
កម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថលមួយនេះ បានចាប់ដំណើរការពីខែមិថុនាដល់ខែតុលា ឆ្នាំ ២០២២ ដោយមានគោលបំណង បណ្តុះបណ្តាលសិស្សវិទ្យាល័យអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើអ៊ីនធឺណិត រួមមានការប្រឆាំងនឹង ការគំរាមកំហែងប្រចាំថ្ងៃ ដូចជាការលួចពត៌មាន ការឆ្លងមេរោគក្នុងកម្មវិធីប្រើប្រាស់ និង ការឆបោកតាមប្រព័ន្ធអនឡាញជាដើម។ ក្នុងនោះផងដែរគម្រោងក៏បានបង្រៀនអំពីការប្រើប្រាស់អ៊ិនធឺណិតក្នុងការស្វែងរកឯកសារ និងប្រភពពត៌មាន ដែលអាចជឿទុកចិត្តបានផងដែរ។ គម្រោងទាំងមូល បានរៀបចំនូវសិក្ខាសាលាសរុបចំនួន៣ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមមានសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថលដំបូងបង្អស់នៅក្នុងខេត្តកំពង់ធំកាលពីខែមិថុនា សិក្ខាសាលាបន្ទាប់នៅខេត្តកំពង់ចាមក្នុងខែសីហា និងសិក្ខាសាលានៅខេត្តកំពង់ឆ្នាំងក្នុងខែតុលា ក្នុងឆ្នាំ២០២២នេះ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា «អក្ខរកម្មឌីជីថល និងសុវត្ថិភាពនៅលើប្រព័ន្ធអនឡាញ ពិតជាមានសារៈសំខាន់ណាស់នៅក្នុងសង្គមបច្ចុប្បន្ន ព្រោះយើងទាំងអស់គ្នាចំណាយពេលច្រើនលើអ៊ីនធឺណិត ហើយក៏ពឹងផ្អែកខ្លាំងលើសេវាបណ្តាញអ៊ីនធឺណែតផងដែរ។ Smart Axiata ពិតជាមានមោទនភាព ដែលអាចចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា និងចូលរួមការពារយុវជន ក៏ដូចជាប្រជាជនកម្ពុជាបន្ថែមទៀតតាម រយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល ដើម្បីចូលរួមធានាថាយុវជនកម្ពុជាអាចប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។»
ឯកឧត្តម សិរី ជំនះ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «តាមរយៈការចូលរួមរបស់វិទ្យាល័យនានាក្នុងខេត្តទាំងបី ដែលរួមមាន ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង យើងសង្ឃឹមថានឹងចូលរួមចំណែកជំរុញការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងចីរភាព ដើម្បីឈានទៅដល់ការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលជួយឲ្យយុវជនកម្ពុជាឈានមុខគេក្នុងការអភិវឌ្ឍន៍ឌីជីថល ដោយផ្អែកលើគោលនយោបាយឌីជីថលឆ្នាំ ២០២២-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថល ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេស។»


បន្ទាប់ពីការចូលរួមក្នុងវគ្គបណ្តុះបណ្តាលយ៉ាងសកម្ម សិស្សានុសិស្សក៏បានចូលរួមក្នុងការប្រកួតប្រជែង ផលិតវីដេអូអប់រំស្តីពីអក្ខរកម្មឌីជីថល ក្រោមប្រធានបទ «ចំណេះដឹងឌីជីថល និងសុវត្ថិភាពអនឡាញ» ។ ជ័យលាភីលេខមួយបានទៅលើសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម ដែលផ្តោតសំខាន់ទៅលើ «ការចែករំលែកព័ត៌មានមិនច្បាស់លាស់» និងចំណាត់ថ្នាក់លេខពីរ ដែលផ្តោតសំខាន់ទៅលើ «ការបង្កើតពាក្យសម្ងាត់ដែលរឹងមាំសម្រាប់គណនីនៃបណ្តាញសង្គម» បានទៅលើសិស្សានុសិស្សពីវិទ្យាល័យកំពង់ធំ ខណៈដែលចំណាត់ថ្នាក់លេខបី បានទៅសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែន រលាប្អៀរ ដែលផ្តោតសំខាន់ទៅលើ «ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត»។

ជាមួយនឹងបេសកកម្មក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍លេខ ១ និងជាទីស្រលាញ់ពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata ព្យាយាមខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវបេសកកម្មរបស់ខ្លួនក្នុងការជំរុញរបៀបរស់នៅបែបឌីជីថលនៅកម្ពុជា និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយគម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក៕