ក្រុមអ្នកប្រកបរបរក្នុងវិស័យនេះ បានចាត់ទុកការហូរចូលទំនិញពីទីផ្សារខាងក្រៅ គឺជាឧបសគ្គដ៏ធំមួយសម្រាប់វិស័យ SME របស់កម្ពុជា ហើយបញ្ហានេះ ក៏នៅតែប្រឈមខ្លាំងសម្រាប់វិស័យ SME កម្ពុជា នាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ក្រុមអ្នកប្រកបរបរក្នុងវិស័យនេះ ស្នើឲ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់ និងកាត់បន្ថយការនាំចូលទំនិញដែលខ្មែរអាចផលិតបាន ដើម្បីជួយលើកកម្ពស់វិស័យ SME កម្ពុជា និងជំរុញតម្លៃទំនិញក្នុងស្រុក។
ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកត់សម្គាល់ឃើញថា បើទោះជាកន្លងមកវិស័យ SME មានការជួយជ្រោមជ្រែងយ៉ាងសកម្មពីសំណាក់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានាក្តី តែវិស័យនេះនៅតែជួបបញ្ហាប្រឈម ជាពិសេសទាក់ទងនឹងការហូរចូលផលិតផលសម្រេចពីខាងក្រៅតែម្ដង។ លោកឧកញ៉ាអះអាងថា ការហូរចូលទំនិញពីខាងក្រៅចូលមកទីផ្សារកម្ពុជាកំពុងជះឥទ្ធិពលអវិជ្ជមានមកលើវិស័យ SME នៅកម្ពុជា ស្របពេលដែលវិស័យនេះបន្តជួបបញ្ហាប្រឈមមួយចំនួនស្រាប់ទៅហើយ។ សម្រាប់អ្នកជំនាញរូបនេះ បច្ចុប្បន្នការផ្គត់ផ្គង់តម្រូវការក្នុងប្រទេសកម្ពុជា ហាក់លែងសូវក្លាយជាបញ្ហាប្រឈមទៀតហើយ ពោលគឺកម្ពុជាកាន់តែមានលទ្ធភាពផលិតក្នុងការផលិតទំនិញ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ក្នុងន័យនេះ អ្នកជំនាញរូបនេះស្នើឱ្យរាជរដ្ឋាភិបាលជួយទប់ស្កាត់និងកាត់បន្ថយការនាំចូលទំនិញណា ដែលកម្ពុជាអាចផលិតបាន ដើម្បីជួយលើកកម្ពស់តម្លៃផលិតផលផលិតក្នុងស្រុក និងវិស័យ SME នៅកម្ពុជា
ស្រដៀងគ្នានេះ ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី បានកត់សម្គាល់ឃើញថា វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅមួយរយៈចុងក្រោយនេះ ហាក់មានការប្រែប្រួលគួរឲ្យកត់សម្គាល់ ក្រោយមានការជួយជ្រោមជ្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះតែម្តង។ បើទោះបីវិស័យសហគ្រាសធុនតូច និងមធ្យមមានការប្រែប្រួល និងកាន់តែរីកចម្រើនក៏ពិតមែន ក៏ប៉ុន្តែសម្រាប់ឧកញ៉ា កែវ មុំ ការនាំចូលផលិតផលដែលកម្ពុជាអាចផលិតបានដោយខ្លួនឯងពីខាងក្រៅនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យ SME កម្ពុជា។
ឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបាននិងកំពុងកើតមាននៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានេះ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ និងបានដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្តជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តដល់វិស័យ SME នៅកម្ពុជា។ ជាក់ស្តែងកាលពីពេលថ្មីៗ រាជរដ្ឋាភិបាលបានជំរុញ និងលើកទឹកចិត្តដល់គ្រប់ធនាគារទាំងអស់នៅកម្ពុជាបន្តផ្ដល់ឥណទានសម្រាប់វិស័យ SME និងការរៀបចំបង្កើតជាបណ្ដុំសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាគោលនយោបាយលើកទឹកចិត្តផ្សេងៗទៀត សំដៅជួយលើកកម្ពស់វិស័យ SME នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
សូមបញ្ជាក់ថា វិស័យសហគ្រាសធុនតូច និងមធ្យម(SME) បានដើរតួនាទីយ៉ាងសំខាន់ និងក្លាយជាវិស័យស្នូលមួយដ៏សំខាន់មួយក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែងបច្ចុប្បន្នមានសហគ្រាសធុនតូច និងមធ្យមប្រមាណ៩៨% នៃសហគ្រាសសរុបទូទាំងប្រទេសកម្ពុជា ដោយបានរួមចំណែកប្រមាណ៥៨% នៃផលិតផលក្នុងស្រុកសរុប(GDP) និងបានបង្កើតការងារប្រមាណ៧០% នៃកម្លាំងពលកម្មសរុប៕