លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញវិស័យទេសចរណ៍ ដែលមានទំហំ១៥០លានដុល្លារ សម្រាប់ជួយដល់អាជីវកម្មទេសចរណ៍ ដែលរងគ្រោះដោយសារកូវីដ-១៩ ទើបបញ្ចេញអស់ចំនួនជិត៦០លានដុល្លារ ឬស្មើនឹងជិត៤០% នៃទំហំទឹកប្រាក់សរុបប៉ុណ្ណោះ។
ភាពយឺតយ៉ាងនេះ ត្រូវបានថ្នាក់ដឹកនាំរូបនេះអះអាងថា ដោយសារបច្ចុប្បន្នការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាហាក់នៅមានកម្រិត ដែលមិនទាន់អាចឆ្លើយតបតាមការរំពឹងទុកនៅឡើយ ជាពិសេសខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។ ម្យ៉ាងវិញទៀត ដោយសារគម្រោងសហហិរញ្ញប្បទាននេះ មានការចូលរួមថវិកាបដិភាគពាក់កណ្តាលពីគ្រឹះស្ថានហិរញ្ញវត្ថុឯកជនជាដៃគូផ្សេងទៀត ដូច្នេះហើយការផ្តល់ឥណទានទៅដល់អតិថិជន ធនាគារត្រូវមានការទទួលខុសត្រូវ និងមានភាពជាក់លាក់ ដើម្បីធានាថាបន្ទាប់ពីការផ្តល់ឥណទាននេះហើយ គឺមិនមានហានិភ័យដល់ធនាគារ។
បើតាមលោកបណ្ឌិត លឹម អូន បន្ទាប់ពីមើលឃើញពីភាពលំបាក និងភាពស្មុគស្មាញក្នុងការទទួលបានកម្ចីឥណទានពីធនាគារជាដៃគូបែបនេះ ថ្មីៗនេះរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការអនុវត្តកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងទឹកប្រាក់ចំនួន៥០លានដុល្លារបន្ថែម។
យ៉ាងណាមិញ តាមរយៈវិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីលើកស្ទួយ និងជំរុញវិស័យទេសចរណ៍កម្ពុជាក្នុងឆ្នាំ២០២៤ ជាពិសេសជំរុញទេសចរណ៍ក្នុងខេត្តសៀមរាបនេះ លោកបណ្ឌិត លឹម អូន ជឿជាក់ថា ទុនកម្ចីថ្មីបន្ថែម៥០លានដុល្លារ សម្រាប់ជួយអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាបនឹងអាចបញ្ចេញអស់នៅឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍នេះ គឺផ្តោតសំខាន់លើវិស័យទេសចរណ៍តែមួយប៉ុណ្ណោះ ដែលម្ចាស់អាជីវកម្មក្នុងវិស័យនេះអាចស្នើសុំឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូចនិងមធ្យម។ គម្រោងនេះទៀតសោត មានទំហំទឹកប្រាក់សរុបចំនួន១៥០លានដុល្លារ ដែលបានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន៧៥លានដុល្លារ និងថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន៧៥លានដុល្លារ។ ម្ចាស់អាជីវកម្មម្នាក់ អាចដាក់ពាក្យស្នើសុំកម្ចី រហូតដល់ទំហំទឹកប្រាក់៦០ម៉ឺនដុល្លារក្នុងអត្រាការប្រាក់៦,៥%ក្នុងមួយឆ្នាំ និងមានរយៈពេលរហូតដល់៨ឆ្នាំ៕