នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងទូរទស្សន៍ Bloomberg កាលពីពេលថ្មីៗនេះ លោក Keith Tan នាយកប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍សាំងហ្គាពួរបាននិយាយថា ប្រទេសដីកោះមួយនេះ អាចនឹងមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរ និងការចំណាយរបស់ភ្ញៀវ ប្រមាណ ២៥% ទៅ ៣០% នៅឆ្នាំនេះ ដោយសារតែការផ្ទុះរាលដាលនៃវីរុសកូរ៉ូណា។ បើតាមការបញ្ជាក់របស់អាជ្ញាធរសាំងហ្គាពួរដដែលនេះ ឥទ្ធិពលវីរុសកូរ៉ូណា គឺមានផលប៉ះពាល់ខ្លាំងជាងការរាតត្បាតនៃជំងឺសារសា (Sars) កាលពីឆ្នាំ ២០០៣ ទៅទៀត។
លោក Keith Tan បានិយាយថា «ប្រទេសសាំងហ្គាពួរ បានបាត់បង់ភ្ញៀវទេសចរប្រហែល ១,៨ម៉ឺននាក់ ទៅ ២ម៉ឺននាក់ក្នុងមួយថ្ងៃៗ ហើយតួលេខនេះអាចនឹងធ្លាក់ចុះថែមទៀត ប្រសិនបើស្ថានភាពនៅតែបន្ត»។ លោក Tan បានបន្ដទៀតថា «សំឡេងស្រែកទ្រហោយំខ្លាំងៗ ដែលខ្ញុំបានលើនៅពេលនេះ ពីវិស័យឧស្សាហកម្មទេសចរណ៍ទាំងមូល គឺស្រែកថា “ជួយផង”។ មានភ័ស្ដុតាងបញ្ជាក់ជាច្រើនបង្ហាញថា អាជីវកម្មនានាកំពុងមានការរីងស្ងួតហួតហែង។ »
ប្រទេសចិន ត្រូវបានដឹងថា មានចំណែក ២០% នៃចំនួនភ្ញៀវទេសចរសរុបរបស់សាំងហ្គាពួរ និងជាប្រភពទេសចរធំបំផុត បន្ទាប់ពីភ្ញៀវទេសចរឥណ្ឌូនេស៊ី និងឥណ្ឌា។
មានមគ្គទេសក៍ទេសចរ ជាង១.៦០០ នាក់កំពុងជួបបញ្ហាជីវភាព ដោយសារតែពួកគេពឹងផ្អែកលើការធ្វើការងារក្រៅម៉ោងមួយនេះ។
ភ្ញៀវទេសចរមកពីប្រទេសជាច្រើន បានលើកពេលក្នុងការមកកម្សាន្ដនៅសាំងហ្គាពួរ ឬប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ី ចំពេលដែលវីរុសកូរ៉ូណាកំពុងបន្ដរីករាលដាល។
រដ្ឋាភិបាលកូរ៉េខាងត្បូង និងគុយវែត បានប្រាប់ទៅកាន់ពលរដ្ឋខ្លួន ឲ្យកាត់បន្ថយ ឬពន្យារពេលដំណើរទៅកាន់សាំងហ្គាពួរ ក៏ដូចជាទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់។
មានប្រហែល ១៦៣ លាននាក់ ជាភ្ញៀវទេសចរជនជាតិចិន បានធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេសកាលពីឆ្នាំ២០១៨ ហើយមានប្រមាណជាង ៣០% នៃការចំណាយធ្វើដំណើរនៅទូទាំងពិភពលោក។
សាំងហ្គាពួរ នៅឆ្នាំ២០២០នេះ ការព្យាករវិស័យទេសចរណ៍ អាចនឹងមានការធ្លាក់ចុះច្រើន បើធៀបនឹងឆ្នាំមុន ដែលធ្លាប់មាន ១៩,១លាននាក់។ វិស័យទេសចរណ៍សាំងហ្គាពួរ រកចំណូលបានប្រមាណ ១៩,៥ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩។
តាមរបាយការណ៍របស់ ធនាគារ DBS Group Holdings Ltd បានឲ្យដឹងថា ចំពោះការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ១លាននាក់ គឺស្មើនឹងការបាត់បង់ចំណូលប្រមាណជាង ៧២០ លានដុល្លារអាមេរិក ។
ធនាគារ DBS បានគូសបញ្ជាក់ទៀតថា ការធ្លាក់ចុះនៃភ្ញៀវទេសចរនេះ អាចនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចសាំងហ្គាពួរប្រមាណ០,៥%។
សូមបញ្ជាក់ថា កាលពីអំឡុងផ្ទុះនូវជំងឺសា កាលពីឆ្នាំ២០០៣ សាំងហ្គាពួរបានធ្លាក់ចុះចំនួនភ្ញៀវទេសចរប្រមាណ១៨% ទៅ១៩%៕