របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនសេវាកម្មវិជ្ជាជីវៈ Aon បានបង្ហាញថា ស្របពេលឆ្នាំ២០២៤ ជិតបិទបញ្ចប់ ក្រុមហ៊ុនអាជីវកម្មនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករថា នឹងដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិតសម្រាប់ឆ្នាំ២០២៥ ខ្ពស់ជាងឆ្នាំ២០២៤ ខណៈក្រុមហ៊ុនអាជីវកម្មខ្លះទំនងជារក្សាប្រាក់ឈ្នួលឱ្យនៅដដែល ហើយខ្លះទៀតអាចនឹងបង្កើនចំនួនកម្លាំងពលកម្មសរុបរបស់ខ្លួន។
លោក រ៉ាហ៊ុល ឆាវឡា (Rahul Chawla) ប្រធានក្រុមស្វែងរកដំណោះស្រាយរបស់ក្រុមហ៊ុន Aon បានប្រាប់ទូរទស្សន៍ CNBC ថា អត្រាដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថា នឹងកើនខ្ពស់ជាងឆ្នាំ២០២៤ ខណៈដែលពួកគេកំពុងទន្ទឹងរង់ចាំមើលរបាយការណ៍អតិផរណា និងអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិក។
ការសិក្សាដែលត្រូវបានធ្វើឡើងនៅចន្លោះខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៤ នេះ បានវិភាគដោយផ្អែកលើទិន្នន័យ ដែលពួកគេបានប្រមូលមកពីក្រុមហ៊ុនជាង៩៥០ នៅទូទាំងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ការសិក្សានេះបានបង្ហាញថា ក្នុងចំណោមប្រទេសទាំង៦នេះ វៀតណាម នឹងដំឡើងប្រាក់ឈ្នួលខ្ពស់ជាងគេរហូតដល់៦,៧% បន្ទាប់មកឥណ្ឌូនេស៊ី នឹងដំឡើង៦,៣%។ រីឯប្រទេសហ្វីលីពីន នឹងដំឡើង៥,៨% ពោលគឺខ្ពស់ជាងប្រទេសម៉ាឡេស៊ី០,៨%។ ចំណែកប្រទេសថៃ នឹងដំឡើង៤,៧% ហើយប្រទេសសិង្ហបុរី នឹងដំឡើង៤,៤% ដែលជាកម្រិតទាបជាងគេ។
របាយការណ៍នេះក៏បានសង្កត់ធ្ងន់ដែរថា ការដំឡើងប្រាក់បៀវត្សរ៍នេះ មានភាពខុសគ្នាទៅតាមវិស័យនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយវិស័យបច្ចេកវិទ្យា និងផលិតកម្ម នឹងកើនខ្ពស់ជាងគេបំផុត៥,៨% ចំណែកវិស័យលក់រាយ ការប្រឹក្សា អាជីវកម្ម សេវាកម្មសហគមន៍ និងវិទ្យាសាស្ត្រ និងឧបករណ៍វេជ្ជសាស្ត្រគ្រោងនឹងកើនឡើង៥,៤%។ រីឯវិស័យថាមពល សេវាហិរញ្ញវត្ថុ និងឧស្សាហកម្មដឹកជញ្ជូននឹងកើនឡើងក្រោម៤% ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ មង្គល