បន្ទាប់ពីស្ថានភាពនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្បើយ នៅអំឡុងខែឧសភា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានធនាគារសហគ្រាសធុនតូច និងមធ្យម ជាសេនាធិការ បានចាប់ផ្ដើមអនុវត្តគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ១៥០លានដុល្លារ ដើម្បីទ្រទ្រង់ និងស្តារវិស័យទេសចរណ៍ ដែលរងគ្រោះដោយសារវិបតិ្តកូវីដ១៩។
បើតាម លោក លឹម អូន បន្ទាប់ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានដាក់ឱ្យអនុវត្តតាំងពីខែឧសភាមក ម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ចំនួន១៩០ បានដាក់សំណើកម្ចី ដោយក្នុងនោះសំណើចំនួន ១៨៨ ត្រូវបានអនុម័ត ដោយមានទំហំប្រាក់កម្ចី ២៥លានដុល្លារ នៃទំហំកញ្ចប់ហិរញ្ញប្បទានសរុប ១៥០លានដុល្លារ។
កន្លងមក អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានលើកឡើងថា ទោះបីជា មានកញ្ចប់កម្ចីសម្រាប់អាជីវកម្មទេសចរណ៍នេះក្ដី ប៉ុន្ដែ អាជីវកម្មទេសចរណ៍ភាគច្រើន មិនអាចបំពេញតាមលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីអាចទទួលបានប្រាក់កម្ចីនេះនោះទេ។
ដើម្បីសម្រួលដល់ការទទួលបានកម្ចីនេះដែរ ថ្មីៗនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម រួមជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ បាននិងកំពុងរៀបចំធ្វើវិសោធនកម្មលើលក្ខខណ្ឌមួយចំនួន នៃគម្រោងសហហិរញ្ញប្បទាន ស្ដារ និងជំរុញកំណើនក្នុងវិស័យទេសចរ។
ក្នុងនោះដែរ លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម បានជំរុញឲ្យគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ បង្កើនល្បឿននៃការបញ្ចេញឥណទានឲ្យបានច្រើន និងឆាប់រហ័ស ដើម្បីផ្ដល់ការគាំទ្របានទាន់ពេលវេលាដល់វិស័យទេសចរណ៍ តាមរយៈការបន្ថយលក្ខខណ្ឌតម្រូវមួយចំនួន ដែលអាចធ្វើបាន ព្រមទាំងលើកទឹកិច្តឲ្យប្រើប្រាស់សេវាធានាឥណទានរបស់ សាជីវកម្មធានាឥណទានកម្ពុជា ដែលជាយន្តការមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានផងដែរ។
សូមបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាច ស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យម។ គម្រោងនេះទៀតសោត មានទំហំទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ៧៥លានដុល្លារ តាមរយៈសហគ្រាសធុនតូចនិងមធ្យម និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ចំនួន៧៥លានដុល្លារ។ ម្ចាស់អាជីវកម្មម្នាក់ អាចដាក់ពាក្យស្នើសុំកម្ចី រហូតដល់ទំហំទឹកប្រាក់ ៤០ម៉ឺនដុល្លារ ក្នុងអត្រាការប្រាក់ ៦,៥% និងមានរយៈពេលរហូត ៧ឆ្នាំ៕