លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ដែរថា គណៈប្រតិភូ មកពីអាមេរិក ចូលរួមស្វែងរកឱកាសវិនិយោគទៅលើវិស័យកសិកម្ម នៅកម្ពុជា ដោយពួកគេបានសំឡឹងឃើញថា កម្ពុជា ត្រូវការចំណេះដឹងបន្ថែមលើវិស័យកសិកម្ម បច្ចេកវិទ្យាលើការដាំដុះ និងគ្រប់គ្រងប្រកបដោយនិរន្តរភាព ជាពិសេស សន្តិសុខស្បៀងអាហារ ស្របទៅតាមស្តង់ដារនៃទីផ្សារសកលលោក ហើយវាជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់កសិករកម្ពុជា អាចបង្កើនទិន្នផលកសិកម្ម បង្កើនប្រាក់ចំណូល និងដើរទាន់បច្ចេកវិទ្យាកសិកម្មនាពេលអនាគត ដែលជំរុញឲ្យពួកគាត់អាចធ្វើការនាំចេញទៅក្រៅប្រទេសថែមទៀតផង។
ឯកអគ្គរដ្ឋទូតអាមេរិក បន្តថា ក្រុមហ៊ុនធំៗទាំងអស់នេះ មានដូចជា Amazon, IBM, Jonh Deer មានជំនាញលើ ផ្នែកកសិកម្ម និងបច្ចេកវិទ្យា ដែលអាចព្យាករណ៍ពីអាកាសធាតុ គ្រោះធម្មជាតិ អាចសិក្សាពីសណ្ឋានដីនៅកម្ពុជា ថាគួរប្រើប្រាស់បែបណាល្អនិងទទួលបានទិន្នផលខ្ពស់ អាចគ្រប់គ្រងទៅលើការដាំដុះ និងស្រោចស្រពឲ្យត្រូវតាមស្តង់ដារ ជាពិសេសគឺ ការពិនិត្យទៅលើស្តង់ដារសុវត្ថិភាពស្បៀងអាហារ ដើម្បីស្របតាមស្តង់ដារទីផ្សារសកលលោក។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញមតិស្វាគមន៍ចំពោះ ចំណាប់អារម្មណ៍វិនិយោគរបស់ក្រុមហ៊ុនអាមេរិកទាំងអស់នេះ ដោយរំពឹងថា ពួកគេ នឹងអាចស្វែងរកដៃគូវិនិយោគក្នុងស្រុក បានត្រឹមត្រូវ និងឆាប់រហ័ស ដើម្បីសហការគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ឲ្យកើនឡើងមួយកម្រិតទៀត។
ឯកឧត្តម ប៉ាន សូរស័ក្តិ បន្ថែមថា ឱកាសនៃការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជា គឺនៅមានច្រើនផ្នែកដូចជា គ្រាប់ធុញ្ញជាតិ ជី ចំណីសត្វ ស្តុកទុកទំនិញ គ្រឿងចក្រធំៗ រោងចក្រកែច្នៃ វេចខ្ចប់ បច្ចេកវិទ្យាបៃតង និងសេវាកម្មដឹកជញ្ជូនជាដើម ហើយអ្នកវិនិយោគបរទេស នឹងទទួលបានកញ្ចប់លើកទឹកចិត្តជាច្រើនក្នុងការសម្រេចចិត្តវិនិយោគនៅកម្ពុជា។
លោក អេឡែន ឌី តាន់ ប្រធានក្រុមប្រឹក្សាភិបាលសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ក៏បានលើកឡើងដែរថា ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានកំណើនល្អលើគ្រប់វិស័យ ទាំងវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ហើយបញ្ហាប្រឈម នាពេលបច្ចុប្បន្នគឺ បច្ចេកវិទ្យា ឱកាសនៃការចាប់ដៃគូវិនិយោគ និងកត្តាបម្រែបម្រួលអាកាសធាតុ។ ដូច្នេះហើយ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នឹងដើរតួជាអ្នកសម្របសម្រួលកិច្ចការរវាង វិនិយោគិនអាមេរិក និងវិនិយោគកម្ពុជា ឲ្យកាន់តែងាយស្រួល និងប្រសើរឡើង ដើម្បីជាចំណែកមួយ ក្នុងការជួយរុញច្រានកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។
គួរជម្រាបដែរថា តាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជា សម្រេចបានប្រមាណ ៥,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១១ខែ ដើមឆ្នាំ ២០១៩ ក្នុងនោះ កម្ពុជា សម្រេចបានការនាំចេញ ៤,៩ ពាន់លានដុល្លារអាមេរិក ភាគច្រើនជាផលិតផលកាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងអង្ករ៕