បាតុកម្ម

ពលរដ្ឋប្រមាណ៤៥ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលកក្រើកប្រទេសបារាំង


ផ្តើមចេញពីវិបត្តិអប់រំដ៏ចម្រូងចម្រាស គ្រូបង្រៀន អាណាព្យាបាល និងយុវសិស្សបារាំងប្រមាណពី ២៥ម៉ឺនទៅ៤៥ម៉ឺននាក់បាននាំគ្នាតវ៉ាយ៉ាងខ្លាំងក្លារហូតក្លាយជាអំពើហិង្សាពាសពេញផ្ទៃប្រទេស។ ទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗបានរាយការណ៍ថា ការធ្វើបាតុកម្មលើកនេះមានស្ថានភាពអាក្រក់ខ្លាំងមិនធ្លាប់មាន ដោយការតវ៉ាបានរីករាលដាលលឿនចេញពីបញ្ហាការអប់រំ ឈានដល់ការប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច និងបំណុលសាធារណៈរបស់ជាតិ។
បាតុកម្ម
ដោយ

រលក នៃកំហឹងដែលកើតចេញពីការមិនពេញចិត្តលើប្រព័ន្ធអប់រំ និងជំហរឆ្លើយតបមិនច្បាស់លាស់របស់រដ្ឋាភិបាលបានជំរុញឱ្យក្រុមគ្រូបង្រៀន អាណាព្យាបាល និងសិស្សានុសិស្សទូទាំងប្រទេសបារាំងបាននាំគ្នាធ្វើបាតុកម្មតវ៉ាយ៉ាងហិង្សាកាលពីថ្ងៃអង្គារ ទី៦ ខែតុលា។ ទាក់ទិននឹងចំនួនអ្នកចូលរួម អាជ្ញាធរបារាំងបានអះអាងថា មានបាតុករជាង២៥ម៉ឺននាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រុមអ្នករៀបចំការតវ៉ាបានគូសបញ្ជាក់ថា ចំនួនអ្នកជួបជុំពិតប្រាកដបានកើនឡើងរហូតដល់ទៅ៤៥ម៉ឺននាក់ឯណោះ។
លោក សេបាស្ដៀន ឡេក័រនូ (Sébastien Lecornu) នាយករដ្ឋមន្ត្រីបារាំងបានគូសបញ្ជាក់នៅចំពោះមុខសភាថា នេះជាបាតុកម្មហិង្សាបង្ហូរឈាម និងអាក្រក់បំផុត ដែលបារាំងមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ។
រលកបាតុកម្មប្រឆាំងនេះបានគ្របដណ្តប់ស្ទើរគ្រប់ទិសទី។ ដើម្បីបង្ក្រាប និងបំបែកក្រុមបាតុករដែលកំពុងផ្ទុះកំហឹង កងកម្លាំងនគរបាលបារាំងបានសម្រេចប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកនៅតាមចំណុចក្តៅនៃការហែក្បួនក្នុងក្រុងសំខាន់ៗដូចជាប៉ារីស, ស្រ្តាសប៊ួរ, រ៉េន និងទូលូសជាដើម។
លោកនាយករដ្ឋមន្ត្រីបារាំងបានអះអាងថា គិតមកទល់ពេលនេះការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងកងកម្លាំងបានបណ្តាលឱ្យយុវជនយ៉ាងហោចណាស់២១៥នាក់ បុគ្គលិកសាលា៨៥នាក់ និងមន្ត្រីនគរបាលរហូតដល់៧០០នាក់រងរបួស។ ដោយឡែកក្រសួងមហាផ្ទៃបារាំងបានគូសបញ្ជាក់ថា មនុស្សយ៉ាងតិច ៤៨៨នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។
ដើមចមនៃកំហឹងរបស់មហាជននេះ គឺផ្តើមចេញពីការធ្លាក់ចុះគុណភាពអប់រំ និងការបាត់បង់តម្លៃ នៃប្រព័ន្ធអប់រំនៅបារាំង ហើយបានរុញច្រានឱ្យក្លាយជាវិបត្តិសង្គមដ៏ធំ ដោយប្រជាជនបានបង្វែរការតវ៉ាទៅលើបញ្ហាបំណុលសាធារណៈ សុខមាលភាពសង្គម និងស្ថានភាពសេដ្ឋកិច្ចជារួមដែលកំពុងដុនដាប៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កម្មវិធីពិព័រណ៍សុខភាព MH WellFest កម្ពុជា ២០២៦ បើកទំព័រថ្មីនៃ ការតភ្ជាប់ការថែរក្សា និងថែទាំសុខភាពក្នុងតំបន់អាស៊ាន

ភ្នំពេញថ្ងៃទី៤​ ខែតុលា​ ឆ្នាំ២០២៦ - ធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី រួមជាមួយក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) បានបិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ