ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យម ជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ យ៉ាងណាក៏ដោយ ឯកឧត្តម សង្កេតឃើញថា វិស័យនេះនៅតែជួបប្រឈមបញ្ហាមួយចំនួន ពិសេសបញ្ហាក្នុងការទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តែយ៉ាងណាបញ្ហានេះមិនមែនកើតឡើងសម្រាប់តែ SME នៅកម្ពុជានោះទេ ពោលគឺវិស័យ SME នៅប្រទេសផ្សេងៗក៏ជួបបញ្ហាដូចគ្នានេះដែរ។
បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញយន្តការផ្សេងៗ ដើម្បីជួយដោះស្រាយបញ្ហានេះ តួយ៉ាងរាជរដ្ឋាភិបាលបានបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ដោយបានដាក់ទុនរាប់រយលានដុល្លារសម្រាប់ផ្តល់កម្ចីហិរញ្ញប្បទាន សម្រាប់ជួយទ្រទ្រង់ដល់វិស័យ SME នៅកម្ពុជា។ មិនតែប៉ុណ្ណោះ ក៏មានបណ្តាធនាគារឯកជនមួយចំនួនទៀត បានចូលរួមសម្របសម្រួលជួយគាំទ្រក្នុងការផ្តល់កម្ចីដល់វិស័យ SME នៅកម្ពុជាផងដែរ។
ជុំវិញការពិបាកទទួលបានកម្ចីរបស់វិស័យ SME លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា កត់សម្គាល់ឃើញថា នៅ១០ឆ្នាំមុន ការទទួលបានឥណទានរបស់វិស័យ SME ហាក់មានភាពល្អប្រសើរជាងពេលបច្ចុប្បន្ននេះ។ អ្នកជំនាញរូបនេះ បានអះអាងថា ដើម្បីងាយស្រួលក្នុងការទទួលបានឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អ្នករកស៊ីក្នុងវិស័យ SME ត្រូវរៀបចំរបាយរបាយការណ៍ហិរញ្ញវត្ថុ ផែនការអាជីវកម្ម និងប្រវត្តិអាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដ្បិតកត្តាទាំងនេះជាតម្រូវការចាំបាច់របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តល់ហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ជាង៥០០លានដុល្លារអាម៉េរិក ដល់សហគ្រាសជាង៣ពាន់ តាមរយៈគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទាន ដែលសហការជាមួយស្ថាប័នហិរញ្ញវត្ថុចូលរួម។ ក្នុងនោះវិស័យទាក់ទងនឹងការកែច្នៃ និងកម្មន្តសាលបានក្តោមចំណែកទីផ្សាររហូតដល់ជាង៥០% នៃទំហំទឹកប្រាក់ដែលបានផ្តល់៕