សារព័ត៌មានសិង្ហបុរី CNA បានរាយការណ៍កាលពីថ្ងៃទី៥ ខែតុលា ថា ទីក្រុងប៉េកាំង បានព្រមានធ្ងន់ៗទៅកាន់ទីក្រុងម៉ានីល ឱ្យបញ្ឈប់រាល់សកម្មភាពដែលខ្លួនចាត់ទុកថា ជាការបង្កហេតុលើដែនអាកាសក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយចោទប្រកាន់យន្តហោះហ្វីលីពីន១គ្រឿងថា បានរំលោភអធិបតេយ្យភាពរបស់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅ។ ថ្វីបើតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ធ្លាប់បានសម្រេចបដិសេធ និងបញ្ជាក់ថា ការទាមទារកម្មសិទ្ធិស្ទើរតែទាំងស្រុងរបស់ចិនលើផ្ទៃសមុទ្រភាគច្រើនក្នុងតំបន់នេះគ្មានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំង នៅតែបន្តអះអាងថា ជាអធិបតេយ្យភាពរបស់ខ្លួន ដែលជាហេតុធ្វើឱ្យការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរកើតឡើងជាញឹកញាប់។
កងទ័ពហ្វីលីពីន បានគូសបញ្ជាក់ថា យន្តហោះល្បាតធុនតូចប្រភេទ Cessna 208 របស់ខ្លួន ត្រូវបានយន្តហោះចម្បាំងចិន បើកឆ្វែល និងបង្កការរំខានយ៉ាងធ្ងន់ធ្ងរ ខណៈពេលកំពុងបំពេញបេសកកម្មហោះល្បាតតាមទម្លាប់ជាប្រចាំនៅជិតតំបន់ថ្មឆុរ ស្កាបូរ៉ៅ កាលពីថ្ងៃទី៣ ខែតុលា។ ឆ្លើយតបនឹងបញ្ហានេះ ទីបញ្ជាការដ្ឋានភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងវិញថា យន្តហោះហ្វីលីពីនទៅវិញទេ ដែលបានឈ្លានពានចូលក្នុងដែនអាកាសលើកោះ ហួងយ៉ាន ដោយខុសច្បាប់។
អ្នកនាំពាក្យយោធាចិន លោក ហ្សៃ ស៊ីចេន (Zhai Shichen) បានបញ្ចាក់នៅលើបណ្តាញសង្គមថា កងទ័ពជើងទឹក និងអាកាសរបស់ចិន បានតាមដាន និងឃ្លាំមើលយន្តហោះហ្វីលីពីននោះយ៉ាងយកចិត្តទុកដាក់ ព្រមទាំងបានចេញបញ្ជាដេញចេញស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ លោកបានសង្កត់ធ្ងន់ថា ទង្វើរបស់ហ្វីលីពីន បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ចិន ហើយបានព្រមានទីក្រុងម៉ានីល ឱ្យបញ្ឈប់ការរំលោភសិទ្ធិ និងសកម្មភាពបង្កហេតុទាំងនេះជាបន្ទាន់។
ភ្លាមៗនោះ កងទ័ពហ្វីលីពីន ក៏បានចេញសេចក្តីថ្លែងការណ៍តបតវិញកាលពីថ្ងៃទី៤ ខែតុលា ដោយទម្លាយថា យន្តហោះចម្បាំងចិន ប្រភេទ J-16 បានហោះចូលមកជិតយន្តហោះល្បាតរបស់ខ្លួន រួចបើកឆ្វែលជុំវិញ និងហោះឆាបប្រកៀកពីមុខជាច្រើនលើក ព្រមទាំងបើកប្រដេញតាមពីក្រោយក្នុងចេតនាគំរាមកំហែង៕
អត្ថបទៈ សួន ឡង់ទី