លោក កឹម សុខា បាននិយាយនៅក្នុងសវនាការនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ ថា “ខ្ញុំគិតថា យើងមិនចំណាយពេលច្រើនទេ ខ្ញុំមិនចង់ឱ្យមេធាវីឌឺដងគ្នាទេ នៅពេលនេះ។ ខ្ញុំអត់ចង់បានអ្វីក្តៅទេ យើងមិនគួរមានក្តៅទេ យើងចង់មានត្រជាក់ទាំងអស់គ្នា។”
មុននឹងការលើកឡើងរបស់លោក កឹម សុខា បែបនេះ គឺមានការលើកឡើងតតាំងសម្ដីគ្នាទៅវិញទៅមកខ្លាំងៗ ជុំវិញថា តើគួរចាក់វីដេអូគ្លីបរបស់លោក កឹម សុខា ផ្ទាល់ ដែលមានរយ:ពេលជាង ០១ម៉ោង ឬអត់។
លោក កឹម សុខា បានបដិសេធវីដេអូរបស់តុលាការ ដែលដាក់ជាភ័ស្តុតាងដាក់បន្ទុក ថា លោកបានទទួលយោបល់ពីទីប្រឹក្សាបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល តាំងពីឆ្នាំ១៩៩៣ ដូចនៅប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។
លោក កឹម សុខា បានអះអាងថា វីដេអូខ្លីនោះមានកាត់ត ជាកំណាត់ៗ ហើយបាត់សម្ដីគាត់ខ្លះ ដែលបាននិយាយផងដែរ ថា គាត់មិនមានបំណងធ្វើបដិវត្តន៍ពណ៌នោះទេ។
លោក កឹម សុខា បាននិយាយដូច្នេះ ផងដែរថា “ខ្ញុំចង់បានដំណោះស្រាយ ខ្ញុំមិនចង់បានជម្លោះទេ។”
នៅក្នុងសវនាការ ថ្ងៃទីមួយ កាលពីថ្ងៃទី១៥ ខែមករានោះ ផងដែរ លោក គី តិច ក៏បានស្នើដល់តុលាការកុំឱ្យប្រើពាក្យចំឈ្មោះប្រទេស ស្ថាប័នអន្តរជាតិ និងបុគ្គលបរទេស ដែលមានឈ្មោះក្នុងសំណុំរឿងនេះ ដើម្បីរក្សាទំនាក់ទំនងល្អ ហើយកម្ពុជា មិនមែនជាសត្រូវរបស់ប្រទេសណានោះទេ។
សវនាការនេះ នឹងបន្តទៀតនៅសប្តាហ៍ក្រោយ៕