុងឆ្នាំ២០១៨ និង២០១៩ នឹងប្តូរទិសដៅ ទៅលើទ្រព្យសកម្មស្នូល ទៅកាន់ប្រទេសកម្ពុជា និង ប្រទេសថៃ ដែលគម្រោងអភិវឌ្ឍន៍ប្រេងរបស់ក្រុមហ៊ុនក្នុងតំបន់នេះ មានពេលវេលាកាន់តែខ្លី ដើម្បីទាញយកផល តម្រូវការដើមទុនតិច និង សកម្មភាពបេ្ដជ្ញាចិត្តដ៏សំខាន់ ដូចដែលបានតម្រូវ ស្ថិតក្រោមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ។
កាលពីខែមីនាកន្លងទៅនេះ ក្រសួងរ៉ែ និង ថាមពល ក៏គ្រោងសម្រេចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនរុក រកប្រេងថ្មីមួយទៀត ដើម្បីសិក្សាលើដំណើរការស្រាវជ្រាវរុករកប្រេងនៅក្នុងប្លុកD ផងដែរ។
មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលកម្ពុជា កន្លងមក បានអោយដឹងថា ពេលដែលខ្សែសង្វាក់ឧស្សាហកម្ម វាដំណើរការកាន់តែល្អសម្រាប់រយៈពេលវែងនោះ កម្ពុជាអាចនឹងកសាងបាន នូវឧស្សាហកម្ម ផ្នែកកណ្តាល និងក្រោមមធ្យម ដែលពាក់ព័ន្ធ នឹងប្រព័ន្ធនៃការដឹកជញ្ជូនទិន្នផល ផលិតផលប្រេង និង រោងចក្រឧស្សាហកម្មកែច្នៃប្រេងកាតមានលក្ខណៈពេញលេញ ហើយកម្ពុជាក៏នឹងលែងពឹងលើការនាំចូលប្រេងទាំងស្រុងពីទីផ្សារអន្តរជាតិដែរ។ ខណៈដែលកាលពីឆ្នាំ២០១៦កន្លងមក កម្ពុជាបាននាំចូលប្រេងឥន្ធនចំនួនប្រមាន២លាន២សែនតោន។
ពាក់កណ្តាលឆ្នាំ២០១៧ក្រុមហ៊ុន CPC បានចាប់ដៃគូរជាមួយក្រុមហ៊ុនចិន សៃណូហ្រ្គេតវ័ល ដោយបានបើកការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេង លើផ្ទៃដីជាង ៣៥០ហិតតានៅខេត្តព្រះសីហនុ។ ក្រុមហ៊ុនបានកំពុងតែមមាញឹកសាងសង់តាមផែនការដែលនឹងបើកឲ្យដំណើរការ ជំហ៊ានដំបូងនៅចុងឆ្នាំ២០១៩ ដែលមានសមត្ថភាពផលិតប្រេងបានប្រមាណ ២លានតោនក្នុងមួយឆ្នាំ និងឆ្នាំ២០២៣ ក្រុមហ៊ុនសន្យាថា នឹងពង្រីក៣លានតោនបន្ថែមទៀត៕