អង្គការពលកម្មអន្តរជាតិ បានគូសបញ្ជាក់ថា អត្រាគ្មានការងារធ្វើរបស់យុវជនទូទាំងពិភពលោកបានកើនពីអត្រា១២,៣% ក្នុងឆ្នាំ២០២៣ ឈានដល់១២,៤% ក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើងលើកដំបូង បន្ទាប់ពីការងើបឡើងវិញក្រោយផ្ទុះវិបត្តិកូវីដ-១៩។ ក្នុងចំណោមយុវជនប្រមាណ២៥៧លាននាក់ដែលគ្មានការងារធ្វើទូទាំងពិភពលោក មានយុវជវ៦៧លាននាក់មានអាយុចន្លោះពី១៥ឆ្នាំដល់២៤ឆ្នាំ។ នៅក្នុងបណ្ដាប្រទេសអារ៉ាប់ យុវជនគ្មានការងារធ្វើមានអត្រាខ្ពស់បំផុតដល់ទៅ២៦,២% បន្ទាប់មកអាហ្វ្រិកខាងជើងមានអត្រា២២,៦% ខណៈទ្វីបអាម៉េរិកខាងជើងកើនដល់ជិត១០%។
អង្គការពលកម្មអន្តរជាតិ បានអះអាងថា ការធ្លាក់ចុះនៃការងារជំនាញកម្រិតមធ្យមដូចជាការងារការិយាល័យ ការលក់ និងការផលិតកំពុងធ្វើឱ្យយុវជនកាន់តែពិបាកចូលទីផ្សារការងារ ហើយវិបត្តិនេះអាចកាន់តែធ្ងន់ធ្ងរដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ ទិន្នន័យបានបង្ហាញថា ប្រមាណជាង៦% នៃការងារដែលកាន់កាប់ដោយយុវជនអាយុចន្លោះពី១៥ឆ្នាំដល់២៩ឆ្នាំស្ថិតក្នុងក្រុម ដែលងាយរងផលប៉ះពាល់ពីបច្ចេកវិទ្យា AI។ ប្រសិនបើត្រឹមតែ១០% នៃការងារទាំងនេះបាត់បង់ នោះអាចនឹងមានយុវជនប្រមាណ៥,៦លាននាក់ប្រឈមនឹងការបាត់បង់ការងារ ឬត្រូវប្តូរអាជីព។
ទន្ទឹមនេះនៅបណ្ដាប្រទេសដែលមានចំណូលទាប និងមធ្យមកម្រិតទាបជួបវិបត្តិកាន់តែធ្ងន់ ដោយក្នុងចំណោមយុវជន១០នាក់ដែលមានការងារ គឺមានរហូតដល់ទៅជិត៩នាក់ទៅហើយដែលកំពុងធ្វើការក្រៅប្រព័ន្ធ និងខ្វះការគាំពារផ្នែកការងារ។ សរុបមកយុវជនកំពុងប្រឈមការលំបាកក្នុងការរកការងាររួចទៅហើយ ខណៈបច្ចេកវិទ្យា AI អាចក្លាយជាកត្តាថ្មីមួយទៀត ដែលធ្វើឱ្យការរកការងារដំបូងកាន់តែប្រកួតប្រជែង និងពិបាកជាងមុន៕