ការសិក្សាមួយរបស់សកលវិទ្យាល័យហុងកុង បានរកឃើញថា នៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដ១៩ប្រភេទស៊ីណូវ៉ាក់ចំនួន ២៥នាក់ គឺគ្មាននរណាម្នាក់មានកម្រិតអង់ទ័រគ័រគ្រប់គ្រាន់ ដើម្បីប្រឆាំងនឹងការឆ្លងមេរោគបំប្លែងថ្មី អូមីក្រុងនោះទេ ហើយអ្នកជំនាញដែលធ្វើការស្រាវជ្រាវនេះ គឺលោក Kelvin TO បានអះអាងថា ប្រសិទ្ធភាពរបស់វ៉ាក់សាំង គឺមានការធ្លាក់ចុះក្នុងការទប់ទល់នឹងមេរោគបំប្លែងថ្មី អូមីក្រុង។ ការសិក្សាដដែលនេះ ក៏បានធ្វើការពិសោធន៍លើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង BioNTech ផងដែរ ដោយធ្វើការពិសោធន៍លើមនុស្សដែលបានចាក់វ៉ាក់សាំងនេះ ២៥នាក់ដូចគ្នា ដោយក្នុងនោះ រកឃើញថា មាន៥នាក់នៃពួកគេ ដែលបានចាក់វ៉ាក់សាំង២ដូសរួច គឺមានអង់ទីគ័រគ្រប់គ្រាន់ក្នុងការប្រឆាំងនឹងមេរោគបំប្លែងថ្មី អូមីក្រុង។
ក្រោយពីរបាយការណ៍នេះចេញភ្លាម ក្រុមហ៊ុនចិន Sinovac បានធ្វើការសិក្សាក្នុងមន្ទីរពិសោធន៍របស់ខ្លួនភ្លាមៗដែរ ដោយបានពិសោធន៍លើមនុស្ស ២០ នាក់ដែលធ្លាប់បានទទួលការចាក់វ៉ាក់សាំង២ដូស ហើយក្នុងនោះមានតែ ៧ នាក់ប៉ុណ្ណោះដែលមានអង់ទីគ័រការពារ មានន័យថាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់២ដូសមានប្រសិទ្ធភាពតែ ៣៥%ប៉ុណ្ណោះ។ ប៉ុន្តែ ក្រុមហ៊ុន ស៊ីណូវ៉ាក់ក៏ពិសោធន៍អ្នកដែលបានចាក់វ៉ាក់ដូសទី៣ ចំនួន ៤៨នាក់ទៀត ហើយលទ្ធផលបង្ហាញថា ៤៥នាក់ក្នុងចំណោមពួកគេ មានអង្គទីគ័រការពារជំងឺកូវីដ១៩បំប្លែងថ្មី ឬមានប្រសិទ្ធភាព ៩៤%។
ទន្ទឹមនេះ ក្រុមហ៊ុនបាននិយាយថា លទ្ធផលទាំងនេះ បានបង្ហាញថាការចាក់វ៉ាក់សាំងដូសទី ៣ របស់ ស៊ីណូវ៉ាក់ មានប្រសិទ្ធភាពក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធប្រឆាំងនឹងមេរោគ អូមីក្រុងផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន ក៏កំពុងធ្វើការសិក្សាបន្ថែមទៀត ដើម្បីវាយតម្លៃយ៉ាងទូលំទូលាយនូវប្រសិទ្ធភាពរបស់វ៉ាក់សាំងស៊ីណូវ៉ាក់ប្រឆាំងនឹង មេរោគអូមីក្រុង។
ជាមួយគ្នានេះ WHO ក៏បាននិយាយកាលពីថ្ងៃពុធនេះដែរថា ភ័ស្តុតាងបឋមបង្ហាញថា វ៉ាក់សាំងកូវីដ១៩ ដែលមានស្រាប់ ប្រហែលជាមិនសូវមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគអូមីក្រុងទេ ហើយក៏កំពុងត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីស្វែងយល់ពីហានិភ័យនៃការប្រែប្រួលនៃភាពស៊ាំដែលបានទទួលពីការចាក់វ៉ាក់សាំងពីពេលមុនៗ។
សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ ឈានមុខគេរបស់ប្រទេសចិន ដោយបានលក់ និងផ្គត់ផ្គង់ចំនួន ៨០៨ លានដូស ទៅកាន់ប្រទេសចំនួន ៤៤។ ក្នុងនោះ តំបន់អាស៊ីប៉ាស៊ីហ្វិកមានចំនួន ៥៤% នៃការផ្គត់ផ្គង់សរុប ខណៈដែលអាមេរិកឡាទីនមាន ២៨% អឺរ៉ុប ១៣% និងអាហ្រ្វិកមាន ៥%៕
អត្ថបទ ស៊ើង និមល់