នាពិធីបើកសិក្ខាសាលាស្តីពី «លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈ Alibaba.com» នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួងពាណិជ្ជកម្ម វិស័យឯកជន និងក្រុមការងារក្រុមហ៊ុនអាលីបាបា ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការជិតស្និទ្ធ ដោយទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលលោកជំទាវមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងអាចទាញយកអត្ថប្រយោជន៍ជាអតិបរិមា ដើម្បីពងី្រកវិសាលភាពក្នុងការនាំចេញផលិតផលខ្មែរ ពង្រឹងលទ្ធភាពក្នុងការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅក្នុងទីផ្សារអន្តរជាតិ។
ទន្ទឹមនេះ លោកជំទាវ ចម និម្មល ក៏បានស្នើ និងលើកទឹកចិត្តដល់ក្រុមហ៊ុន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចូលរួមដាក់ផលិតផលខ្មែរ និងប្រើប្រាស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ដោយឥតគិតថ្លៃ និងសិក្សាអំពីលទ្ធភាពក្នុងការចូលរួមជាមួយផ្សារពាណិជ្ជកម្ម Alibaba.com ដើម្បីដាក់លក់ និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ផ្សេងៗទៀត ដើម្បីគាំទ្រ និងជំរុញបន្ថែមនូវការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងជំរុញកិត្តិនាមផលិតផលកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង និងទទួលស្គាល់ពីគុណភាព ស្តង់ដាររបស់ខ្លួនពីអ្នកប្រើប្រាស់អន្តរជាតិផងដែរ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីជំរុញការប្រើប្រាស់ថ្នាល Alibaba.com ក៏ដូចជាលើកកម្ពស់កិត្តិនាម និងជំរុញការនាំចេញផលិតផលខ្មែរផងដែរ ដោយក្នុងនោះរួមមាន៖ ទី១. ត្រូវរៀបចំគោលការណ៍ណែនាំ និងវីដេអូខ្លីៗ អំពីរបៀបប្រើប្រាស់ថ្នាល Alibaba.com នេះ ដើម្បីឱ្យវិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមកម្ពុជា មានភាពងាយស្រួលយល់ និងប្រើប្រាស់, ទី២. ជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជួយសម្របសម្រួលបន្ថែម ដើម្បីឱ្យវិស័យឯកជន និងធុរជន ដែលមានផលិតផលសក្តានុពល អាចឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវ និងអាចនាំចេញបានតាមរយៈយន្តការនេះ, ទី៣. បន្តសហការជាមួយក្រុមហ៊ុនអាលីបាបា ក្នុងការតាមដាន និងវិភាគតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយបន្ថែមដល់វិស័យឯកជន និងធុរជនកម្ពុជា សម្រាប់ជាការត្រៀមខ្លួន និងគិតគូរក្នុងការផ្គត់ផ្គង់ផលិតផលដែលអតិថិជនត្រូវការនាពេលបច្ចុប្បន្ន និងអនាគត, ទី៤. បន្តផ្សព្វផ្សាយ បណ្តុះបណ្តាល និងផ្តល់ការប្រឹក្សាផ្នែកបច្ចេកទេស សំដៅកៀរគរ និងជួយសម្របសម្រួលបន្ថែមដល់ការចូលរួមរបស់ធុរជនកម្ពុជា នៅក្នុងយន្តការនេះ និងទី៥. ក្រសួង-ស្ថាប័ន និងវិស័យឯកជនក្នុងស្រុក និងអន្តរជាតិ បន្តសហការឱ្យបានជិតស្និទ្ធ ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា៕