លោក វីវៀន បាឡា គ្រីហាន រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានគូសបញ្ជាក់ចំៗថា ដំណោះស្រាយដែលអាស៊ានកំពុងផ្តល់ឲ្យភូមា មិនមានប្រសិទ្ធភាពនោះទេ ហើយវាក៏មិនអាចហុចលទ្ធផលបានលឿនដូចអ្វីដែលគេសង្ឃឹមទុកនោះដែរ។ ទន្ទឹមនឹងការអះអាងបែបនេះ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ក៏ទទួលស្គាល់ផងដែរថា បញ្ហានៅភូមាជារឿងលំបាក ហើយជួនចំពេលដែលស្ថានភាពក្នុងប្រទេសកំពុងយ៉ាប់យឺនដោយសារកូវីដ១៩ថែមទៀត។
មន្ត្រីជាន់ខ្ពស់សិង្ហបុរីរូបនេះបានបង្ហាញក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចប្រេសិតពិសេសអាស៊ាន មកពីប្រទេសប្រ៊ុយណេ ដែលបានចាត់តាំងឲ្យទៅដោះស្រាយវិបត្តិនៅភូមា អាចនឹងផ្តល់ផ្លែផ្កាបានខ្លះ មុននឹងកិច្ចប្រជុំមេដឹកនាំអាស៊ានចូលមកដល់ក្នុងខែវិច្ឆិកាខាងមុខនេះ។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានព្រមានថា កិច្ចខិតខំប្រឹងប្រែងទាំងអស់នឹងក្លាយជាអសារបង់ ប្រសិនបើយោធាភូមាមិនបានបើកចំហឲ្យប្រេសិតពិសេសអាស៊ានបានធ្វើការងាររបស់ខ្លួន នៅក្នុងដំណើរទស្សនកិច្ចនោះទេ។
គួររំឭកថា សមាជិកអាស៊ានទាំង១០ប្រទេស បូករួមទាំងប្រទេសភូមា ជាប្រទេសសាមីផងនោះ កាលពីចុងខែមេសា បានយល់ស្របរួមគ្នាជាឯកច្ឆ័ន្ទលើដំណោះស្រាយ៥ចំណុចដែលក្នុងនោះរួមបញ្ចូលទាំងការបញ្ជូនប្រេសិតពិសេសមួយរូបទៅកាន់ប្រទេសភូមា ដើម្បីបញ្ចប់អំពើហិង្សា និងផ្សះផ្សាលើកកម្ពស់ឱ្យមានការសន្ទនារវាងមេដឹកនាំយោធា លោកមីន អ៊ុនឡាំង និង គណបក្សលោកស្រី អ៊ុង សានស៊ូជី។
ចាប់តាំងពីមានរដ្ឋប្រហារកាលពីខែកុម្ភៈដើមឆ្នាំនេះ សេដ្ឋកិច្ចភូមាបានដួលរលំបាក់ទាំងផ្ទាំង ហើយវិបត្តិមនុស្សធម៌ក៏កាន់តែអាក្រក់ទៅៗផងដែរនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈការឆ្លងរាលដាលកូវីដ១៩ បានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេសភូមាមួយនេះ។
បើតាមអង្គការជួយអ្នកទោសនយោបាយ ហៅកាត់ថា AAPP គិតមកដល់ខែសីហានេះ ជនរងគ្រោះដល់ស្លាប់ ពីការបង្ក្រាបរបស់ក្រុមយោធាភូមា បានកើនដល់ចំនួន ១ពាន់នាក់ហើយ។
សូមបញ្ជាក់ថា ទោះបីជាប្រទេសលោកខាងលិច និង ជាពិសេសសហរដ្ឋអាមេរិកបានបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ច និង សម្ពាធនានាមកលើភូមាក្តី ក៏អាស៊ាននៅតែព្យាយាមចូលរួមដោះស្រាយជម្លោះនេះ ក្នុងន័យស្ថាបនាដដែល ដោយហេតុថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប៉ះពាល់ចំពោះប្រជាជនភូមាសាមញ្ញយ៉ាងខ្លាំង ប៉ុន្តែវាមានឥទ្ធិពលតិចតួចប៉ុណ្ណោះចំពោះក្រុមយោធា៕