សារព័ត៌មានសិង្ហបុរីបានផ្សាយនៅថ្ងៃអង្គារ (ទី១៨ ខែឧសភា) នេះ ថា ចាប់ពីថ្ងៃទី១៩ ឧសភា ទៅ កុមារសិង្ហបុរីដែលមានអាយុពី១២ឆ្នាំ ដល់ ១៥ឆ្នាំ អាចចាក់វ៉ាក់សាំង Pfizer-BioNTech បានហើយ ។ ហើយវ៉ាក់សាំង Pfizer នេះ ក៏នឹងចាក់ឲ្យក្រុមមនុស្សចាស់វ័យពី៤០ឆ្នាំ ដល់ ៤៤ឆ្នាំ ផងដែរ ។ នេះបើតាមការប្រកាសឲ្យដឹងពីក្រសួងសុខាភិបាលសិង្ហបុរី ។
កន្លងមក វ៉ាក់សាំង Pfizer-BioNTech គឺចាក់បានសម្រាប់តែមនុស្សដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ។ ចំណែកវ៉ាក់សាំងមួយប្រភេទទៀត ឈ្មោះ Moderna ចាក់បានសម្រាប់មនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ។
វ៉ាក់សាំង Pfizer-BioNTech នេះ ក៏ត្រូវបានសហរដ្ឋអាមេរិកអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់កុមារអាយុពី១២ឆ្នាំ ដល់ ១៥ឆ្នាំផងដែរ ហើយនៅទីនោះ អាជ្ញាធរអាមេរិកបានចាប់ផ្ដើមរួចហើយ ក្នុងការចាក់វ៉ាក់សាំងប្រភេទនេះដល់កុមារ ។
នៅក្នុងប្រទេសសិង្ហបុរី គិតត្រឹមថ្ងៃទី១៧ ខែឧសភា សិង្ហបុរីចាក់វ៉ាក់សាំងបានចំនួន ៣,៤លានដូសហើយ ឲ្យប្រជាជនរបស់ផង់ខ្លួន ហើយមានប្រជាជនយ៉ាងតិចណាស់ ១,៤លាននាក់ ដែលបានទទួលវ៉ាក់សាំងដូសទីពីររួចហើយ ។
ទន្ទឹមនឹងនេះដែរ ដើម្បីឲ្យប្រជាជនកាន់តែច្រើននាក់បានទទួលវ៉ាក់សាំងដូសទីមួយ អាជ្ញាធរសិង្ហបុរីបានប្រកាសថា ខ្លួននឹងពន្យារពេលចន្លោះពីការចាក់ដូសទីមួយ និងដូសទីពីរ ពី ៣ ទៅ ៤សប្ដាហ៍ ទៅដល់ ៦ ទៅ ៨សប្ដាហ៍វិញ ដែលមានន័យថា ពី ៦ ទៅ ៨សប្ដាហ៍ បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី១រួច ទើបប្រជាជនអាចចាក់ដូសទី២ បាន ៕ (ប្រភព៖ CNBC, CNA)