ជម្លោះចិន-លីទុយអានី

ចិនផ្អាកការនាំចូលសាច់គោពីប្រទេសលីទុយអានី ខណៈជម្លោះជាមួយតៃវ៉ាន់កើនឡើង


ជម្លោះរវាងប្រទេសចិន និងលីទុយអានី នៅតែបន្ដក្ដៅងំដដែល ដោយប្រទេសចិនបានសម្រេចផ្អាកការនាំចូលសាច់គោ ទឹកដោះគោ និងស្រាបៀរពីប្រទេសលីទុយអានីចាប់ពីសប្ដាហ៍នេះតទៅ។ ការផ្អាកនេះ បានបន្ថែមនូវភាពតានតឹងកាន់តែខ្លាំងថែមទៀត ទៅលើជម្លោះពាណិជ្ជកម្មចិន និងប្រទេសសមាជិកសហភាពអឺរ៉ុបមួយនេះ ខណៈដែលភាពល្អក់កករវាងប្រទេសទាំងពីរនេះ គឺបានផ្ដើមចេញពីបញ្ហាកោះតៃវ៉ាន់។
ចិនសម្រេចផ្អាកការនាំចូលសាច់គោ ទឹកដោះគោ និងស្រាបៀរពីប្រទេសលីទុយអានីចាប់ពីសប្ដាហ៍នេះតទៅ។
ដោយ

អាជ្ញាធរនៃប្រទេសលីទុយអានី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋបាលគយទូទៅរបស់ប្រទេសចិនបានជូនដំណឹងដល់ប្រទេសខ្លួនថា ប្រទេសចិនកំពុងបញ្ឈប់ការនាំចេញទំនិញពីលីទុយអានីទៅចិន ដោយសារតែផលិតផលមិនមានឯកសារត្រឹមត្រូវ ។ អាជ្ញាធរលីទុយអានី បានលើកឡើងថា នេះជាការជូនដំណឹងលើកដំបូង ដែលខ្លួនមិនធ្លាប់បានទទួលពីមុនមកនោះទេ ព្រោះរាល់ដងពេលនាំចូលទំនិញទៅចិន ចិនតែងតែសួររកព័ត៌មានខ្វះខាតនោះជាមុនសិន។

រដ្ឋបាលគយចិនបានបញ្ជាក់ថា ខ្លួនបានបញ្ឈប់ការនាំចូលសាច់គោលីទុយអានី ប៉ុន្តែមិនបានផ្តល់ហេតុផលជាក់លាក់ណាមួយឡើយ។

ទំនាក់ទំនងបានបែកបាក់រវាងប្រទេសចិន និង ប្រទេសលីទុយអានី បន្ទាប់ពីប្រទេសលីទុយអានីបានអនុញ្ញាតឱ្យកោះតៃវ៉ាន់បើកការិយាល័យតំណាងនៅក្នុងប្រទេសរបស់ខ្លួន ក្រោមឈ្មោះថា «តៃវ៉ាន់» ជំនួសឲ្យការប្រើឈ្មោះថា«កោះតៃវ៉ាន់នៃប្រទេសចិន»នៅក្នុងរដ្ឋធានី Vilnius របស់ខ្លួនកាលពីឆ្នាំមុន ដោយបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារយ៉ាងខ្លាំង ដ្បិតថាចិនតែងចាត់ទុកកោះនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ក្នុងនោះប្រទេសចិន បានព្រមានប្រទេសលីទុយអានី តាមរយៈ ការដាក់សម្ពាធសេដ្ឋកិច្ចពាណិជ្ជកម្មជាច្រើនលើកមកហើយដែរ ហើយក៏មានប្ដឹងជំទាស់គ្នានៅអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចូលរួមជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលីក្នុងការគាំទ្រពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសចិននៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកជុំវិញការហាមឃាត់ពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងលើប្រទេសលីទុយអានី។

គណៈកម្មការអឺរ៉ុបនិយាយថា ការនាំចេញសរុបពីប្រទេសលីទុយអានី ដែលជាសមាជិកសហភាពអឺរ៉ុបទៅកាន់ប្រទេសចិនបានធ្លាក់ចុះ ៩១ ភាគរយ នៅក្នុងខែធ្នូឆ្នាំ២០២១ បើធៀបនឹងខែធ្នូឆ្នាំ ២០២០។

ប្រទេសលីទុយអានី បានអះអាងថា ខ្លួនមិនបាននាំចេញផលិតផលអាហារ រួមទាំងសាច់គោទៅប្រទេសចិនតាំងពីដើមខែធ្នូ ឆ្នាំ ២០២១ម្ល៉េះ។

ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានបដិសេធមិនបញ្ជាក់លម្អិតអំពីការផ្អាកសាច់គោអូស្ត្រាលីនោះទេ ប៉ុន្តែបាននិយាយថា ប្រទេសលីទុយអានីគួរតែកែតម្រូវ "កំហុស" របស់ខ្លួនឡើងវិញ។

គួរបញ្ចាក់ថា ប្រទេសចិនគឺជាប្រទេសនាំចូលសាច់គោលំដាប់កំពូលរបស់ពិភពលោក ប៉ុន្ដែ ការនាំចូលសាច់គោពីប្រទេសលីទុយអានីគឺមានតិចតួចប៉ុណ្ណោះ ពោលគឺមានប្រមាណជិត ៨០០ តោនកាលពីឆ្នាំ ២០២១ ខណៈដែលចិនបាននាំចូលសាច់គោសរុបជាង២លានតោន៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APEC នៅឆ្នាំ២០២៣

ព័ត៌មាន
សេតវិមានអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា AP…

ឥណ្ឌូនេស៊ីបញ្ជាទិញយន្តចម្បាំងរបស់បារាំង Rafale ៤២គ្រឿង ស្របពេលមានភាពតានតឹងក្នុងតំបន់

ព័ត៌មាន
ក្រសួងការពារជាតិឥណ្ឌូនេស៊ី បានចុះកិច្ចសន្យាទិញយន្តហោះចម្បាំងបារាំងរ៉ាហ្វាល់ (Rafale) ចំនួន ៤២គ្រឿង ក្នុងតម្លៃដល់ទៅជាង ៨ពាន់លានដុល្លារអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ