
នៅពេលនេះ ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងបញ្ហាក្នុងការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ អ្នកវិនិយោគទូទាំងពិភពលោក និងអ្នកគាំទ្រឱ្យជឿថា លោកនឹងមិនកប់រដ្ឋាភិបាលសហព័ន្ធក្រោមរដ្ឋបាលរបស់លោកឲ្យជាប់ផុងក្នុងវិបត្តិបំណុល ដោយសារកញ្ចប់ពន្ធរាប់ពាន់លានដុល្លារ ដែលលោកកំពុងដាក់លើប្រទេសនានា នោះទេ។ ទស្សនៈ និងក្តីមន្ទិលអំពីបញ្ហាបំណុលនេះ កំពុងកើតមានឡើងដោយសារមកទល់ពេលនេះ លោក ត្រាំ ហាក់ដូចជាមិនអាចកាត់បន្ថយឱនភាពថវិការដ្ឋដូចអ្វីដែលលោកបានសន្យានោះទេ។
លោក ម៉ាយឃើល ស្រ្តេន (Michael Strain) នាយកវិទ្យាស្ថានសិក្សាគោលនយោបាយសេដ្ឋកិច្ច និងសហគ្រាសអាម៉េរិក បាននិយាយថា ការកាត់បន្ថយការចំណាយ ក៏ដូចជាការដំឡើងពន្ធដែលមានតម្លៃរាប់ពាន់លានដុល្លារ ហាក់ដូចជាមិនទាន់បានធ្វើឱ្យសហរដ្ឋអាម៉េរិក មានភាពល្អប្រសើរនៅឡើយទេ។ ជាមួយគ្នានេះ លោក ក៏បានបង្ហាញការព្រួយបារម្ភមួយចំនួនអំពីសមត្ថភាពសភា ហើយនឹងរដ្ឋបាលរបស់សហរដ្ឋអាម៉េរិក ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ក៏ដូចជាបញ្ហាបំណុលសាធារណៈ ដែលមានការកើនឡើងជាបន្តបន្ទាប់។
ជុំវិញមតិអវិជ្ជមានពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច ក៏ដូចជាបញ្ហាបំណុល លោកស្រី ខារ៉ូលីន លីវិត (Karoline Leavitt) លេខាធិការព័ត៌មាននៅសេតវិមាន បានលើកឡើងថា ការលើកឡើងមួយចំនួនជុំវិញបញ្ហានេះមិនមែនជាសក្ខីកម្មពិតប្រាកដនោះទេ ហើយលោកស្រី បានព្យាយាមច្រានចោលរាល់ការរិះគន់នានាលើបញ្ហាសេដ្ឋកិច្ច និងបញ្ហាបំណុលរបស់រដ្ឋាភិបាលអាម៉េរិក។
នៅក្នុងខែឧសភា កន្លងទៅនេះ បំណុលសាធារណៈរបស់រដ្ឋាភិបាលអាម៉េរិក បានបន្តកើនឡើងប្រមាណ៥ទ្រីលានដុល្លារ ទោះបីជារដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្កើនប្រាក់ចំណូលពន្ធ និងកាត់បន្ថយការចំណាយនានា ក៏ដោយ។ បច្ចុប្បន្នបំណុលសាធារណៈរបស់អាម៉េរិក បានកើនឡើងដល់ជាង៣៦,១ទ្រីលានដុល្លារ៕
ដោយៈ សរ សុជាតិ