ក្រុមហ៊ុនអគ្គិសនី Keppel Electric ដែលជាផ្នែកមួយនៃក្រុមហ៊ុន Keppel ដែលជាក្រុមហ៊ុនរដ្ឋសិង្ហបុរី បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបានទទួលអាជ្ញាប័ណ្ណ សម្រាប់ការនាំចូលអគ្គិសនីកាលពីខែមិថុនា ខណៈនាពេលថ្មីៗនេះក្រុមហ៊ុននេះ បានចាប់ផ្តើមនាំចូលវារីអគ្គិសនីពីក្រុមហ៊ុនរដ្ឋ Electricite du Laos របស់ប្រទេសឡូវ រហូតដល់ ១ រយមេហ្កាវ៉ាត់ក្នុងដំណាក់កាលសាកល្បងរយៈពេល ២ ឆ្នាំ។
មែនទែនទៅ ប្រទេសសិង្ហបុរីមានគោលបំណងសម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូនឲ្យបាននៅត្រឹមកម្រិតសូន្យ នៅឆ្នាំ ២០៥០ ប៉ុន្តែ ទំហំ និងទីតាំងដ៏តូចរបស់ប្រទេសនេះធ្វើឱ្យមិនមានភាពអំណោយផលសម្រាប់ការទាយយកថាមពលខ្យល់បរិសុទ្ធ និង ទាយយកថាមពលពន្លឺព្រះអាទិត្យ និង សាងសង់វារីអគ្គិសនីនោះទេ។ ប្រទេសសិង្ហបុរីបានពឹងផ្អែកលើឧស្ម័នធម្មជាតិរាវប្រហែល ៩៥% នៃថាមពលអគ្គិសនីរបស់ខ្លួន ដែលការពឹងផ្អែកដ៏ច្រើនលើសលុបនេះ បានធ្វើឱ្យប្រទេសនេះប្រឈមមុខនឹងហានិភ័យនៅពេលដែលតម្លៃឧស្ម័នធម្មជាតិកើនឡើងបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈប្រទេសនេះមានការពឹងផ្អែកលើថាមពលកកើតឡើងវិញត្រឹម ៣,២% ប៉ុណ្ណោះ។
ប្រទេសសិង្ហបុរីកាលពីខែតុលាឆ្នាំមុន បានកំណត់គោលដៅនៃការនាំចូលថាមពលបញ្ចេញកាបូនទាបចំនួន ៤ ជីហ្គាវ៉ាត់នៅឆ្នាំ ២០៣៥ ដែលវាស្មើនឹង ៣០% នៃការផ្គត់ផ្គង់សរុបរបស់ប្រទេសដែលបានប៉ាន់ប្រមាណនៅឆ្នាំមុន។
គួរកត់សម្គាល់ថា កិច្ចព្រមព្រៀងជាមួយនឹងប្រទេសឡាវ អាចជំរុញការចែករំលែកអគ្គិសនីក្នុងចំណោមប្រទេសក្នុងតំបន់ដែលមានការផ្គត់ផ្គង់អគ្គិសនីមិនគ្រប់គ្រាន់ ដោយថ្មីៗនេះប្រទេសឡាវបានចាប់ផ្តើមនាំចេញថាមពលទៅកាន់ប្រទេសថៃ និង ម៉ាឡេស៊ី រួមជាមួយនិងសិង្ហបុរី។
គួរបញ្ជាក់ថា ផែនការនាំចូលថាមពលរបស់សិង្ហបុរីបានពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងឆាប់រហ័ស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងតំបន់ ខណៈប្រទេសនេះក៏បានសហការនាំចូលថាមពលពីប្រទេសអូស្ត្រាលីផងដែរ។ ក្រុមហ៊ុន Sun Cable របស់អូស្ត្រាលី មានបំណងសាងសង់ទីតាំងទាយយកថាមពលពន្លឺព្រះអាទិត្យក្នុងទំហំជាច្រើនជីហ្គាវ៉ាត់ នៅលើផ្ទៃដី ១ ម៉ឺន ២ ពាន់ហិកតានៅវាលខ្សាច់ភាគខាងជើងនៃប្រទេសអូស្ត្រាលី ដោយថាមពលនេះនឹងត្រូវបាននាំចេញទៅកាន់ប្រទេសសិង្ហបុរីតាមរយៈខ្សែកាបក្រោមសមុទ្រប្រវែង ៤ ពាន់ ២ រយគីឡូម៉ែត្រ។ ក្រុមហ៊ុន Sun Cable គ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ ដោយកំណត់គោលដៅប្រតិបត្តិការពេញលេញនៅឆ្នាំ ២០២៩៕