សុខភាព-សិង្ហបុរី

ពាក់កណ្តាលឆ្នាំ២០១៨ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សិង្ហ​បុរី​នឹង​បើក​ទ្វារ​ព្យាបាល​ជំងឺ​នៅ​កម្ពុជា


កន្លងមក មានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសកម្ពុជាមួយចំនួន និង ប្រជាជនកម្ពុជា ដែលមានជីវភាពកម្រិតខ្ពស់ តែងតែធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីព្យាបាលជំងឺ ឬ ត្រួតពិនិត្យសុខភាព។ ប៉ុន្តែ ប្រជាជនខ្មែរមិនចាំបាច់ជិះយន្តហោះ ទៅសិង្ហបុរីទៀតទេ ព្រោះ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី (Singapore Medical Center)មួយ នឹងចាប់ផ្តើមដំណើរសេវាកម្មរបស់ខ្លួន នៅខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះហើយ។
ក្រុមវេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី កំពុងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ (រូបថត៖ រ៉ឹម ភារី)
ដោយ

លោក Anthony Jude Tan ប្រធាន Singapore Medical Center (SGMC) បានប្រាប់ក្រុមអ្នកកាសែតក្នុងសន្និសីទសារព័ត៌មាន ថា មជ្ឈមណ្ឌល​វេជ្ជសាស្រ្តសិង្ហបុរី នឹងផ្តល់សេវាសុខភាពដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា។  

លោកបញ្ជាក់ដូច្នេះថា៖ «យើងមានបទពិសោធនៅសិង្ហបុរី និង ប្រទេសថៃលើសេវាសុខភាព។ យើងចូលមកកម្ពុជា ព្រោះ យើងមិនចង់ឲ្យប្រជនកម្ពុជាចំណាយកាន់តែច្រើនលើសេវាសុខភាព។ ពលរដ្ឋកម្ពុជាមិនចាំបាច់ចំណាយច្រើនលើថ្លៃយន្តហោះ សណ្ឋាគារ និង ចំណាយលើតម្លៃខ្ពស់នៃការព្យាបាលនៅប្រទេសថៃ និង សិង្ហបុរីនោះទេ។ យើងនឹងធ្វើឲ្យពលរដ្ឋកម្ពុជា មានជំនឿលើ SGMC»។

លោកបន្តថា ក្រៅពីផ្តល់សេវាសុខភាពដល់ពលរដ្ឋកម្ពុជា SGMC នឹងផ្តល់ការបណ្តុះបណ្តាលដល់ពេទ្យកម្ពុជា ឲ្យទទួលបានចំណេះដឹងមូលដ្ឋាននៃសេវាសុខភាពនៅមជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីផងដែរ។ 

បើតាមលោក Anthony Jude Tan មុននឹងសម្រេចចិត្តបោះទុននៅកម្ពុជា ក្រុមហ៊ុនរបស់ខ្លួនបានស្រាវជ្រាវ ដោយរកឃើញថា ប្រជាជនកម្ពុជាប្រមាណ ២០ទៅ ២៥ភាគរយ បានទៅព្យាបាលជំងឺនៅប្រទេសថៃ និង ៥ទៅ១០ភាគរយ (៨ទៅ១០នាក់ក្នុងសប្តាហ៍) បានទៅព្យាបាលជំងឺ ឬ ត្រួតពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី។

លោក Anthony Jude Tan ប្រធាន Singapore Medical Center (រូបថត៖ Quantum)

លោកបន្ត លទ្ធផលស្រាវជ្រាវនេះ បានធ្វើឲ្យក្រុមហ៊ុនរបស់លោក មើលឃើញពីសក្តានុពលនៅកម្ពុជា ដែលប្រជាជនបានចំណាយលុយច្រើន លើសេវាសុខភាពច្រើនជាងគេ បើធៀបនឹងប្រទេសចំណូលទាបផ្សេងទៀត។ ហេតុនេះ ទើបលោកសម្រេចចិត្តបោះទុន ៧ទៅ៨លាន ដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើត SGMC ដោយមានវេជ្ជបណ្ឌិតបរទេសជំនាញ៧នាក់ ដើម្បីប្រចាំការនៅ SGMC។         

SGMC មានវេជ្ជបណ្ឌិតជំនាញ ដូចជា៖ គ្រូពេទ្យឯកទេសផ្នែកក្រពេញអ័រម៉ូន វេជ្ជបណ្ឌិតផ្នែកឱសថ វះកាត់ទូទៅ គ្រូពេទ្យឯកទេសផ្នែកគ្រួសារ និង សម្ភស្ស និង គ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធសរសៃប្រសាទជាដើម។

មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី មានផ្ទៃក្រឡា ១៣០០ ម៉ែត្រការ៉េ ស្ថិតនៅជាន់៤នៃអាគារភ្លោះកម្ពស់៤៥ជាន់ The Bridge នៅជិតស្ថានទូតអូស្រ្តាលី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក្បែរតំបន់កោះពេជ្រ ដែលជាទីតាំងប្រកបដោយផាសុកភាព ព្រោះ វាជាតំបន់ជំនួបរវាងទន្លេសាប ទន្លេមេគង្គ និង ទន្លេបាសាក់។

យោងតាមការសិក្សារបស់ SGMC បានឲ្យដឹងថា ការចំណាយលើផ្នែកសុខភាពសរុបក្នុងចំណោមប្រជាជនកម្ពុជា គឺចំនួន ៦៩ដុល្លារក្នុងម្នាក់ នៅឆ្នាំ២០១៤ ដែលគេចាត់ទុកថា ជាការចំណាយមួយដែលខ្ពស់លើសេវាសុខាភិបាល បើធៀបនឹងបណ្តាប្រទេស ដែលមានចំណូលទាបផ្សេងទៀត។ ពលរដ្ឋកម្ពុជា បានចំណាយលុយចេញពីហោប៉ៅលើសេវាសុខភាព ៦០ភាគរយ នៃការចំណាយសរុប នៅឆ្នាំ២០១២ និង កើនឡើងដល់៦៣ភាគរយនៅក្នុងឆ្នាំ២០១៤ ហើយភាគច្រើននៃការចំណាយ លើសេវាសុខភាព គឺចូលទៅគ្លីនិក ឬមន្ទីរពេទ្យឯកជន។ 

ការសិក្សានេះឲ្យដឹងបន្ថែមថា ការដែលពលរដ្ឋទៅរកសេវាសុខភាពនៅគ្លីនិកឯកជន ឬ មន្ទីរពេទ្យឯកជន គឺដោយសារតែផ្នត់គំនិតរបស់ពលរដ្ឋ មិនទុកចិត្តសេវាសុខភាពសាធារណៈ។ ពលរដ្ឋមិនទុកចិត្តសេវាសុខភាពសាធារណៈ ពីព្រោះ មន្ទីរពេទ្យរដ្ឋមានឧបករណ៍ និង សេវាសុខភាពគុណភាពទាប ដោយរាប់ចាប់ពីកង្វះថ្នាំពេទ្យ និង ឲ្យអ្នកជំងឺរង់ចាំយូរជាដើម។ ហេតុផលទាំងនេះ ទើបធ្វើឲ្យពលរដ្ឋកម្ពុជា រត់ទៅរកសេវាសុខភាពនៅគ្លីនិក ឬ ពេទ្យឯកជន និងចាកចេញទៅព្យាបាលក្រៅប្រទេស។

នេះទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ក្នុងរាជធានីភ្នំពេញ (រូបថត៖ រ៉ឹម ភារី)

លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group និងជាអ្នកវិនិយោគ អគារភ្លោះ The Bridge បានឲ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលនេះ នឹងមានអត្ថប្រយោជន៍ជាច្រើន ដល់ប្រជាជនកម្ពុជា។

លោកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះថា៖ «វាជាការពិត យើងត្រូវតែទទួលស្គាល់ថា Medical Care នៅស្រុកខ្មែរយើង នៅពីក្រោយប្រទេសជិតខាងយើងឆ្ងាយណាស់។ យើងបានស្តាប់ Doctor គាត់បាននិយាយហើយ ពលរដ្ឋខ្មែរអ្នកមានចំណូលទាប គាត់ទៅព្យាបាលនៅវៀតណាម អ្នកមានចំណូលមធ្យមឡើងទៅ គាត់ទៅថៃ ឬ សិង្ហបុរី។ ដូច្នេះ អ្នកវិនិយោគក្នុងស្រុក ត្រូវគិតគូបង្កើត Medical Careក្នុងស្រុក ដើម្បីកុំឲ្យបាត់លុយចេញទៅក្រៅ»។

លោកឧកញ៉ាបន្តថា៖ «មជ្ឈមណ្ឌលនេះ នឹងបានផ្តល់ចំណូលក្នុងស្រុក ដោយលុយយើងមិនចេញទៅស្រុកក្រៅទេ។ មួយទៀត SGMC នឹងបង្កើនចំណេះដឹងទូទៅដល់ពេទ្យក្នុងស្រុក។ ម្យ៉ាងវាបង្កភាពងាយស្រួលដល់អ្នកជំងឺផងដែរ។ ឧទាហរណ៍ ថា ខ្ញុំចង់ទៅមើលពេទ្យនៅស្រុកក្រៅ។ ខ្ញុំត្រូវរៀបចំពេលវេលារបស់ខ្ញុំ កក់សំបុត្រយន្តហោះ វាមិនស្រួលទេ។ តែបើមាននៅស្រុកខ្មែរ គ្រាន់តែយើងជិះឡាន១០នាទី ឬ១៥នាទីទៅដល់កន្លែងហ្នឹង គេទទួលយើងជាលក្ខណៈ VIP វាជាការល្អ»។

លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group និងជាអ្នកវិនិយោគ អគារភ្លោះ The Bridge

បើតាមឧកញ៉ាល្បីឈ្មោះផ្នែកអចលនទ្រព្យរូបនេះ អគារ The Bridge  គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលមានការិយាល័យ អគារស្នាក់នៅ ផ្សារ និង មន្ទីរពេទ្យជាដើម។ 

លោកឧកញ៉ាបញ្ជាក់ដូច្នេះថា៖ «អ្វីដែលខ្ញុំត្រូវបង្កើតនៅក្នុងThe Bridge គឺសម្រាប់ផ្គត់ផ្គង់អតិថិជនដែលស្នាក់នៅ និង ធ្វើការនៅទីនោះ ដែលគាត់ត្រូវមានផ្សារ ពេទ្យ កន្លែងហាត់ប្រាណ និង ត្រូវមានអ្វីទាំងអស់ ពោល អគារ The Bridge ត្រូវក្លាយជាកន្លែង Life Style មួយ សម្រាប់អ្នកជាវគម្រោងរបស់យើង»៕   

None



អត្ថបទបន្ទាប់


ប្រទេស​១០ បាន​បោះ​ទុន​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ តើ​ជា​នរណា​ខ្លះ?

បើ​និយាយ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ហាក់​បី​ដូចជា​នៅ​តែ​មាន​សញ្ញា​វិជ្ជមាន​ល្អ​គួរ​ឲ្…

មហាសេដ្ឋី ពុង ឃាវសែ បោះទុន ១៥០០​លានដុល្លារ សង់ព្រលានយន្តហោះខ្នាតយក្សនៅក្រុងតាខ្មៅ

កម្ពុជានឹងមានព្រលានយន្តហោះទំហំ ២៦០០ ហិចតា នៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលជាការវិនិយោគក្នុងទំហំទឹកប្រាក់ ១៥០០លានដុល្លារសហរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ